បទល្មើស​រថយន្ត​ដឹកឈើ​ធំៗ​ឆ្លងកាត់​ក្រុង​សៀមរាប គឺមាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ឆ្លងកាត់​ក្រុង​សៀមរាប​យ៉ាង​រលូន បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​ទៅលើ​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា បើ​គ្មាន​ការបើក​ដៃ​ពី​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​ពី​អភិបាលខេត្ត​សៀមរាប​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ វណ្ណ សុ​ផា​ណ្ណា អតីត​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប មិនអាច​ប្រើប្រាស់​រថយន្ត​យី​ឌុ​បត​ទ្រុង​ធំៗ​២​គ្រឿង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​សៀមរាប​បានឡើយ​។

គួរ​រំលឹក​ដែរ​ថា លោក វណ្ណ សុ​ផា​ណ្ណា អតីត​នាយ​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៦ បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​២​គ្រឿង​ប្រភេទ​ភ្លៅ​៥​ត​ទ្រុង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ទៅ​ខេត្តបន្ទាយមានជ័យ ដោយ​ឆ្លងកាត់​ខេត្តសៀមរាប​យ៉ាង​រលូន គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្តសៀមរាប ធ្វើការ​ត្រួតពិនិត្យ​នោះទេ​។ ចំណែក​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​នេះដែរ បើទោះបី​រថយន្ត​នោះ​ដឹកឈើ​លើស​ទម្ងន់​រាប់សិប​តោន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦​យ៉ាងណាក៏ដោយ​។ រីឯ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ជាពិសេស​អនុប្រធាន​មន្ទីរ​ឈ្មោះ ជួត ច័ន្ទ​តារា ដែលជា​អ្នកទទួលបន្ទុក​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ខេត្តសៀមរាប ក៏​ធ្វើជា​បិទ​ភ្នែក​មើលមិនឃើញ​រថយន្ត​យី​ឌុប​ដឹកឈើ​លើស​ទម្ងន់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ទឹកដី​ខេត្តសៀមរាប​នោះដែរ​។

​លោក វណ្ណ សុ​ផា​ណ្ណា បានក្លាយ​ទៅជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ពី​ខេត្តព្រះវិហារ ទៅ​ខេត្តបន្ទាយមានជ័យ ដោយ​ឆ្លងកាត់​ខេត្តសៀមរាប ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច ព្រោះ​មាន​អ្នក​រត់ការ​២​នាក់​ឈ្មោះ យ៉េន ឆៃ និង​ឈ្មោះ វិសាល ជា​អ្នក​បើកផ្លូវ​។ លើស​នេះ​ទៅទៀត​ឈ្មោះ ម៉ែន វុទ្ធី ហៅ​ធី​ឡយ ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប គឺជា​អ្នក​ជួយ​សម្របសម្រួល​ឲ្យ​រថយន្ត​ដឹកឈើ​របស់លោក វណ្ណ សុ​ផា​ណ្ណា ទៅដល់​គោលដៅ​យ៉ាង​រលូន​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប រិះគន់​ខ្លាំងៗ​ទៅលើ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏ដូចជា​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដែល​បើកដៃ​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ប្រភេទ​ភ្លៅ​៥​ត​ទ្រុង ឆ្លងកាត់​ខេត្តសៀមរាប​តាម​អំពើ​ចិត្ត​បំពាន​ទៅលើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​បំផ្លាញ​ព្រៃឈើ​៕

a-ca-v1-500x375 Car