បច្ចេកវិទ្យា​​បំបែក​ឧបសគ្គ​​ទំនាក់ទំនង​រវាង​មេដឹកនាំ​ និង​ប្រជាជន

សម្តេច​​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ធ្លាប់​មាន​ប្រសាសន៍​ថា​ មានរឿង​រ៉ាវ​ខ្លះ​​របស់​ប្រជាជន​ សម្តេច​មិន​បានដឹង​ ​ដោយសារ​តែ​គ្មាន​អ្នក​រាយ​ការណ៍​ប្រាប់​ ឬ​ក៏​មាន​មន្ត្រី​ខិលខូច​​ខ្លះ​​លាក់បាំង​សម្តេច​​នូវ​ព័ត៌មាន​ ដែល​ខូច​ដល់​ប្រ​យោ​ជន៍​ផ្ទាល់ខ្លួន​របស់​ពួក​គេ ​។ តើ​មន្ត្រី​ខិល​ខូច​​ទាំងនោះ​ អាច​បន្តសកម្មភាព​ទុច្ចរិត​ ឬ​អសកម្ម​ ដោយ​ធ្វើ​ឱ្យ​​ខូច​​ទំនាក់ទំនង​​រវាង​មេដឹកនាំ​ និង​ប្រជាជន​បាន​ទៀត​ទេ?

ឱ​កាស​​ប្រហែលជា​នៅ​សេសសល់​តិចតួច​ សម្រាប់​អ្នក​ដែល​ហ៊ាន​ភរ​​នាយក​រដ្ឋមន្ត្រី​ ឬ​ក៏​ហ៊ាន​ប្រព្រឹត្តិ​អំពើអាក្រក់ ​ឬ​ក៏​អយុត្តិធម៌ ​ដោយ​សង្ឃឹមថា​ មេដឹកនាំ​ ឬ​សម្តេច​តេ​ជោ​ អាច​នឹង​មិនដឹង​​រាល់​អំពើ​អសកម្ម​របស់​​ពួក​គេ ​។

សម្តេច​​តេ​ជោ​​ដែល​មើលឃើញ​ពី​ការ​ខ្វះ​ខាត​នៃ​ព័ត៌មាន​ពី​មហាជន​​ ដល់​សម្តេច​នោះ ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​​ព័ត៌មាន ​ដើម្បី​ទទួល​ព័ត៌មាន​​បន្ថែម​​ដោយ​ផ្ទាល់​ពី​មហាជន​ ឬ​ក៏​អ្នក​ដែល​ងាយ​រង​​គ្រោះ​នានា​ ។ សម្តេច​​មាន​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​ដ៏​រស់​រវើក​មួយ ​ដែល​សម្តេច​ផ្ទាល់​​ បាន​តាមដាន​ និង​ពេល​ខ្លះ​សរសេរ​​ដោយ​ផ្ទាល់​ដៃ​ ។ តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​នោះ​ សម្តេច​បាន​ធ្វើការ​សម្រេចចិត្ត​មួយ​ចំនួន ​ដែល​ផ្តល់​​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ​ឬ​ផ្តល់​ប្រយោជន៍​ដល់​​សាធារណជន​ទូទៅ​ ។ តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​អ្នក ​like ចំនួន​ជាង​បី​លាន​នាក់ ​សម្តេច​ត​ជោ​​កាន់តែ​នៅ​ជិត​មហាជន ​ហើយ​មហាជន​កាន់តែ​នៅ​ជិត​​សម្តេច ​។

ឧទាហរណ៍​ដ៏​ជាក់​ស្តែង​​មួយ ​គឺ​ការ​ចេញ​ប្រើប្រាស់​ច្បាប់​ចរាចរណ៍​​ដ៏​ចម្រូងចម្រាស់ ​ដែល​ក្រោយមក​ត្រូវ​ទប់​ស្កា​ប់​វិញ ​។ បើសិនជា​គ្មាន​​ហ្វេ​ស​ប៊ុ​ក​​សម្តេច​ ប្រហែលជា​មិន​បានដឹង​ទេ​ ថា​តើ​ច្បាប់​នោះ​ មាន​ភាព​ចម្រូងចម្រាស់​ខ្លាំង​យ៉ាងណា​ ហើយ​ថា​តើ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្លាំង​យ៉ាងណា? សម្តេច​បាន​ប្រមូល​ប្រតិកម្ម​តាម​រយ​:​ហ្វេ​ស​ប៊ុ​ក ​ហើយ​សម្តេច​ក៏​បាន​ចេញ​ការ​​សម្រេចចិត្ត​ផ្អាក​​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​ដ៏​ចម្រូងចម្រាស់​នោះ​ ដោយ​ធ្វើ​ឱ្យ​​មហាជន​ស្ទើរ​ទាំងអស់​សប្បាយចិត្ត​ ។

