បុគ្គល​ដែល​ទទួល​បាន​ភាព​ទាក់ទាញ​​ច្រើន​ពី​អ្នកដទៃ​ ជា​ទូទៅ​បាន​​អនុវត្ត​តាម​វិធីសាស្ត្រ​ ៦ យ៉ាង​នេះ

​លោក​អ្នក​សាក​ស្រមៃ​ទៅ​មើល! ពេល​ខ្លះ បុគ្គល​ខ្លះ​ដែល​គេ​មើល​ពី​ខាង​ក្រៅ​ហាក់​ដូច​ជា​មាន​លក្ខណៈ​សាមញ្ញ​ធម្មតា​ទេ ប៉ុន្តែ​បែរ​ជា​មាន​អ្នក​ស្រឡាញ់​គាំទ្រ​យ៉ាង​ច្រើន ឬ​និយាយ​ម្យ៉ាងទៀត​ថា​មាន​ប្រជាប្រិយភាព​ចំពោះ​អ្នក​ដទៃ។ នេះ​ក៏​ដោយសារ​បុគ្គល​នោះ​មាន​លក្ខណៈ​ពិសេស​ដែល​អាច​អន្ទង​ចិត្ត ឬ​សណ្ដំ​ចិត្ត​អ្នក​ដទៃ​ឲ្យ​ចូល​ចិត្ត​ខ្លួន​ដោយ​ស្វ័យប្រវត្តិ ទាំង​សាមីខ្លួន​មិន​មាន​បំណង​ផង​ក៏​អាច​ថា​បាន។ ប្រជាប្រិយភាព​នេះ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា​ «អំណាច​ទាក់​ទាញ – charisma»។

 

​ពាក្យ charisma នៅ​ក្នុង​ន័យ​នេះ គឺ​មិន​មែន​ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍ ឬ​ប្រជាប្រិយភាព​ធម្មតា ឬ​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​តាម​របៀប​ស្លៀកពាក់​លេចមុខលេចក្រោយ​នោះ​ទេ ប៉ុន្តែ​ជា​លក្ខណៈ​ពិសេស​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ត្រូវ​បាន​មជ្ឈដ្ឋាន​ខាង​ក្រៅ​ចាប់​អារម្មណ៍។ និយាយ​ឲ្យ​ចំ បុគ្គល​ចំពូក​មាន​អំណាច​ទាក់​ទាញ​នេះ​និយាយ​អ្វី​ទៅ​កាន់​អ្នក​ដទៃ ពោរ​ពេញ​ដោយ​អំណាច​ទាក់ទាញ គេ​ចង់​ស្ដាប់ និង​គេ​ចូល​ចិត្ត​ស្ដាប់។ ខាងក្រោម​នេះ​ជា​វិធី ៦ យ៉ាង​ដែល​លោក​អ្នក​អាច​រៀន​សូត្រ​តាម ដើម្បី​ក្លាយ​ជា​បុគ្គល​ដែល​មាន​អំណាច​ទាក់ទាញ។

 

​១) បង្កើត​ទម្លាប់​ចូល​ចិត្ត​ស្ដាប់​ច្រើន​ជាង​និយាយ

​បុគ្គល​ខ្លះ នៅ​ក្នុង​ជំនុំ​ចំណោម​គេ​ឯង គឺ​គាត់​វ៉ាងទី​និយាយ​តែ​ម្នាក់​ឯង ចំណែក​អ្នក​ដទៃ​អង្គុយ​ស្ដាប់​តែ​គាត់​និយាយ ហើយ​គ្មាន​ឱកាស​បាន​និយាយ​អ្វី​ច្រើន​ប៉ុន្មាន​ទេ។ ការ​និយាយ​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ធុញ​ទ្រាន់​ទៅ​វិញ​ទេ ជាពិសេស​ពាក្យ​សម្ដី​ដែល​មិន​សូវ​គេ​ចាប់​អារម្មណ៍។

 

