ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ចោរប្លន់​មួយ​ក្រុម​មាន​គ្នា​៦​នាក់ ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​ និង​ដាវ​សា​មូរ៉ៃ ​​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេចពី​បុរស​ម្នាក់ ហើយ​​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១១​និង​​១០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ក្រសួងព័ត៌មាន តាម​បណ្តោយ​​មហាវិថី​​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ឈ្មោះ អុឹម សុភា អាយុ​២៣​ឆ្នាំ ​​ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫ​ស្សី​កែវ ​បាន​និយាយ​​ថា ​មុន​ពេល​កើតហេតុ​ រូបគេ​​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​​ឆ្នាំ​២០១៤ ​​ចេញពី​លេង​ផ្ទះ​មិត្ត​ភក្តិ​នៅ​ម្តុំ​វិមាន​ឯករាជ្យ ​រួច​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​​​ លុះ​​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​កន្លែង​ស្ងាត់​និង​ងងឹត​ផង​នោះ ស្រាប់តែ​មាន​ចោរ​មួយ​ក្រុម​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​៤​គ្រឿង​​ប្រដាប់​ដោយ​កាំភ្លើង​ខ្លី និង​ដាវ​សាមូរ៉ៃ ​មក​អែប​និង​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​រូបគេ​​ដោយ​ភ័យ​​ខ្លាច​​ចោរ​វាយធ្វើ​បាប​និង​​បាញ់​សម្លាប់​​​ក៏​​​ប្រគល់​ម៉ូតូ​ឱ្យ​​ក្រុម​ចោរ​ទាំង​នោះ​តែ​ម្តង​ទៅ​ ។

ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​បុ​ស្តិ៍​វត្ត​ភ្នំ តែ​សមត្ថកិច្ច​ថា ​ទឹកដី​សង្កាត់​​ស្រះ​ចក ក៏​ជូន​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ទី​នោះ​​​វិញ ហើយ​សមត្ថកិច្ច​សង្កាត់​​ស្រះ​ចក​ថា​​សង្កាត់​វត្ត​ភ្នំ ហើយ​រុញ​ជន​រង​គ្រោះ​ដាក់​គ្នា​ទៅ​មក ទើប​នាំ​គ្នា​ទៅ​មើល​ដល់​កន្លែង​កើតហេតុ​ជាក់ស្តែង​​ជា​ទឹកដី​វត្ត​ភ្នំ ហើយ​ក៏​ដាក់​ពាក្យបណ្តឹង​នៅ​បុ​ស្តិ៍ ៕