ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ បើគ្មានការប្រែប្រួលនោះទេ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​និង គណៈប្រតិភូជាន់ខ្ពស់​អមដំណើរ ​នឹងធ្វើមាតុភូមិនិវត្តន៍មកពីបំពេញ​ទស្សនកិច្ចការងារនៅ​        សា​ធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ​វេលាម៉ោង៤និង៣០នាទី​រសៀលថ្ងៃទី១៣ មីនា ២០១៦ ។

បើយោងតាមសម្តេចតេជោនាយករដ្ឋមន្រ្តី ​ដែលសរសេរបង្ហោះនៅលើ​បណ្តាញទំនាក់ទំនងសង្គម (Facebook) បានឲ្យដឹងថា ​នៅរសៀលថ្ងៃទី១២ មិនាម្សិលមិញ​ សម្តេចតេជោ ហ៊ុន សែន  បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​កម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលជាមួយ​ប្រទេសឡាវ ​ដឹកនាំដោយ លោក ប៊ូញ៉ាង វ៉ូរ៉ាជីត​ (BounNhang VoraChith ) ​អគ្គលេខាធិការ​បក្សប្រជាជន​បដិវត្តន៍​ឡាវ​ ​នៅវិមានប្រធានាធិបតីឡាវ (Ho-Kham) ​។ នៅក្នុងកិច្ចប្រជុំនេះ ​គឺភាគីកម្ពុជា-ឡាវ ​បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ ​ដើម្បីបង្កើន​និងពង្រឹងនូវចំណង​មិត្តភាព ​ទំនាក់ទំនងពាណិជ្ជកម្ម ​ដែលនាំមកនូវផលប្រយោជន៌សម្រាប់ប្រជាជាតិទាំងពីរ ។​ ក្រោយពីបញ្ចប់កិច្ចប្រជុំ ​ភាគី កម្ពុជា-ឡាវ ​បានចុះកិច្ចព្រមព្រៀង​ សហប្រតិបត្តិការឆ្នាំ ២០១៦​-២០១៧ និង​កំណត់ហេតុនៃអង្គប្រជុំកំពូល។

បន្ទាប់មកនៅល្ងាចថ្ងៃដដែលគឺភាគី ​ឡាវ បានរៀបចំពិធីលៀងសាយភោជន៍ ​ជូន សម្តេចតេជោ ហ៊ុន សែន ​និងគណៈប្រតិភូទាំងអស់ ​ប្រកបដោយបរិយាកា​សស្និទ្ឋស្នាលរីករាយក្រៃលែង ៕