​បុគ្គល​ដែល​មាន​អំណាច​ទាក់ទាញ ចូលចិត្ត​បង្កើត​ឱកាស​សម្រាប់​អ្នក​ដទៃ​បាន​និយាយ​ឲ្យ​បាន​ច្រើន ដោយ​ដាក់​ខ្លួន​ឯង​ហាក់​ដូច​ជា​មនុស្ស​មិន​សូវ​យល់​ដឹង​សាច់​ការ ហើយ​លើក​ជា​សំណួរ ឬ​ចម្ងល់​ផ្សេងៗ (ធ្វើ​ជា​ឆ្ងល់)។ ចំណុច​មួយ​ទៀត គឺ​ការ​និយាយ​មើល​មុខ​គ្នា​ចំៗ ដើម្បី​ធ្វើ​ឲ្យ​អ្នក​និយាយ​មាន​អារម្មណ៍​ថា​ពាក្យ​សម្ដី​របស់​គេ​មាន​តម្លៃ គេ​យក​ត្រចៀក​ស្ដាប់​។ បុគ្គល​ដែល​មាន​អំណាច​ទាក់​ទាញ ចូលចិត្ត​បង្ហាញ​អាកប្បកិរិយា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​អ្នក​ដទៃ​និយាយ​។ ដូចនេះ នៅ​ពេល​បុគ្គល​នោះ​និយាយ​អ្វី​ចេញ​មក ក៏​អ្នក​ដទៃ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​វិញ​ដែរ។ 


២) ប្រើ​វិធី «ថ្នាំ​មួយ​មុខ​ព្យាបាល​ជំងឺ​មួយ​រយ​មុខ»

លោក​អ្នក​គួរ​សម្រិតសម្រាំង​រក​តែ​ពាក្យពេចន៍ ឬ​ទស្សនៈ​ណា​ដែល​មិន​ប៉ះពាល់​អារម្មណ៍​អ្នក​ដទៃ ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។ ឧទាហរណ៍ មនុស្ស​យើង​រស់​នៅ​ក្នុង​សង្គម​តែង​មាន​និន្នាការ​បែប​ណា​ម្យ៉ាង ដូចជា​ជំនឿ​សាសនា និន្នាការនយោបាយ ចំណង់ចំណូលចិត្ត វប្បធម៌ ប្រពៃណី ទ្រឹស្ដី។ល។ ដូចនេះ ដើម្បី​បំពេញ​ចិត្ត​មនុស្ស​គ្រប់​និន្នាការ លោក​អ្នក​ត្រូវ​រក​វិធី​ថ្លឹងថ្លែង និង​លើក​ដាក់ ដើម្បី​កុំ​ឲ្យ​ធ្ងន់​តែ​ម្ខាងៗ។

 

៣) កុំ​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួន​ឯង​ដាក់ (self-important)

​ជា​ធម្មតា នៅ​ក្នុង​សង្គម​ណា​ក៏​ដូច​សង្គម​ណា បុគ្គល​ដែល​បង្ហាញ​អាកប្បកិរិយា​ទន់​ភ្លន់ ដាក់​ខ្លួន តែង​ទទួល​បាន​ប្រជាប្រិយភាព​ពី​អ្នក​ដទៃ។

 

៤) ​បង្ហាញ​អាកប្បកិរិយា​ជា​បុគ្គល​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​ទំនុក​ចិត្ត​ចំពោះ​អ្នក​ដទៃ

​មិន​សំខាន់​ថា​លោក​អ្នក​មាន​ទំនុកចិត្ត ឬ​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​ប្រការ​សំខាន់ ត្រូវ​លោក​អ្នក​រៀបចំ​អាកប្បកិរិយា​ជា​បុគ្គល​ដែល​និយាយ​អ្វី​ប្រកប​ដោយ​ទំនុក​ចិត្ត និង​មាន​ចំណេះដឹង​ជ្រៅជ្រះ​លើ​ប្រធានបទ​ដែល​លោក​អ្នក​និយាយ។ សូម​កុំ​ស្មាន​ថា​វាគ្មិន​ដែល​ឡើង​ថ្លែង​បទ​ឧទ្ទេសនាម​អ្វី​មួយ សុទ្ធ​សឹង​ជា​បុគ្គល​ដែល​និយាយ​ត្រឹម​ត្រូវ ១០០%។

 

