បទល្មើស​ដឹកជញ្ជូន​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ នៅតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​នៅ​ដើមខែ​មីនា ឆ្នាំ​២០១៦​នេះ បទល្មើស​ដឹកជញ្ជូន​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំងពីរ បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​កែច្នៃ​និង​គោយន្ត​កន្ត្រៃ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ភូមិ​-​ឃុំ​របស់​ពួកគាត់​ជាច្រើន​គ្រឿង ហើយ​មិនឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ គឺ​សមត្ថកិច្ច​ចាំ​យកលុយ​ពី​ម្ចាស់​រថយន្ត​កែច្នៃ​និង​គោយន្ត​កន្ត្រៃ​ដឹកឈើ​យ៉ាង​សុខ​ស្រួល​។

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា​រថយន្ត​កែច្នៃ​និង​គោយន្ត​កន្ត្រៃ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បាន​បើកបរ​ឆ្លងកាត់​ស្នាក់ការ​មេព្រៃ​ឃុំ​ឈើ​តុំ​រៀងរាល់ថ្ងៃ​យប់ ប៉ុន្តែ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​យក​ស្នាដៃ​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​ក្រុម​ជនល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ពួកគេ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ដោយ​ក្រុម​ជនល្មើស​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​មួយ​គោយន្ត​ឬមួយ​រថយន្ត​៣៧​ម៉ឺន​រៀល​ទៅតាម​ការ​ព្រមព្រៀងគ្នា​។ ចំណែក​ក្រុម​ជនល្មើស​ខ្លះ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ប្រចាំ​សប្ដាហ៍​ឬ​ប្រចាំខែ ទើប​អាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ ដោយ​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់​។

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​ពិនិត្យ​មើល​ភាព​អសកម្ម​របស់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ក្រគរ និង​ស្រុក​ភ្នំក្រវាញ​ជាបន្ទាន់​។ ដោយហេតុថា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រគរ ក៏ដូចជា​ស្រុក​ភ្នំក្រវាញ ពួកគេ​ពូកែ​តែ​ខាង​ប្រមូល​លុយ​ពី​ជនល្មើស​ដឹកជញ្ជូន​ឈើ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់​ផងដែរ ព្រោះ​នៅ​ដើមខែ​មីនា ឆ្នាំ​២០១៦​នេះ សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​កែច្នៃ និង​គោយន្ត​កន្ត្រៃ កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​៕

12835032_1532042093758034_169666379_n 12026623_1532042247091352_1943266450_n 12834528_1532042250424685_1498537679_n