លោក សម រង្ស៊ី រិះគន់​មន្ត្រី​ខិលខូច​ឃុបឃិត​គ្នា​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រួច

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះ​បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​៤៩​គ្រួសារ​ក្នុងចំណោម​១៦៥​គ្រួសារ​មកពី​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​ត្រូវបាន​អាជ្ញាធរ ភូមិ ឃុំ និង​ស្រុក ឃុបឃិត​គ្នា​ឈូសឆាយ​រំលោភ​យក​ដី ព្រមទាំង​បាន​ចាប់​តំណាង​របស់​ពួកគាត់​២​នាក់​ទៀត​នោះ បានមក​ជួបជុំគ្នា​នៅ​វត្តភ្នំ រាជធានី​ភ្នំពេញ ដើម្បី​រក​អន្តរាគមន៍ ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​។​

ជុំវិញ​បញ្ហា​ខាងលើនេះ តំណាង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​វា​ជា​រឿង​អយុត្តិធម៌​ជាទីបំផុត​ដែល​អាជ្ញាធរ​ខិលខូច​មួយចំនួន​ព្យាយាម​ឈូស​ទន្ទ្រាន​យក​ដីធ្លី​របស់​ពួកគាត់​ដែល​បានរស់នៅ​រាប់សិប​ឆ្នាំ​មកហើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​គប្បី​ចុះ​ស៊ើបអង្កេត និង​ស្វែងរក​យុត្តិធម៌​ជូន​ពួកគាត់​ផង ហើយ​ថាបើ​រដ្ឋាភិបាល​មិនបាន​ដោះស្រាយ​ជូន​ពួកគាត់ គឺ​នឹង​បង្ហាញថា​រដ្ឋាភិបាល​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​។​

តំណាង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ការដែល​ពួកគាត់​ឡើងមក​តវ៉ា​ដល់​រាជធានី​ភ្នំពេញ ព្រោះ​ពួកគាត់​អស់ជំនឿ​ចិត្ត​លើ​អាជ្ញា​មូលដ្ឋាន​ដែល​ពួកគេ​មួយចំនួន​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​ទៀតផង​។ គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ឡើងមក​តវ៉ា​ដល់​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ពី​គោលបំណង​ដូចៗ​គ្នា​ថា ពួកគេ​ធ្វើដំណើរ​ពី​ខេត្តកំពង់ស្ពឺ មកកាន់​រាជធានី​ភ្នំពេញ​នេះ គឺ​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​ជួយ​អន្តរាគមន៍​ដោះលែង​តំណាង​ពួកគេ​វិញ និង​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី ដែល​អូសបន្លាយ តាំងពី​ឆ្នាំ​២០០៧​នេះ ឲ្យ​បាន​ឆាប់​ដើម្បី​អាច​ធ្វើស្រែ​បង្កបង្កើនផល​បាន​ដោយ​មិនមាន​ការភ័យខ្លាច​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល និង​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា បានបញ្ជាក់​កន្លងមក​ថា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​តាម​គ្រប់រូប​ភាពស្របច្បាប់​ទាំង​ក្នុង​យន្តការ​រដ្ឋសភា និង​គណបក្ស​។ លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា តាម​គោលការណ៍​ច្បាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​កាត់សេចក្តី​ថា​អ្នកណា​ខុស ឬ​ត្រូវ​នោះទេ គឺមាន​តែ​ជួញ​ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដោយ​យុត្តិធម៌ និង​ពាំនាំ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​យកទៅដាក់​ឲ្យ​ស្ថាប័ន​ជំនាញ​ដោះស្រាយ​៕

0,,16929217_303,00 12527605_1742611212628302_774650558_n_0 IMG_4567-1