សុខភាព &raquo សុខភាព

តាម​ការ​សិក្សា​មួយ​បានឱ្យ​ដឹង​ថា បុគ្គល​វ័យ​ចំណាស់​អាច​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងធំធេង​ពី​ការ​បំបែក​ពេលវេលា​ទំនេរ​ពេញ​មួយ​ថ្ងៃ​របស់​ខ្លួន​តាម​រយៈ​ការ​ក្រោកឈរ​ឱ្យ​ញឹកញាប់ ។

សាស្ត្រាចារ្យ​ស្រាវជ្រាវ Luis B. Sardinha មក​ពី​មន្ទីរពិសោធន៍ «​លំ​ហាត់ប្រាណ​និង​សុខភាព​» នៃ​សាកលវិទ្យាល័យ Lisbon ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​បាន​ថ្លែង​ថា ជា​របកគំហើញ​ទូទៅ​មួយ បណ្តា​បុគ្គល​វ័យ​ចំណាស់​គួរ​ក្រោកឈរ​ឱ្យ​បាន​៩​ដង​អំឡុង​ពេល​អង្គុយ​១​ម៉ោង ។ តាម​ពិត​ទៅ សកម្មភាព​តួយ៉ាង​ដូច​ជា ការ​ក្រោកឈរ​នេះ​អាច​ជា​ផ្លូវ​មួយ​ឆ្ពោះទៅ​រក​ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​ការ​បំពេញ​មុខងារ​នៃ​រាង​កាយ​មនុស្ស​វ័យចាស់ ។

តាម​រយៈ​ព្រឹត្តិបត្រ Journals of Gerontology លោក Sardinha និង​សហការី​របស់​ខ្លួន​បាន​បង្ហាញ​ថា ការ​ស្រាវជ្រាវ​លើក​មុន​បាន​ភ្ជាប់​សកម្មភាព​រាង​កាយ​និង​ភាព​សមសួន​ក្នុង​ចំណោម​មនុស្ស​វ័យ​ចំណាស់​ទៅ​នឹង​ឯករាជ្យ​ភាព​រាង​កាយ ដែល​ជាប់​ទាក់ទិន​នឹង​ការ​ជួយ​ឱ្យ​ប្រសើរ​នូវ​គុណភាព​ជីវិត​ក៏​ដូច​ជា​បញ្ចុះ​ការ​បង់ថ្លៃ​លើ​លំហែ​ទាំ​សុខភាព ។

សាស្ត្រាចារ្យ​រូប​នេះ​បន្ថែម​ថា យ៉ាងណា​ក៏​ដោយ ការ​ណែនាំ​ឱ្យ​មនុស្ស​ចាស់​អនុវត្ត​តាម​ទ្រឹស្តី​សុខភាព ហាត់ប្រាណ​ជា​មធ្យម​រាល់ថ្ងៃ​ឬ​ចូលរួម​ក្នុង​កម្មវិធី​ហាត់ប្រាណ​ជា​ផ្លូវការ​ណាមួយ​នោះ ជា​និច្ចកាល​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​ធ្វើ​ឡើយ ។

ការ​ពិនិត្យ​តាមដាន​លើ​បុគ្គល​វ័យ​ពី​៦៥​ឆ្នាំទៅ​៩៤​ឆ្នាំ​ចំនួន​២១៥​នាក់​បាន​រក​ឃើញ​ថា ការ​ក្រោកឈរ​ច្រេ​ើ​ន​ដង​អំឡុង​ពេល​អង្គុយ​នៅ​មួយ​កន្លែង​និង​ការ​ធ្វើ​សកម្មភាព​ពី​កម្រិត​មធ្យម​ទៅ​ច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​មុខងារ​របស់​រាង​កាយ ។ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ពី​កម្រិត​មធ្យម​ទៅ​ខ្លាំង​នឹង​ជួយ​ឱ្យ​រាង​កាយ​បំពេញមុខ​នាទី​កាន់តែ​ល្អ​ប្រសើរ ។

លោក​សាស្ត្រាចារ្យ​ដដែល​បាន​និយាយ​ទៀត​ថា ទិន្នន័យ​របស់​យើង​លើក​នេះ​បង្ហាញ​ថា មាន​អ្នក​ស្ម័គ្រ​ពិសោធន៍​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បំពេញ​បាន​តាម​ការ​ណែនាំ ហាត់ប្រាណ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ៕