គីម ជុងអ៊ុន បញ្ជា​ឲ្យ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​វាយប្រហារ

ប្រមុខ​ដឹកនាំ​ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​បញ្ជា​ឲ្យ​ប្រទេស​ខ្លួន​ ខិតខំ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​ នៃ​សមត្ថភាព​ ការ​វាយប្រហារ​អាវុធ​នុយក្លេអ៊ែរ ដោយ​បញ្ជា​ឲ្យ​យោធា​បន្ត​ការ​ធ្វើតេស្ត​បាញ់​សាកល្បង​បន្ថែម​ទៀត​ នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន នេះ​បើ​យោង​តាម​បណ្តាញ​សារព័ត៌មាន KCNA ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ បណ្តាញ​សារព័ត៌មាន KCNA មិន​បាន​ចុះ​ផ្សាយ​ទេ​ថា​ពេល​ណា​ពួក​គេ​ធ្វើ​ការ​បាញ់​សាកល្បង ប៉ុន្តែ​វា​ទំនង​ជា​សំដៅ​ទៅ​រក​របៀប​ធ្វើតេស្ត​សាកល្បង​ ដូច​ជា​ការ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ជិត​ ក្នុង​រង្វង់ ៥០០ គីឡូម៉ែត្រ ដែល​ធ្វើ​ឡើង​ដោយ​ កូរ៉េខាងជើង កាល​ពី​ថ្ងៃ​ម្សិលមិញ។

 

ភាព​តានតឹង​បាន​កើន​ឡើង​ខ្លាំង នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ បន្ទាប់​ពី​ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ៤ លើក​រួច​មក​ហើយ​ចាប់​តាំង​ពី​ដើម​ខែ​មករា​មក។ ការ​ប្រកាស​បញ្ជា​ ឲ្យ​បាញ់​សាកល្បង​បន្ថែម​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នៅ​ពេល​នេះ​ អាច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហប្រជាជាតិ ដែល​ទើប​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​នេះ។

 

កូរ៉េខាងជើង បច្ចុប្បន្ន​ មាន​ឃ្លាំង​ស្តុក​ទុក នូវ​ប្រភេទ មីស៊ីល រយៈ​ចម្ងាយ​ជិត​របស់​ខ្លួន​យ៉ាង​ធំ ហើយ​ក៏​បាន​កំពុង​បន្ត​អភិវឌ្ឍ​នូវ​មីស៊ីល​អន្តរទ្វីប​របស់​ខ្លួន​បន្ថែម​ទៀត​ដែរ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: channelnewsasia.com