ដើម្បី​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ​តើ​ត្រូវ​​ប្រើ​ប្រាស់​ពេល​វេលា​យ៉ាង​ដូចម្ដេច​?

​មាន​ពាក្យ​ដំណាល​ត​គ្នា​ថា​ ​បើ​មិន​ខំ​ប្រឹង​ធ្វើ​ការ​​មួយ​ថ្ងៃៗ​ឲ្យ​បាន​ច្រើន​ម៉ោង​ទេ កុំ​សង្ឃឹម​ថា​ក្លាយ​ជា​សហគ្រិន​ដ៏​ចំណាន​។ តាម​ពិត សហគ្រិន​ភាគ​ច្រើន​​ធ្វើ​ការ​ក្នុង​មួយ​ថ្ងៃៗ​​ច្រើន​លើស​ពី​បុគ្គលិក​ធ្វើ​ការ​ទូទៅ។ ប្រសិនបើ​គេ​គិត​ជា​ធម្យម ក្នុង​មួយ​សប្ដាហ៍​ សហគ្រិន​ត្រូវ​​ចំណាយ​ពេល​ធ្វើ​ការ​​លើស​ ៦០ ម៉ោង​ក្នុង​មួយ​សប្ដាហ៍។ បើ​គេ​ស្មាន​មិន​ច្រឡំ​ទេ សហគ្រិន​ត្រូវ​ធ្វើការ​យ៉ាង​ហោច​ណាស់​មួយ​ថ្ងៃ​៨​ម៉ោង​​ជា​រៀង​រាល់​ថ្ងៃ គ្មាន​លស់​ថ្ងៃ​សៅ/អាទិត្យ​។ ការ​មិន​អង្គុយ​នៅ​មុខ​តុ​ធ្វើ​ការ ក៏​អាច​ចាត់ទុក​ថា​កំពុង​ធ្វើ​ការ​ដែរ ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​ការងារ​ ឬ​មុខ​របរ​ទទួល​ទាន​​។

 

​ការ​រ៉ាប់រង​ធ្វើ​កិច្ចការ​​ធំ​បែប​នេះ​ជា​​ការ​ប្រពៃ បើ​មិន​សរសើ​រ​ក៏​​មិន​បាន​ពិត​មែន ​ប៉ុន្តែ​​អ្វី​ដែល​សំខាន់​ត្រូវ​គិត​ថា​ធ្វើ​ការ​ច្រើន និង​តិច​ម៉ោង​ មួយ​ណា​ចំណេញ​ជាង? ឬមួយ​ខំប្រឹង​ធ្វើ​ការ​គ្មាន​ទំនេរ​ដៃ និង​គ្មាន​លស់​ថ្ងៃ​សៅ/អាទិត្យ​បែប​នេះ​ ឬ​យ៉ាងណា?

 

​គេ​បាន​ស្រាវជ្រាវ​ឃើញ​ថា​នៅ​បស្ចិមប្រទេស សហគ្រិន​ម្នាក់ៗ​ធ្វើ​ការ​ជា​មធ្យម ៥២ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ ដែល​ច្រើន​ជាង​អ្នក​ធ្វើ​ការ​ធម្មតាដល់​ទៅ ៦៣%។ ចំពោះ​អស់​លោក​ខ្លះ ត្រឹម​មួយ​សប្ដាហ៍​ធ្វើ​ការ ៤០ ម៉ោង​ គេ​សឹង​ធ្វើ​មិន​បាន។ ​អ្នក​ជំនាញ​បាន​ជូន​យោបល់​ថា​លោក​អ្នក​មិន​ចាំ​បាច់​ខំប្រឹង​ធ្វើ​ការ​រហូត​ដល់​ ៦០ ឬ​ ៧០ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ទេ ត្រឹម​ ៤០ ម៉ោង​គឺ​គ្រប់​គ្រាន់​ល្មម។ ប៉ុន្តែ​ប្រការ​សំខាន់​គឺ​លោក​អ្នក​ត្រូវ​ចេះ​ប្រើប្រាស់​ពេល​វេលា​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​បំពេញ​ការងារ​​ប្រកប​ដោយ​ប្រសិទ្ធភាព​។

