អាជ្ញាធរ​ខេត្តក្រចេះ មិន​ហ៊ាន​ចាត់ការ​រឿង​ឧកញ៉ា លឹម ប៊ុណ្ណា ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ

មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ដែល​ល្បីល្បាញ​ខាង​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​នោះ ក៏​ជា​អ្នក​ប្រើ​អំណាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​ឃុំ​ប្ញ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ រាប់ពាន់​ហិកតា​ផងដែរ​។ កន្លងមក​ប្រជាពលរដ្ឋ​៥៤៥​គ្រួសារ​នៅ​ឃុំ​ប្ញ​ស្សី​ស្រស់ បានដាក់​ពាក្យ​ប្ដឹង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា អេង ទៅ​សាលាដំបូង​ខេត្តក្រចេះ ពាក់ព័ន្ធ​ទៅនឹង​ករណី​កាប់​ទន្ទ្រាន​ដីព្រៃ​២១១០​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ក៏ដូចជា​សាលាដំបូង​ខេត្តក្រចេះ មិនទាន់មាន​វិធានការ​អ្វី​ទៅលើ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា អេង នៅឡើយ​ទេ ហើយ​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ស​ង្ស័​យ​ថា សំណុំ​រឿងនេះ​ត្រូវ​សាលាដំបូង​ខេត្តក្រចេះ ទុកចោល​។

តំណាង​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ប្ញ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ព្រៃស្រោង​ដែល​ហិនហោច​ដោយសារ​ស្នាដៃ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា អេង នោះ​មាន​ទំហំ​៣២១០​ហិកតា​នៅ​ចំណុច​អូរ​ស្ទឹង​ឡា ឃុំ​ប្ញ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ហើយក៏​មាន​អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​ផងដែរ​។ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា​មេឃុំ​ប្ញ​ស្សី​កែវ​ក៏បាន​ដឹង​រឿង​នេះដែរ នៅពេលដែល​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលាដំបូង​ខេត្តក្រចេះ ដើម្បី​ឲ្យ​ជួយ​ទប់ស្កាត់​ករណី​ឈ្មួញ​បំផ្លាញ​ព្រៃស្រោង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។ ករណី​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​កាប់​ព្រៃស្រោង​ទន្ទ្រាន​យក​ដី​នៅ​ឃុំ​ប្ញ​ស្សី​កែវ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ព្រៃស្រោង​ទំហំ​៣២១០​ហិកតា​នៅ​ចំណុច​អូរ​ស្ទឹង​ឡា ឃុំ​ប្ញ​ស្សី​កែវ ត្រូវបាន​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា អេង ព្រមទាំង​មនុស្ស​មួយចំនួនទៀត​ទន្ទ្រាន​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប្ញ​ស្សី​កែវ បាន​ឲ្យ​ដឹងថា​កាលពីមុន​ព្រៃស្រោង​តំបន់​អូរ​ស្ទឹង​ឡា ជា​ព្រៃ​ក្រាស់​ហើយ​ជា​ផ្នែក​មួយ​នៃ​តំបន់​ព្រៃ​ឡង់​ដែលមាន​សត្វ​រស់នៅ​ជាច្រើន​ប្រភេទ​ដូចជា ខ្ទីង និង​ប្រើស​ជាដើម ត្រឹម​អំឡុង​ឆ្នាំ​២០០៨​។ ប៉ុន្តែ​ឥឡូវនេះ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​មនុស្ស​មួយចំនួនទៀត​បាន​កាប់​បំផ្លាញ​ឈូសឆាយ​ព្រៃស្រោង​នោះ​ឲ្យ​ក្លាយទៅជា​ទីវាល​ស្រឡះ​ធេង ហើយ​មន្ត្រី​អាជ្ញាធរ​ខេត្តក្រចេះ ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ មានន័យថា​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា មិន​ត្រឹមតែ​ជា​ឈ្មួញ​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដ៏​ល្បីល្បាញ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជា​ឈ្មួញ​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

12822170_1531777843784459_2119981317_nលោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ
lim-bun-na2លោក លឹម ប៊ុណ្ណា ហៅខ្នា​