មន្ត្រីរដ្ឋបាល​ជលផល​មិន​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុងស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​

សកម្មភាព​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប នៃ​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ កើតមាន​យ៉ាង​ពេញបន្ទុក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ជលផល មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ប្រជា​សហគមន៍​នេសាទ​ក្នុង​ឃុំ​រាំង​ទឹល បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កណ្ដៀង​ជាបន្ទាន់ ព្រោះ​ពួកគេ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​អួន​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​អនាធិបតេយ្យ​តែម្តង​។

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​តូចតាច និង​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ជា​ជនជាតិ​យួន​៨​នាក់​បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​អួន​ជាច្រើន​វង់ ដើម្បី​ចាប់​ត្រី​ចម្រុះ​នៅក្នុង​បឹង​ទន្លេសាប ភូមិសាស្ត្រ​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មាន​មេខ្លោង​រត់ការ​កាង​ឈ្មួញ​ជនជាតិ​យួន​ទាំង​៨​នាក់​ខាងលើនេះ ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅ​យ៉ាង​រលូន ហើយ​ក្នុង​អួន​មួយ​វង់ៗ​ត្រូវ​បង់លុយ​ប្រមាណ​១០​លាន​រៀល​។ ដូច្នេះ​ឈ្មួញ​ជនជាតិ​យួន​៨​នាក់​ប្រើ​អួន​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​រាំង​ទឹល គឺ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​មន្ត្រីរដ្ឋបាល​ជលផល​អាច​ប្រមូល​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

តាម​ឈ្មួញ​ជនជាតិ​យួន​ដែល​ប្រើ​ឧបករណ៍​ប្រភេទ​អួន​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​រាំង​ទឹល បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​កណ្ដៀង​យ៉ាងច្រើន ទើប​អាចធ្វើ​សកម្មភាព​នេសាទ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​។ ទន្ទឹមនឹងនេះ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ក៏បាន​បង្ហើប​ដែរ​ថា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ ក៏​ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​នេសាទ​ក្នុង​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង​នោះដែរ ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​តាម​តួនាទី​របស់ខ្លួន​។ ហេតុនេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តពោធិ៍សាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ននេះ​ជនជាតិ​យួន​កំពុង​ប្រើ​ឧបករណ៍​ប្រភេទ​អួន​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ​បំផុត​៕

12802723_555698537925929_7308083616254358038_n 10609635_555698551259261_8565819003417124883_n 12806183_555698541259262_4032269519915364389_n