 

តាមពិត ធ្វើ​ការ​ច្រើន​ម៉ោង​ពេក នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ខាត​ច្រើន​ជាង​ចំណេញ​ ព្រោះ​ត្រូវ​ចំណាយ​ថាម​ពល​ចិត្ត និង​ថាមពល​កាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ការងារ​អាច​នឹង​រីក​ចម្រើន​បាន​ត្រឹម​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ រួច​ហើយ ខួរក្បាល​នឹង​ចុះ​ខ្សោយ​បន្តិច​ម្ដងៗ។ អង្គុយ​ធ្វើ​ការ​បាន​ត្រឹម​តែ​សំកុកសំកឹង ឬ​អង្គុយ​ស្មឿក​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​សូវ​មាន​គំនិត​ថ្មី ឬ​គំនិត​ច្នៃ​ប្រឌិត​អ្វី​ទាំង​អស់។

 

តាមពិត​ សមត្ថភាព​របស់​បុគ្គល​ម្នាក់ៗ​អាច​ល្អៀង​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ អាស្រ័យ​លើ​ការ​ចំណាំ​រៀងៗ​ខ្លួន។ ហេតុ​នេះ​ហើយ គេ​សង្កេត​ឃើញ​បុគ្គល​ដែល​កាន់​មុខ​តំណែង​ធំៗ​ដូច​ជា​លោក​វ្ល៉ាឌីមៀពូទីន ប្រធានាធិបតី​រុស្ស៊ី ឬ​លោក​អូបាម៉ា ប្រធានាធិប​តី​សហរដ្ឋ​អាមេរិក ​ចូល​ចិត្ត​ធ្វើ​ការ​នៅ​ពេល​យប់ ព្រោះ​ជា​ពេល​ដែល​អស់​លោក​បំពេញ​ការ​ងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​សហគ្រិន​បី​ប្រភេទ​ដែល​អាច​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​អាស្រ័យ​ទៅ​តាម​ពេល​វេលា។

 

១- មនុស្ស​សត្វ​ក្រួច (lark)

សត្វក្រួច​ ជា​ទម្លាប់​រប​ស់​វា​ តែង​ស្វែង​រក​ចំណី​នៅ​ពេល​​​ព្រឹក​ព្រហាម។ មនុស្ស​ប្រភេទ​សត្វ​ក្រួច​នេះ ច្រើន​ក្រោក​ពី​ព្រឹក​ព្រហាម​ នៅ​ពេល​ដែល​មនុស្ស​ទូទៅ​កំពុង​និន្ទ្រា​​​លង់​លក់​ក្នុង​ដំណេក​នៅ​ឡើយ។ បុគ្គល​ប្រភេទ​នេះ​មាន​​ថាម​ពល​ខ្លាំង​និង​​បំពេញ​ការ​ងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ពេល​ព្រឹក​ព្រលឹម។ មនុស្ស​ប្រភេទ​នេះ​ច្រើន​ជា​អ្នក​ដែល​មាន​វ័យ​កណ្ដាល និង​វ័យ​ចំណាស់​។ លក្ខណៈ​ពិសេសៗ​របស់​មនុស្ស​ប្រភេទ​សត្វ​ក្រួច​មាន​ដូចខាង​ក្រោម។

 

– ​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពី​ពេល​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ម៉ោង ១២។
– ​ពេល​ថ្ងៃ​ត្រង់​ បំពេញ​ការងារ​មិន​សូវ​​​​មាន​ប្រសិទ្ធភាព​ទេ។
– ​​មាន​កម្លាំង​ពេញ​ប៊ឹប​នៅ​ពេល​រសៀល​ម៉ោង ២:៣០ រសៀល។
– ​មិន​ត្រូវ​ការ​គេង​​ថ្ងៃ​។
– ​ចូល​ចិត្ត​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​។
– ​អាហារ​សំខាន់​គឺ​អាហារ​ពេល​ព្រឹក។
– ​ឲ្យ​តែ​ដល់​ពេល​ព្រលប់​មិន​ទាន់ ចាប់​ផ្ដើម​ល្វើយ​អស់​កម្លាំង និង​ទន់​ត្របក​ភ្នែក​ ធ្វើ​ការ​លែង​ទៅ​មុខ។

 

២- មនុស្ស​រាត្រីចរ ឬ​មនុស្ស​សត្វ​ទីទុយ (owl)

សត្វ​ទីទុយ​សម្ងំ​ស្ងៀម​នៅ​ពេល​យប់ និង​ចេញ​រក​ចំណី​នៅ​ពេល​យប់។ មនុស្ស​ប្រភេទ​សត្វ​ទីទុយ​​​ច្រើន​ជា​អ្នក​វ័យ​ក្មេង​។ ឧទាហរណ៍​សិស្ស​ថ្នាក់​មធ្យម​សិក្សា ឬ​និស្សិត​កម្រិត​ឧត្ដម​សិក្សា​អាច​ត្រូវ​បាន​ចាត់​ចូល​ទៅ​ក្នុង​ចំពូក​មនុស្ស​ប្រភេទ​សត្វ​ទីទុយ។ លក្ខណៈ​ពិសេសៗ​របស់​មនុស្ស​ប្រភេទ​សត្វ​ក្រួច​មាន​ដូចខាង​ក្រោម។
– ​ច្រើន​បំពេញ​កិច្ចការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​នៅ​ពេល​ក្បាល​ព្រលប់​ចាប់​ពី​ម៉ោង ៦ ល្ងាច​តទៅ។ 
– ​ស្វាហាប់ និង​មាន​កម្លាំង​ក្លៀវក្លា​នៅ​ពេល​​ថ្ងៃ​លិច ម៉ោង​ប្រហែល ៥:៣០ ល្ងាច​តទៅ។ 
– ​ច្រើន​គេង​ថ្ងៃ​រាង​យូរ​ជាង​មនុស្ស​ទូទៅ។
– ​ចូល​ចិត្ត​ហាត់​ប្រាណ​នៅ​ពេល​ក្បាល​ព្រលប់។
– ​អាហារ​សំខាន់​សម្រាប់​បុគ្គល​ប្រភេទ​នេះ គឺ​អាហារ​​ល្ងាច និង​អាហារ​ពេល​យប់។
– ​ថាមពល​មាន​ពេញ​បន្ទុក​ចាប់​ពី​ក្បាល​ព្រលប់​ទៅ​ទល់​ទៀប​ភ្លឺ។

 

​៣- ក្រៅ​ពី​នេះ មាន​មនុស្ស​មួយ​ចំពូក​ទៀត​​ជា​ប្រភេទ​សត្វ Hummingbirds ដែល​ជា​ទម្លាប់​អស់​លោក​ទាំង​នេះ​ចូល​ចិត្ត​ក្រោក​ពី​គេង​នៅ​ពេល​ព្រឹក​ព្រហាម​ ទោះបី​បន្ទាប់​ពី​ក្រោក​ពី​គេង ត្រូវ​បំពេញ​ការងារ ឬ​មិន​បំពេញ​ក៏​ដោយ ឬ​មិន​ថា​​គេ​ងមិន​ទាន់​ឆ្អែត​យ៉ាង​ណា​ ក៏​ត្រូវ​តែ​ក្រោក​ពី​ព្រលឹម​ជា​ដរាប។ គេ​​ដាក់​វិន័យ​សម្រាប់​ខ្លួន​គេ​ គឺ​ត្រូវ​តែ​ក្រោក​ពី​ព្រលឹម​ឲ្យ​ខាង​តែ​បាន។ មនុស្ស​ប្រភេទ​នេះ​ស្ថិត​នៅ​ជា​កណ្ដាល​រវាង​បុគ្គល​ទាំង​ពីរ​ប្រភេទ​ដែល​បាន​រៀប​រាប់​ពី​ខាង​ដើម។

