បទល្មើស​ជីក​កកាយ​រ៉ែ​មាស​ខុសច្បាប់​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ត្រូវបាន​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​នេះ​មួយចំនួន​បង្ហើប​ឲ្យ​ដឹងថា ជា​មេខ្លោង​ដែល​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ចិន​ជីក​កកាយ​រ៉ែ​មាស​ខុសច្បាប់​ក្នុងស្រុក​ភ្នំព្រឹក ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាមួយគ្នានេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក សួន គឿន អភិបាលស្រុក​ភ្នំព្រឹក ក៏​អាច​ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ បញ្ហា​នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ប្រសិនបើ​មិនជា​ប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ គួរ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​ជាបន្ទាន់​។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​របស់​ក្រុមហ៊ុន​ចិន កំពុង​បង្ហូរ​កាកសំណល់​សារ​ធាតុគីមី​ចូលក្នុង​ទឹកអូរ​ដែល​ពួកគាត់​ប្រើប្រាស់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​និង​សុខភាព​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ក្រុមហ៊ុន​ចិន​មិនទាន់មាន​អាជ្ញាប័ណ្ណ​ពី​មន្ទីរ​និង​ក្រសួង​ពាក់ព័ន្ធ​ទេ ប៉ុន្តែ​គេ​អាចធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​តាម​អំពើ​ចិត្ត​ដោយមាន​ការឃុបឃិត​ពី​សំណាក់​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង និង​ពី​លោក សួន គឿន អភិបាលស្រុក​ភ្នំព្រឹក​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​របស់​ក្រុមហ៊ុន​ចិន​បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ស្រុក​ភ្នំព្រឹក​ជាបន្ទាន់​។

មន្ត្រីរាជការ​នៅក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះ លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះមុខ​ច្បាប់ ហើយ​មន្ត្រី​អាជ្ញាធរ​មួយចំនួន​ក៏មាន​ជាប់​ពាក់ព័ន្ធ​ផងដែរ​។ ដោយហេតុថា​លោក អ៊ា​ន មាឃ បានដឹង​ពី​រឿង​ក្រុមហ៊ុន​ចិន​គ្មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក ប៉ុន្តែ​លោក អ៊ា​ន មាឃ បែរជា​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន​នោះ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ ហើយ​ថែមទាំង​បង្ហូរ​នូវ​កាកសំណល់​សារធាតុ​គីមី​ចូលទៅក្នុង​ទឹកអូរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ភ្នំព្រឹក​ទៀតផង​។ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ប្រសិនបើ​គ្មាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តទៅទៀត​៕

b4da243b-d118-4481-840d-a18a893d21b3លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល
1aas3 1aas2 1aas1