លោក គុយ ប៊ុនសន ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ករណី​កើតមាន​បទល្មើស​ចែកចាយ​ជួញដូរ​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​

ករណី​ជួញដូរ​ចែកចាយ​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ​បានកើត​ឡើង​ជា​បន្តបន្ទាប់​ដូចជា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ពន្ធនាគារ​ក្នុង​ខេត្តពោធិ៍សាត់ និង​ពន្ធនាគារ​ព្រៃ​ស​ជាដើម ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ក្នុងនោះ​ករណី​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ព្រៃ​ស ដែលជា​មេខ្លោង​គ្រឿងញៀន​អាច​បញ្ជា​កូនចៅ​នៅ​ខាងក្រៅ​ឲ្យ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​យ៉ាង​រលូន គឺជា​រឿង​ដែល​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ មិនគួរ​មើលរំលង​នោះទេ​។ ជាពិសេស​ប្រធាន​ពន្ធនាគារ​ព្រៃ​ស និង​មន្ត្រី​អនុរក្ស​មួយចំនួន គឺជា​អ្នកទទួលខុសត្រូវ​ផងដែរ ព្រោះ​បើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេ​គឺ​ទណ្ឌិត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​មិនអាច​ធ្វើ​អ្វី​បានឡើយ​។

ប្រធាន​ពន្ធនាគារ​ព្រៃ​ស គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​ករណី​ទណ្ឌិត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អាច​បញ្ជា​ឲ្យ​កូនចៅ​នៅ​ខាងក្រៅ​ជួញដូរ​គ្រឿងញៀន​ប្រភេទ​WY​រហូតដល់​១០៣៦០០​គ្រាប់ និង​មេ​តំ​ហ្វេ​តា​មីន​ម្ស៉ៅ​ជាច្រើន​គីឡូក្រាម​។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក៏ដូចជា​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​ទាក់ទង​ទៅនឹង​ករណី​ទណ្ឌិត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស អាច​បញ្ជា​ឲ្យ​បក្ខពួក​របស់ខ្លួន​នៅ​ខាងក្រៅ​អាចធ្វើ​សកម្មភាព​ជួញដូរ​ចែកចាយ​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ទន្ទឹមនឹងនេះ​លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ ព្រោះ​បញ្ហា​កើតឡើង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ជា​បន្តបន្ទាប់​។

មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ កន្លងមក​មិនបាន​គ្រប់គ្រង​ប្រធាន​ពន្ធនាគារ​ព្រៃ​ស ក៏ដូចជា​ប្រធាន​ពន្ធនាគារ​តាម​បណ្ដា​ខេត្ត​នានា​ឲ្យ​បាន​ដិតដល់​នោះទេ​។ ហេតុនេះហើយ​ទើប​បទល្មើស​ចែកចាយ​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​កើត​ឡើងជា​បន្តបន្ទាប់ ហើយ​ចុង​ក្រោយនេះ​ទណ្ឌិត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ជា​ជនជាតិ​ស្បែក​ខ្មៅ​គឺជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ និង​មាន​បណ្ដាញ​នៅ​ខាងក្រៅ​អាច​បញ្ជា​ធ្វើ​សកម្មភាព​យ៉ាង​ងាយស្រួល​បំផុត​។ ក្រុម​អ្នកសង្កេតការណ៍​មួយចំនួន​បានលើកឡើង​ថា ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់​ទៅលើ​បទល្មើស​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​។ ជាពិសេស​ត្រូវ​ស្រាវជ្រាវ​វែកមុខ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ជាការ​ព្រមាន​កុំ​ឲ្យ​ជនល្មើស​ទាំងនោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

kuy-bunsornលោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ
IMG_1880-696x435