 

​វិទ្យាស្ថាន​ជាតិ​ដើម្បី​ការសិក្សា​អំពី​វិទ្យាសាស្ត្រ​សុខាភិបាល​ទូទៅ (The National Institute of General Medical Sciences) ​បាន​ពិព័ណ៌នា​ឥរិយាបថ​ខុស​ៗ​គ្នា​របស់​មនុស្ស​ទាំង​បី​ប្រភេទ​ថា​​ដោយ​សារ​កត្តា​បី​យ៉ាង​គឺ៖ កត្តា​ជីវសាស្ត្រ​- ​កត្តា​​ផ្លូវ​ចិត្ត និង​កត្តា​​ទំនោរ​របស់​មនុស្ស ​ដែល​​មាន​លក្ខណៈ​ល្អៀង​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ពេល​វេលា​ក្នុង​រយៈ​ពេល​២៤​ ម៉ោង​​ក្នុង​មួយ​ថ្ងៃ តប​ទៅ​នឹង​មជ្ឈដ្ឋាន​ខាងក្រៅ​នៃ​​​យប់​និង​ថ្ងៃ។

 

មាន​ន័យ​ថា ​ក្នុង​កាលៈ​ទេសៈ​ខ្លះ បុគ្គល​ខ្លះ​មិន​អាច​ទម្លាប់​ខ្លួន​ឯង ឬ​ដាក់​វិន័យ​លើ​ខ្លួន​ឯង​ឲ្យ​ក្រោក​ពី​ព្រឹក​ព្រលឹម​ពេក​ទេ​ ប៉ុន្តែ​ពូកែ​ទ្រាំ​នៅ​ដល់​យប់​ជ្រៅ​ក៏​អាច​ធ្វើ​ការ​បាន​។ ចំណែក​អ្នក​ខ្លះ​ទៀត​អាច​ក្រោក​ពី​គេង​តាំង​ពី​មេឃ​នៅ​ងងឹត​មិន​ទាន់​ភ្លឺ​ស្រួល​បួល​ផង ប៉ុន្តែ​មិន​អាច​​ទ្រាំ​នៅ​ដល់​យប់​ជ្រៅ​បាន​ទេ ឲ្យ​តែ​ដល់​ពេល​ក្បាល​ព្រលប់​ចាប់​ផ្ដើម​ទន់​ត្របក​ភ្នែក​ ហើយ​ចង់​តែ​​​តែ​ប្រាស​ខ្លួន​គេង​។ ប្រការ​សំខាន់​ត្រូវ​លោក​អ្នក​សង្កេត​មើល​ខ្លួន​ឯង​ ប្រសិនបើ​មាន​សមត្ថភាព​ខ្ពស់​បំពេញ​ការងារ​នៅ​ពេល​ណា​បាន គួរ​តែ​បំពេញ​ការងារ​នៅ​ពេល​នោះ។ មួយ​វិញ​ទៀត គួរ​កុំ​ធ្វើ​ការ​ឲ្យ​លើស​ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​ត្រូវ​លៃ​ពេល​សម្រាប់​ថ្ងៃ​សៅ/អាទិត្យ​ផង ព្រោះ​អ្វី​ដែល​សំខាន់ គឺ​ប្រសិទ្ធភាព​ការងារ មិន​មែន​ធ្វើ​ការ​ច្រើន​ម៉ោង​នោះ​ទេ៕

Author: ប្រែសម្រួល៖ អន សំអាងSource: Inc.com និង fortune.com