លោក ញ៉ែម ស្រស់ អភិបាលស្រុក​សំរោង ខេត្តតាកែវ រៀបចំ​គម្រោង​រំលោភ​យក​ដី​សាលាបឋមសិក្សា​បត់​រកា​យ៉ាង​គឃ្លើន​

កន្លងមក​លោក ញ៉ែម ស្រស់ អភិបាលស្រុក​សំរោង ខេត្តតាកែវ ធ្លាប់បាន​ចាប់យក​ដី​នៅ​ផ្សារ​ថ្នល់ទទឹង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​រលូន ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មានប្រតិកម្ម​នៅពេលដែល​អភិបាលស្រុក​រូបនេះ មាន​គម្រោង​ចាប់យក​ដី​សាលារៀន​បន្តទៀត​។ ប្រជាពលរដ្ឋ​នៅ​ផ្សា​របត់​រកា នាំគ្នា​ភ្ញាក់ផ្អើល​ពី​រឿង​លោក ញ៉ែម ស្រស់ អភិបាលស្រុក​សំរោង គ្រោង​ចាប់យក​ដី​សាលាបឋមសិក្សា​បត់​រកា ដែលមាន​ទីតាំងនៅ​ជិត​ផ្សា​របត់​រកា ហើយ​អំពាវនាវ​ឲ្យ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​លោក ញ៉ែម ស្រស់ អាច​សម្រេច​តាម​ផែនការ​របស់ខ្លួន​ដូច​ករណី​ចាប់យក​ដី​ផ្សារ​ថ្នល់ទទឹង​នាពេល​កន្លងមក​ជាមិនខាន​។

​ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​ផ្សា​របត់​រកា ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​លោក ញ៉ែម ស្រស់ ជា​អភិបាលស្រុក បានរៀបចំ​គម្រោង​វាយកម្ទេច​របង​សាលាបឋមសិក្សា​បត់​រកា ដើម្បី​ពង្រីក​ដី​ចិញ្ចើមផ្លូវ​ឲ្យ​បាន​ធំ​ដោយ​យក​លែស​ថា ពង្រីក​ធ្វើជា​ទីកន្លែង​ហាត់ប្រាណ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​នៅតាម​ចិញ្ចើមផ្លូវ​សាលាបឋមសិក្សា​ប​ត់​រកា មាន​ក្រាល​ការ៉ូឡា​រួចជាស្រេច ចំណែក​ដី​សាលាបឋមសិក្សា​ក៏មាន​របង​ថ្ម​រួចជាស្រេច​ដែរ ពុំមាន​អ្វីដែល​គួរ​ពង្រីក​តទៅទៀត​ទេ​។ ដូច្នេះ​កាលដែល​លោក ញ៉ែម ស្រស់ មាន​គម្រោង​វាយកម្ទេច​របង​ថ្ម​នេះ​ចោល ហើយ​ពង្រីក​ដី​និង​ធ្វើ​របង​ថ្ម​ថ្មី​ជំនួស​វិញ គឺជា​គម្រោង​ចាប់យក​ដី​សាលារៀន​តែប៉ុណ្ណោះ​។ គម្រោង​របស់លោក ញ៉ែម ស្រស់ គឺ​ពង្រីក​ដី​ចេញពី​ចិញ្ចើមផ្លូវ ហើយ​រៀបចំ​ជា​ប្លង់​មាន​ទទឹង​៣​ម៉ែត្រ និង​បណ្ដោយ​១៥​ម៉ែត្រ ហើយ​ក្នុង​១​ម៉ែត្រ​ទទឹង​គឺមាន​តម្លៃ​៥០០០​ដុល្លារ ដូច្នេះ​១​ប្លង់​មានតម្លៃ​១៥០០០​ដុល្លារ​។

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​ផ្សា​របត់​រកា បាន​ឲ្យ​ដឹងថា ក្នុង​គម្រោង​ចាប់យក​ដី​សាលាបឋមសិក្សា​បត់​រកា មាន​ចំនួន​២០​ប្លង់ដី និង​មានឈ្មោះ​ម្ចាស់​ប្លង់​រួច​ហើយដោយ​អ្នកខ្លះ​មានឈ្មោះ​២​ទៅ​៣​ប្លង់​ក្នុង​ម្នាក់ៗ​ក៏មានដែរ​។ ជុំវិញ​បញ្ហា​នេះ​ប្រធានការិយាល័យ​អប់រំ​ស្រុក​សំរោង ខេត្តតាកែវ បាន​ទទួលស្គាល់ថា​ពិត​ជាមាន​គម្រោង​វាយរបង​ថ្ម​សាលាបឋមសិក្សា​បត់​រកា​មែន ដោយ​អ្នករៀបចំ​គម្រោង​នេះ​ផ្ដើមចេញពី​លោក ញ៉ែម ស្រស់ អភិបាលស្រុក​សំរោង​។ លោក ហ៊​ត ស៊ិត ប្រធានការិយាល័យ​អប់រំ​ស្រុក​សំរោង បាន​ឲ្យ​ដឹង​ទៀតថា លោក ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​ថា​ពិត​ជាមាន​ម្ចាស់​ប្លង់ ម្ចាស់​ដី​ជាច្រើន​នាក់​ពិតមែន​ដែល​គេ​លួចលាក់​បិទបាំង​បញ្ហា​នេះ​។ ដូច្នេះ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​លោក ញ៉ែម ស្រស់ អភិបាលស្រុក​សំរោង កំពុង​តែមាន​គម្រោង​ចាប់យក​ដី​រដ្ឋ​យ៉ាង​គឃ្លើន​បំផុត​៕

04286លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ​