MH370៖ ទៅ​លំហែ​នៅ​ម៉ូហ្សំប៊ិច ស្រាប់​តែ​ប្រទះ​ឃើញ​បំណែក​មួយ…

បំណែកដែលគេសង្ស័យ ថាជាផ្នែកមួយនៃយន្ដហោះបាត់ខ្លួន ត្រូវបានរកឃើញជាថ្មីទៀត នៅលើទឹកដី​នៃ​ប្រទេស​ម៉ូហ្សំ​ប៊ិច (ទ្វីបអាហ្វ្រិកខាងកើត) ដោយយុវជនជាតិអាហ្វ្រិកខាងត្បូង​មួយរូប ដែល​បាន​ទៅធ្វើដំណើរ​លំហែកាយ នៅទីនោះ កាល​ពីខែធ្នូកន្លងមក។ ប៉ុន្តែការរកឃើញនេះ ទើបនឹង​ប្រកាស​ឲ្យ​ដឹង បន្ទាប់​ពី​អាជ្ញាធរ​របស់​ប្រទេស អាហ្វ្រិក​ខាង​ត្បូង បានអះអាងថា បំណែកនោះនឹងត្រូវបញ្ជូន ទៅ​ប្រទេស​អូស្ត្រាលី ដើម្បីធ្វើការពិសោធន៍រកការពិត។
MH370៖ ទៅ​លំហែ​នៅ​ម៉ូហ្សំប៊ិច ស្រាប់​តែ​ប្រទះ​ឃើញ​បំណែក​មួយ...

យន្ដហោះប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតឯកសារ)

ខណៈពេលដែលខ្លួន បានទៅលំហែកាយនៅក្នុងប្រទេស ម៉ូហ្សំប៊ិច កាលពីខែធ្នូឆ្នាំទៅម៉ិញនោះ យុវជន​ជាតិ​អាហ្វ្រិក​ខាងត្បូងមួយរូប បានប្រទះឃើញបំណែកពណ៌សមួយបន្ទះ ដែលមានប្រវែងមួយម៉ែត្រ នៅលើឆ្នេរ ហើយ​បានយកបំណែកនោះ ត្រឡប់មកជាមួយខ្លួន ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងវិញ។ ប៉ុន្តែការប្រទះ​ឃើញ​នេះ ទើបនឹងត្រូវបានទម្លាយឲ្យដឹង កាលពីថ្ងៃសុក្រទី១១ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះប៉ុណ្ណោះ បន្ទាប់​ពី​គ្រួសារ​របស់យុវជន បានមើលឃើញតាមបណ្ដាញផ្សព្វផ្សាយ ពីការរកឃើញ នូវបំណែកផ្សេងៗ នៅ​ក្នុង​តំបន់ ហើយ​បាន​រាយការណ៍​ពីការរកឃើញរបស់ខ្លួន ទៅកាន់អាជ្ញាធរនៃប្រទេសអាហ្វ្រិកខាងត្បូង។

បំណែកដែលមានប្រវែងប្រមាណជា ១ម៉ែត្រ នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសអូស្ត្រាលី ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ ថាវាពិតជាបំណែករបស់យន្ដហោះ ប៊ូអីង របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនទៅ យ៉ាង​អាថ៌កំបាំង​ជា​ទី​បំផុត កាលពីពីរឆ្នាំមុនឬយ៉ាងណា។ នេះបើតាមការប្រកាស របស់ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែលបានប្រកាសឲ្យដឹង កាលពីថ្ងៃសុក្រ។

» យុវជនជាតិអាហ្វ្រិកខាងត្បូង និងបំណែកដែលយុវជនរូបនេះ បានរកឃើញ៖

MH370៖ ទៅ​លំហែ​នៅ​ម៉ូហ្សំប៊ិច ស្រាប់​តែ​ប្រទះ​ឃើញ​បំណែក​មួយ...

រីឯអ្នកនាំពាក្យឲ្យការិយាល័យជំនាញ របស់ប្រទេសអូស្ត្រាលីវិញ ដែលទទួលបន្ទុក​ខាងសុវត្ថិភាព​​នៃការ​ដឹក​ជញ្ជូន (ATSB) បានបញ្ជាក់ថា៖ «គ្រួសារ (នៃយុវជនដែលបានរកឃើញបំណែក) បានទាក់ទងមកការិយាល័យ ATSB  ហើយការិយាល័យ ក៏បានទទួលរួចហើយដែរ នូវរូបថតពីបំណែកនោះ ដែលកំពុងយកមក​ធ្វើការ​ពិនិត្យ។» អ្នកនាំពាក្យបានអះអាងបន្ថែមថា បំណែកដែលគួរឲ្យសង្ស័យ នឹងត្រូវបានយកមកស្រាវជ្រាវ ដោយ​អ្នក​ស៊ើបអង្កេត របស់ប្រទេសម៉ាឡេស៊ី និងប្រទេសអូស្ត្រាលី ក៏ដូចជាអ្នកជំនាញ មកពី​ក្រុមហ៊ុន​ផលិត​យន្ដហោះ ប៊ូអីង នោះដែរ។

កន្លងមក មានបំណែក ឬវត្ថុជាច្រើន ដែលត្រូវបានរកឃើញ នៅក្នុងតំបន់​នៃមហាសមុទ្រឥណ្ឌាខាងលិច។ ប៉ុន្តែមានបំណែកតែមួយទេ ដែលត្រូវបានស្រាវជ្រាវ រកឃើញថា យន្ដហោះប៊ូអីង ដែលភ្ជាប់​ជើង​ហោះហើរ​លេខ  ត្រូវបានធ្លាក់បោកខ្លួន ក្នុងសមុទ្រពិតមែន។ បំណែកនោះ ត្រូវបានរកឃើញ​កាលពីខែកក្កដាឆ្នាំមុន នៅ​លើ​ឆ្នេរខាងកើត នៃកោះរ៉េអ៊ុយញ៉ុង (ទឹកដីរបស់ប្រទេសបារាំង ក្នុងមហាសមុទ្រឥណ្ឌាខាងលិច) ហើយ​ត្រូវ​បាន​អាជ្ញាធរ​របស់ប្រទេសម៉ាឡេស៊ី និងប្រព័ន្ធយុត្តិធម៌បារាំង អះអាងថា វាពិតជាផ្នែកមួយ នៃយន្ដហោះ​បាត់​ខ្លួន ហើយប្រាកដណាស់ គឺយន្ដហោះបានធ្លាក់បោកខ្លួន។ ប៉ុន្តែថា តើយន្ដហោះបានធ្លាក់របៀបណា និង​ដោយ​មូលហេតុ បែកណានោះ គេនៅមិនទាន់ដឹងអ្វីនោះទេ។

សូមរំលឹកជូនថា យន្ដហោះ «MH370» ដែល​​ភ្ជាប់​ជើង​ហោះហើរ ពី​រដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះ​ទៅ​កាន់រដ្ឋធានី ប៉េកាំង ប្រទេសចិន កាល​​ពី​ព្រឹក​ព្រហាមថ្ងៃទី៨ ខែមិនា​ ឆ្នាំ២០១៤ បានបាត់​ខ្លួនយ៉ាង​អាថ៌កំបាំង ជាមួយនឹងនឹងអ្នក​ដំណើរ ២៣៩​នាក់។ មក​ទល់​នឹង​ពេលនេះ ការរុករក​យន្ដហោះ​បាត់ខ្លួន នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ខាង​ត្បូង គ្មានទទួលបាន​​លទ្ធផល​ឡើយ៕