បើសិនជា​គ្មាន​ហ្វេ​ស​ប៊ុ​ក ​ពេល​នោះ​ប្រហែលជា​មនុស្ស​​ជា​ច្រើន​នឹង​​រង​ផល​ប៉ះពាល់​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ ដែល​គេ​គិត​ថា ​ខ្វះ​ការ​ពិភាក្សា​ល្អិតល្អន់​ ដោយ​សមាជិក​រដ្ឋសភា​ ។ មនុស្ស​ជា​ច្រើន​នឹង​ខឹងសម្បារ​​ ចំពោះ​រឿង​នោះ​ ដោយ​បំផ្លាញ​ដល់​ទំនាក់ទំនង​​រវាង​មេ​ដឹក​នាំ​ និង​ប្រជាជន​ដែល​មិន​សប្បាយចិត្ត ​។

ទំនាក់ទំនង​ដ៏​ជិត​ស្និ​ទ្ធិ​​រវាង​សម្តេច​តេ​ជោ ​និង​ប្រជាជន​ នឹង​បញ្ជូន​សារ​មួយ​ដល់​មន្ត្រី​ខិលខូច​ ឬ​អសកម្ម​ថា​ ពួក​គេ​មិន​អាក់លាក់បាំង​ពី​មេដឹកនាំ​អំពើ​អសកម្ម​ពី​នាយក​រដ្ឋមន្ត្រី​បាន​ដូច​​ពី​មុន​ទេ​ ។ បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​​សង្គម​កាន់តែ​មាន​តម្លាភាព​ ហើយ​វា​នឹង​ផ្តល់​ប្រយោជន៍​​ដល់​មនុស្ស​គ្រប់​គ្នា ​។

ប្រជាជន​ត្រូវ​តែ​ឆ្លៀត​យកចំណេញ​ពី​ការ​បើកចំហរ​​របស់​នាយក​រដ្ឋមន្ត្រី​ នៅ​ក្នុង​ការ​ទទួលយក​បញ្ហា​របស់​ប្រជាជន​ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជា​ជន​។ វា​ជា​​សំណាង​មួយ​ សម្រាប់​ប្រជាជន ​ដែល​មេដឹកនាំ​ក្លាហាន​បើក​ការ​ទំនាក់ទំនង​យ៉ាង​ចំហ​​បែប​នេះ​ ។ ដូច្នេះ​ប្រជាជន​គ្រប់​គ្នា ​នឹង​មានឱ​កាស​នៅ​ក្នុង​ការ​នាំ​យក​បញ្ហា​ ដែល​លំបាកលំបិន​ខ្លាំង​ ដើម្បី​ឱ្យ​​សម្តេច​តេ​ជោ​ជួយ​ដោះស្រាយ បើសិនជា​ពួក​មន្ត្រី​ថ្នាក់​ក្រោម ​គេចវេស​នៅ​ក្នុង​ការ​ដោះស្រាយ​ដោយ​យុត្តិធម៌​ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​​ក៏​ដោយ​ចុះ គេ​ក៏​មិន​ត្រូវ​រំខាន​ដល់​នាយក​រដ្ឋមន្ត្រី​ដោយសារ​តែ​បញ្ហា​តូចតាច​ដែល​អាច​ដោះស្រាយ​បាន​ដោយ​ថ្នាក់​ក្រោម​​នោះ​ឡើយ​ ។

ដើម្បី​រក្សា​ទំ​នាក់​ទំនង​តាម​បណ្តាញ​សង្គម​​នេះ មនុស្ស​គ្រប់​គ្នា​​ត្រូវ​ស្មោះត្រង់​នៅ​ក្នុង​ការ​ទំនាក់ទំនង​​ជាមួយ​នាយក​រដ្ឋមន្ត្រី​ ហើយ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​សម្តេច​ចំពោះតែ​​បញ្ហា​សំខាន់​ៗ​ប៉ុណ្ណោះ​ ។ បើ​ពុំនោះ​ទេ បញ្ហា​​រាប់​លាន​នឹង​នាំ​ដល់​សម្តេច​ដោយ​ហួស​ពី​ល​ទ្ឋ​ភាព​របស់​មនុស្ស​នៅ​ក្នុង​ការ​ដោះស្រាយ​ ។ ចំណែក​មន្ត្រី​ថ្នាក់​ក្រោម​របស់​រដ្ឋាភិបាល​ ត្រូវ​តែ​ជួយ​សម្តេច​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន ​ហើយ​ត្រូវ​មាន​ភាព​ខ្មាស់​អៀន​ ដែល​ទុក​ឱ្យ​​បញ្ហា​តូច​ៗ​តាម​រំខាន​មេដឹកនាំ​ ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ធំ​ៗ​រាប់​មិន​អស់​ស្រាប់​ទៅ​ហើយ​ ៕

                                                                                                                               ដោយ​រ័​ត្ន ធី​យ៉ា