បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ព្រៃនប់ នៅតែ​កើតឡើង​យ៉ាង​រាលដាល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​

បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិឯកជន​នៅ​ខេត្ត​ព្រះសីហនុ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត គ្មាន​វិធានការ​ច្បាស់លាស់​ដើម្បី​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះសីហនុ បានស្នើ​សុំ​ឲ្យ​អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​យក​ដី​រាប់រយ​ហិកតា​នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​។ ជាពិសេស​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ប្ដេជ្ញា​ទប់ស្កាត់​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុង​ខេត្ត​ព្រះសីហនុ គួរ​ទប់ស្កាត់​បទល្មើស​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​តទៅទៀត​។

​ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បទល្មើស​ឈូសឆាយ​រាន​ដីព្រៃ​នៅក្នុង​មូលដ្ឋាន​ស្រុក​ព្រៃនប់ កំពុងតែបន្ត​កើតឡើង​យ៉ាង​រាលដាល ហើយ​លោក យន្ត មីន និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ បែរជា​រក្សា​ភាពស្ងប់ស្ងាត់​ទំនង​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ផលប្រយោជន៍​។ កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​វិនាសកម្ម​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ហេតុនេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនត្រូវ​មើលរំលង​តទៅទៀត​នោះទេ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បាន​លើកឡើងថា បទល្មើស​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​អភិបាលខេត្ត​ព្រះសីហនុ បានត្រឹមតែ​ដាក់ចេញ​នូវ​គោលការណ៍​តាមរបៀប​លេងសើច​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​សម្ដែង​កង្វល់​អំពី​វិនាសកម្ម​ព្រៃឈើ​ក្នុងស្រុក​ព្រៃនប់ ដោយសារតែ​គេ​ឃើញ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ព្រៃនប់ ជាប់​បណ្ដោយ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចូលទៅ​រមណីយដ្ឋាន​ក្បាលឆាយ ដោយបាន​បំផ្លាញ​ដើមឈើ​ធំៗ​ក្នុង​តំបន់​នោះ​អស់​រាប់រយ​ហិកតា​។ សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​រាប់រយ​ហិកតា​នោះ គឺជា​ការបំផ្លាញ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ ព្រោះ​ព្រៃឈើ​ដែលមាន​ដើមឈើ​ធំៗ​ក្រាស់ឃ្មឹក​ក្នុង​មូលដ្ឋាន​តំបន់​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បែរជា​ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ទៅវិញ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា​ក្នុង​ហេតុផល​ណាក៏ដោយ គឺ​អាជ្ញាធរខេត្ត​ព្រះសីហនុ មិនត្រូវ​បំផ្លាញ​ព្រៃឈើ​ដែលជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​នោះទេ ជាពិសេស​ករណី​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ គួរតែ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​៕

min-855លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ
6ec85911-1387-4eae-b076-ad46b23a98a1ព្រៃឈើដែលត្រូវឈូសឆាយបំផ្លាញឲ្យវិនាសហិនហោច