លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ក្រមសីលធម៌​គ្រូពេទ្យ​

មួយ​រយៈពេល​កន្លងទៅ​នេះ​មហាជន​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ក្រមសីលធម៌​គ្រូពេទ្យ​ដែល​គិតគូរ​តែ​រឿង​លុយ​ជាធំ ហើយ​មិន​យកចិត្តទុកដាក់​ព្យាបាល​អ្នកជំងឺ​តាម​តួនាទី​របស់ខ្លួន ជាពិសេស​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​។ ទាក់ទង​បញ្ហា​នេះ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម គ្រួសារនិយម បានចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦ ផ្ញើជូន​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​បណ្ដា​ខេត្ត​ទូទាំងប្រទេស​។ លោក ម៉ម ប៊ុនហេង បាន​ព្រមាន​ថា​មន្ត្រី​សុខាភិបាល​រដ្ឋ និង​ឯកជន​ទាំងឡាយណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ឬ​ខ្ជីខ្ជា​ពាក់ព័ន្ធ​នឹង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​នោះ ក្រសួងសុខាភិបាល​នឹង​ចាត់វិធានការ និង​អនុវត្តន៍​វិន័យ​តាមច្បាប់​ជា​ធរមាន​ដោយ​មិនមាន​ការលើកលែង​ឡើយ​។

នៅក្នុង​លិខិត​របស់លោក ម៉ម ប៊ុនហេង ចុះ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦ បាន​រំលឹកថា​មន្ត្រី​សុខាភិបាល​ទាំងអស់​ដែល​កំពុងផ្ដល់​សេវា​សុខាភិបាល​ទាំង​សាធារណៈ​និង​ឯកជន ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បម្រើ​ជូន​អតិថិជន​។ គោរព​ក្រមសីលធម៌​ថ្លៃថ្នូរ​មិន​គិតលុយ​ជាធំ សំដី​ទន់ភ្លន់ អាកប្បកិរិយា​សមរម្យ​ក្នុងពេល​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​អ្នកជំងឺ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​សង្គ្រោះ​អាយុជីវិត​ជាបន្ទាន់ និង​ត្រូវបំពេញ​សំណុំបែបបទ​តាម​ក្រោម​។ ជាមួយគ្នានេះ​ម​ន្ត្រិ​សុខាភិបាល​ត្រូវ​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ចាក់​មាន​ហេតុផល​ត្រឹមត្រូវ និង​អនុវត្តន៍​តាម​គោលការណ៍​ចាក់​ថ្នាំ​មាន​សុវត្ថិភាព​។

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ​មហាជន​បាន​រិះគន់ថា កន្លងមក​ដោយសារតែ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អសមត្ថភាព​ទើប​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​មានការ​ធ្លាក់ចុះ​យ៉ាងគំហុក ហើយ​ក្រមសីលធម៌​របស់​គ្រូពេទ្យ​ភាគច្រើន​ធ្លាក់ចុះ​ក្នុងស្ថានភាព​ដ៏​អាក្រក់​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​។ ទន្ទឹមនឹងនេះ​ក្នុងតួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​គ្រួសារនិយម ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន មិនទាន់​ចាត់វិធានការ​លើ​អំពើពុករលួយ​ក្នុង​ក្រសួងសុខាភិបាល​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​ដែល​ធ្លាប់មាន​សាច់ញាតិ​បងប្អូន​កូនចៅ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដូចជា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យរុស្ស៊ី​) និង​មន្ទីរពេទ្យ​រដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ខេត្តបាត់ដំបង និង​ខេត្តកំពង់ឆ្នាំង​ជាដើម តែងតែ​រិះគន់​ពី​ក្រមសីលធម៌​របស់​គ្រូពេទ្យ ហើយ​កន្លងមក​លោក ម៉ម ប៊ុនហេង មិនដែល​យកចិត្តទុកដាក់​ចាត់វិធានការ​កែទម្រង់​ឲ្យ​បាន​ប្រសើរ​នោះទេ​៕

btv09-03-201614-696x396លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
health-ministry-office-cover