តាមពិត គេ​មាន​គោលការណ៍​និយាយ​ខុស​ខ្លះ​ត្រូវ​ខ្លះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ចាប់ទោសអូសដំណើរ​ទេ ព្រោះ​អ្វី​ដែល​សំខាន់​គឺ​ការ​និយាយ​ប្រកប​ដោយ​ទំនុក​ចិត្ត។ ផ្ទុយទៅវិញ ប្រសិនបើ​លោក​អ្នក​និយាយ​រអាក់រអួល ប្រាកដ​ជា​ត្រូវ​គេ​ធុញ​ទ្រាន់។ ក្នុង​កាលៈទេសៈ​ដែល​បុគ្គល​មាន​អំណាច​ទាក់ទាញ ស្ដាប់​គេ​និយាយ​វិញ​ម្ដង ក៏​គាត់​បង្ហាញ​អាកប្បកិរិយា​ផ្ដល់​ទំនុក​ចិត្ត​ចំពោះ​គេ​វិញ​ដែរ (ទោះ​បី​ក្នុង​ចិត្ត​គាត់​បែប​ណា​ក៏​ដោយ មិន​សំខាន់​ទេ សំខាន់​អាកប្បកិរិយា​ខាង​ក្រៅ)។

 

៥) ​កាត់​បន្ថយ​ការ​និយាយ​អាក្រក់​ពី​អ្នក​ដទៃ​ជា​អតិបរមា

​នៅ​ក្នុង​លោក​នេះ គ្មាន​អ្នក​ណា​គេ​ចូលចិត្ត​ឲ្យ​អ្នក​ដទៃ​និយាយ​អាក្រក់​អំពី​ខ្លួន​នោះ​ទេ ទោះបី​គេ​ដឹង​ថា​ខ្លួន​គេ​ប្រព្រឹត្ត​ល្អ ឬ​អាក្រក់​យ៉ាង​ណា​ក៏​ដោយ។ លោក​អ្នក​អាច​រក​វិធី​និយាយ​ដើម​គេ ជា​លក្ខណៈ​វិភាគ​រក​ចំណុច​ល្អៗ​អំពី​គេ ប្រសើរ​ជាង​អង្គុយ​និយាយ​ដើម សម្អុយ​កេរ្តិ៍​គេ។ នៅ​ពេល​ស្ដាប់​ឮ​គេ​និយាយ​អាក្រក់​អំពី​នរណា​ម្នាក់ លោក​អ្នក​ត្រូវ​ចេះ​រក​វិធី​កែច្នៃ​ស្ថានការណ៍ ដោយ​ប្ដូរ​ប្រធានបទ​ទៅ​និយាយ​អំពី​រឿង​អ្វី​ផ្សេង។

 

​៦) ចេះ​ទទួល​ស្គាល់​ការពិត​អំពី​ចំណុច​អវិជ្ជមាន​របស់​ខ្លួន

​ធ្វើ​ជា​បុគ្គល​ដែល​មាន​ស្មារតី​ទទួល​ស្គាល់​ចំពោះ​ចំណុច​ខ្វះខាត​ដែល​ខ្លួន​មាន នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​យល់​ថា​លោក​អ្នក​ជា​មនុស្ស​ទទួល​ខុសត្រូវ។ ពាក្យ​សាមញ្ញ​​មួយ​ម៉ាត់ «ទទួល​ខុសត្រូវ» ដែល​មាន​ន័យ​ថា​ទទួល​ទាំង​ខុស និង​ទទួល​ទាំង​ត្រូវ មិនមែន​ទទួល​តែ​ត្រូវ ឯ​ខុស​មិន​ទទួល។ ក្នុង​កាលៈទេសៈ​ខ្លះ មិន​ចាំ​បាច់​ឲ្យ​អ្នក​ដទៃ​និយាយ​ចំៗ​អំពី​ចំណុច​ខ្វះខាត​របស់​លោក​អ្នក​ទេ ប៉ុន្តែ​លោក​អ្នក​ទទួល​ស្គាល់​ការពិត​ដោយ​ខ្លួន​ឯង​តែម្ដង​ទៅ ជា​ការ​ប្រសើរ​ជាង៕

Author: ប្រែសម្រួល៖ អន សំអាងSource: Inc.com និង fortune.com