​លោកស្រី កែ សុវណ្ណ​រតន៍ បញ្ជាក់ថា​សេចក្តីព្រាងច្បាប់​សហជីព​កែប្រែបាន​លទ្ធផល​តិចតួច​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​គណៈកម្មការ​ទី ៨ នៃ​រដ្ឋសភា លោកស្រី កែ សុវណ្ណ​រតន៍ បាន​ថ្លែងថា​ការពិភាក្សា​កែប្រែ​ទៅលើ​សេចក្តីព្រាងច្បាប់​សហជីព​ទទួលបាន​លទ្ធផល​តិចតួច ហើយ​ចំណុច​សំខាន់ៗ​ដែលជា​ការស្នើ​របស់​ស​ហ​ជីព និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃ​ពុធ​ក៏​ពុំ​ឃើញ​មានការ​កែប្រែ​ច្រើន​ដែរ​។​

​លោកស្រី កែ សុវណ្ណ​រតន៍ បាន​ពន្យល់ថា បើសិន​ចង់​ឲ្យ​ច្បាប់​ស្តីពី​សហជីព​បម្រើ​ផលប្រយោជន៍​កម្មករនិយោជិត ភាគី​ពាក់ព័ន្ធ​គួរតែ​យកគំនិត​របស់​កម្មក​រ​សហជីព និង​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​គេ​ធ្វើការ​ពាក់ព័ន្ធ​នឹង​សហជីព​។ លោកស្រី កែ សុវណ្ណ​រតន៍ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប បាន​បញ្ជាក់ថា យើង​ឃើញថា​មានការ​កែប្រែ​តិចតួច​ណាស់​ក្រោយ​ការពិភាក្សា​លើ​ច្បាប់​ស្តីពី​សហជីព ដូច្នេះ​ច្បាប់​នេះ​វា​នៅមាន​ចំណុច​ខ្វះចន្លោះ​ជាច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ច្បាប់​ហ្នឹង​មាន​ភាពមិនច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា កាលណា​ច្បាប់​ចែង​មិន​ច្បាស់លាស់​នឹងធ្វើ​ឲ្យ​មាន​អ្នករងគ្រោះ​ដោយសារតែ​ច្បាប់​នេះ​។​

គួរ​បញ្ជាក់ថា គណៈកម្មការ​ជំនាញ​ចំនួន ២ នៃ​រដ្ឋសភា និង​ក្រសួង​ការងារ​បានបញ្ចប់​ការកែសម្រួល​ទៅលើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព និង​បាន​បញ្ជូន​សេចក្តីព្រាង​ចុងក្រោយ​នេះ​ទៅកាន់​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​នៃ​រដ្ឋសភា​ដែល​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ពិភាក្សា​កំណត់​ថ្ងៃ​ប្រជុំ​សភាពេញអង្គ​អនុម័ត​។ ច្បាប់​ស្តីពី​សហជីព​ត្រូវគេ​សង្កេតឃើញថា​ត្រូវបាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានធ្វើការ​នៅក្នុង​គណៈកម្មការ​ជំនាញ​រដ្ឋសភា ព្យាយាម​ជំរុញ​ឲ្យ​មានការ​កែសម្រួល​ស្របតាម​ការចង់បានរ​បស់​កម្មករនិយោជិត និង​សហជីព​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ពន្យល់ថា អ្វីដែល​សហជីព​ស្នើ​នោះ​ត្រង់​មាត្រា ១៣ ពាក់ព័ន្ធ​នឹង​សិទ្ធិ​ធ្វើ​កូដកម្ម និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​ដែលជា​កង្វល់​របស់​សហ​ជីព​តែ​គេ​សង្កេតឃើញថា​មានការ​កែប្រែ​តិចតួច​ណាស់ ដូច្នេះ​ទុក​ឱកាស​ឲ្យ​កម្មករនិយោជិត​ជា​អ្នកសម្រេច​ជោគវាសនា​របស់​អ្នក​ដែល​អនុម័ត​ច្បាប់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពួកគាត់​តាមរយៈ​ការបោះឆ្នោត​ទៅ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ប្រជា​ពល​ដ្ឋ​អាច​សន្និដ្ឋានបានថា​គណ​បក្សនយោបាយ​មួយណា​បម្រើ​ផលប្រយោជន៍​ពួកគាត់​បានល្អ​ជាង​៕

12790943_595311280621024_486241746350630565_n 12805831_595311223954363_1229577827736936741_n