លោក​គីម ជុង​អ៊ុន​បញ្ជា​ឲ្យ​មាន​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែ​បន្ថែមទៀត​

​សេ​អ៊ូ​ល​៖ ភ្នាក់ងារ​ព័ត៌មាន KCNA ផ្លូវការ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គឺ​ម ជុង​អ៊ុន​បាន​មើល​ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល និង​បញ្ជា​ឲ្យ​ប្រទេស​របស់ខ្លួន​បង្កើន​សម​ត្ថ​ភាព​ការវាយប្រហារ​អា​វុ​ធនុ​យ​ក្លេ​អ៊ែ តាមរយះ​ការបាញ់​សាកល្បង​បន្ថែម​ឲ្យ​កាន់តែច្រើន​។​

 

​របាយការណ៍​មិនបាន​បញ្ជាក់ថា ពេលណា​ដែល​ការបាញ់​សាកល្បង​នេះ​បាន​ធ្វើឡើង ប៉ុន្តែ​ទំនង​អាច​សំដៅលើ​ការបាញ់​គ្រាប់​មី​ស៊ី​ល​រយះ​ចំងាយ​ខ្លី​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៏ ដែល​អាច​បាញ់​ផ្លោង​ចំងាយ​៥០០​គីឡូម៉ែត្រ និង​ធ្លាក់ចូល​សមុទ្រ​។  

 

​ភ្នាក់ងារ​ព័ត៌មាន KCNA បាន​ឲ្យ​ដឹង​យោងតាម​សម្តី​របស់លោក គីម ជុង​អ៊ុន​ថា “​កិច្ចការ​នេះ​ត្រូវតែ​រឹតបន្តឹង​ដើម្បី​បង្កើន​សមត្ថភាព​វាយប្រហារ​អាវុធ​នុយក្លេអ៊ែ និង​កិច្ចការ​ប្រយុទ្ធប្រឆាំង​ដើម្បី​បន្ត​ការបាញ់​សាកល្បង​បន្ថែមទៀត​ក្នុង​គោលបំណង​វាយ​តំលៃ​ថាមពល​ក្បាល​គ្រាប់​មី​ស៊ី​ល​ដែល​ទើបតែ​ផលិត​ថ្មីៗ​នេះ​។​”

 

​មេដឹកនាំ​ប្រទេស​កូរ៉េ​ជើង​លោក គីម ជុង​អ៊ុន​ត្រូវបាន​ដកស្រង់​សម្តី​តាម​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ​នៅ​ដើម​សប្តាហ៍​នេះ​ថា ប្រទេស​របស់លោក​បាន​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែ​ដើម្បី​បង្កើន​ការបាញ់​ផ្លោង​គ្រាប់​មី​ស៊ី​ល​កាន់តែច្រើន​។  

 

​ភាព​តានតឹង​បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង​បានធ្វើការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែ​ចំនួន​បួន​លើក​របស់ខ្លួន​នៅក្នុង​ខែមករា និង​ការបាញ់​សាកល្បង​គ្រាប់​រ៉ុ​ក​កែ​ត​រយះ​ចង្ងាយ​ឆ្ងាយ​កាលពី​ខែ​មុន បាន​បង្ក​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្តីសម្រេច​ទណ្ឌកម្ម​ថ្មីៗ​។​

 

​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែ​បន្ថែមទៀត​និង​ស​បញ្ជាក់ថា គឺជា​ការរំលោភបំពាន​លើ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ដែល​ផងដែរ​បាន​ហាមឃាត់​ទៅលើ​ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ទីក្រុង​ព្យុងយ៉ាង​បាន​ច្រានចោល​ការដាក់ទណ្ឌកម្ម​ទាំងនេះ​។  

 

​គួរ​គូសបញ្ជាក់ថា​ប្រទេស​កូរ៉េខាងជើង​មាន​គ្រាប់​មី​ស៊ី​លបាញ់​រយះ​ចំងាយ​ខ្លី​យ៉ាងច្រើន និង​ក៏​កំពុងតែ​ផលិត​គ្រាប់​មី​ស៊ី​ល​អន្តរ​ទ្វិ​ប​ជាច្រើន​ទៀត​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS