លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់ថា​អាច​កែប្រែ​ពី​ក្រសួង​គ្រួសារ​មកជា​ក្រសួង​ជាតិ​វិញ​បាន​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​យល់ឃើញថា កំណែទម្រង់​ជា​វិជ្ជមាន មាន​ច្រើន​ផ្នែក​ដែល​ត្រូវធ្វើ តែ​នេះ​ជា​ផ្នែក​មួយ​គឺ កំណែទម្រង់​សេវាសាធារណៈ ដោយ​ត្រូវ​ចាប់ផ្ដើម​កែប្រែ ពី​ក្រសួង​គ្រួសារ​មកជា​ក្រសួង​ជាតិ​វិញ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​ប្រាកដ​ណាស់​ថា យើង​អាច​កែប្រែ​ពី​ក្រសួង​គ្រួសារ​មកជា​ក្រសួង​ជាតិ​វិញ​បាន ហើយ​នេះ​គ្រាន់តែ​ជា​គំនិត​ខ្លះៗ​តែប៉ុណ្ណោះ សូមមេត្តា​ចូលរួម​ផ្ដល់​គំនិត​យោបល់ យើង​រីករាយ​ទទួលយក​គំនិតល្អៗ​ដាក់បញ្ចូល​បន្ថែមទៀត​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា​កំណែទម្រង់​សេវាសាធារណៈ ត្រូវធ្វើ​ម្ដង​មួយ​ជំហានៗ ៖ ទី​១ – លុបបំបាត់​មន្ត្រី​ខ្មោច ដែល​មានតែ​ឈ្មោះ ទី​២- ត្រូវ​ចូលនិវត្តន៍​ចំពោះ​មន្ត្រី​គ្រប់​អាយុ​ចូលនិវត្តន៍ ទី​៣- ផ្ដល់​កញ្ចប់​ថវិកា​ជូន​ដល់​មន្ត្រី​ស្ម័គ្រចិត្ត​សុំចូល​និវត្តន៍​មុន​អាយុ ទី​៤- ត្រូវ​រឹតបន្តឹង​វិន័យ​ការងារ វត្តមាន ម៉ោង​ពេល ពិតប្រាកដ ទី​៥- ជ្រើសរើស​ស្ត្រី និស្សិត យុវជន ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​សាធារណៈ ដោយ​ប្រកាស​ជ្រើសរើស ប្រឡងប្រជែង​ដោយ​តម្លាភាព ជា​សាធារណៈ ទី​៦- វិមជ្ឈការ​អំណាច​ពិតប្រាកដ ក្នុងការ​ទទួលខុសត្រូវ​ខ្ពស់ និង​ទី​៧- ផ្ដល់​មធ្យោបាយ​គ្រប់គ្រាន់ ដើម្បី​បំពេញការងារ​ឲ្យ​បាន​ពេញលេញ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា ពេលវេលា​បោះពួយ​ទៅមុខ​យ៉ាង​ទៀងទាត់ និង​យ៉ាង​លឿន​ជាទីបំផុត ហើយ​ប្រទេស​ភាគច្រើន​នៅលើ​លោក​យើង​នេះ គេ​នាំគ្នា​គិត​ត្រិះរិះ បំពេញការងារ ក្នុងការ ការពារ បម្រើ និង​កសាង​ប្រទេសជាតិ​គេ​ជានិច្ច​។ ល្មម​ដល់​ពេលដែល​ក្រុម​ដឹកនាំ​ខ្មែរ ស្ត្រី​ខ្មែរ យុវជន​ខ្មែរ ព្រះសង្ឃ​ខ្មែរ រួម​សម្បាច់​គ្នា ចូលរួម​ការពារ បម្រើ កសាង មាតា​កម្ពុជា នៅក្នុង​បរិបទ​សកលភាវូបនីយកម្ម​ពេលនេះ ដោយ​គិតពី​ផលប្រយោជន៍​ប្រជាជាតិ​ខ្មែរ ដើម្បី​មោទនភាព​ជាតិ កិត្យានុភាព​ជាតិខ្មែរ​យើង ដូច​សម័យ​មហានគរ​ក្នុងនាម​ជា​កូន​ខ្មែរ​អង្គរ​៕

12718076_1081031465293651_2147575273489625183_n 12670382_1081032338626897_3089583414960322445_n