ខ្មែរឈ្នះមេដាយ​មាស គម្រោង​អាជីវកម្ម​តំបន់​ទន្លេ​មេគង្គ ២០១៦

ក្រុម​របស់​កម្ពុជា English Academy ជា​ម្ចាស់​មេដាយ​មាស នៃ​កម្មវិធី​ប្រកួត​​ប្រជែង​គម្រោង​អាជីវកម្ម តំបន់​ទន្លេ​មេគង្គ​ឆ្នាំ ២០១៦ ក្រោយ​ទម្លាក់​ក្រុម​ខ្លាំង​ៗ​មក​ពី៦​ប្រទេស កាល​ពី​យប់​មិញ ហើយ​ក្រុម​នេះ​នឹង​ត្រូវ​​បន្ត​ការ​ប្រកួត ​ថ្នាក់​ពានរង្វាន់​ពាណិជ្ជកម្ម​​អន្តរជាតិ (International Business Model Competition) នៅ​អាមេរិក ថ្ងៃ​​ ២៩ ខែមេសា ២០១៦បន្ត​ទៀត។

 

ខ្មែរឈ្នះមេដាយ​មាស គម្រោង​អាជីវកម្ម​តំបន់​ទន្លេ​មេគង្គ ២០១៦ក្រុម English Academy ឡើង​ទទួល​មេដាយមាស និង​ប្រាក់រង្វាន់ 

 

គម្រោង​អាជីវកម្ម English Academy ដែល​មាន​លោក ជា កញ្ញ៉ារិទ្ធ ជា​ប្រធានក្រុម ជា​គម្រោង​ផ្ដោត​លើ​​ការ​បង្កើត​សាលា​ភាសា​អង់គ្លេស នៅ​តាម​​ជនបទ និង​តំបន់​ដាច់ស្រយាល ដើម្បី​ឱ្យ​ក្មេងៗ​មាន​ឱកាស​ទទួល​ការអប់រំ​​ ជា​ភាសា​អង់គ្លេស​ដូច​ក្មេងដទៃដែរ​ ជាមួយ​នឹង​ការ​បង់​ថ្លៃ​​​​សិក្សា​ក្នុង​កម្រិត​សមរម្យ​បំផុត។ នេះ​ជា​ការ​ថ្លែង​របស់​លោក ស៊ឹម ចំរើន កូន​​ក្រុម English Academy មក​កាន់​ Sabay ក្រោយ​ចប់​កម្មវិធី។

 

លោក​ ស៊ឹម ចំរើន បាន​រៀបរាប់​ថា៖ “ពួក​ខ្ញុំ​ចង់​ឱ្យ​ក្មេង​ៗ​នៅ​តំបន់​ដាច់ស្រយាល ទទួល​​បាន​ការ​អប់រំ​ជា​ភាសា​អង់គ្លេស ​ក្នុង​តម្លៃ​ថោក​បំផុត។ ពួក​ខ្ញុំ​សិក្សា​​នៅ​តំបន់​ដាច់​ស្រយាល ជា​ធម្មតា​សិស្ស​​ម្នាក់​​ចំណាយ ៥ រយ​រៀល​ក្នុង​មួយ​ម៉ោង។ អ៊ីចឹង​​ក្នុង​មួយ​ឆ្នាំ យើង​​គណនា​​មើល​​ទៅ គាត់​ត្រូវ​ចំណាយ​ ៦៥ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ចំពោះ​ពួក​យើង គឺ​យើង​ធ្វើ​ម៉េច​ឱ្យ​តម្លៃ​សិក្សា​ទាប គឺ​ឱ្យ​គាត់​ចំណាយ​តែ ៣០-៣៥ ដុល្លារ​ទេ។ យើង​ចង់​បង្កើត​គម្រោង​នេះ នៅ​តំបន់​ដាច់​ស្រយាល ព្រោះ​ពួកគាត់​មាន​វិបត្តិ​ដូចជា អត់​មាន​គ្រូ​បង្រៀន​ពូកែ អត់​មាន​លទ្ធភាព​រៀន និង​អត់​មាន​លទ្ធភាព​ ក្នុង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គាត់”។

 

មុន​យក​ឈ្នះ​ក្រុម​មក​ពី​ប្រទេស ប៊ូតាន (២​ក្រុម) ឡាវ (១ក្រុម) មីយ៉ាន់ម៉ា (២ក្រុម) ថៃ (១ក្រុម) វៀតណាម (២ក្រុម) ចិន (១ក្រុម) រួម​ទាំង​ក្រុម  Pengpos របស់​កម្ពុជា​មួយ​ទៀត​  នៅ​ក្នុង​​កម្មវិធី​ប្រកួត​​ប្រជែង ​គម្រោង​អាជីវកម្មតំបន់​ទន្លេ​មេគង្គ​នេះ ក្រុម English Academy បាន​ឆ្លង​កាត់​​ការ​ប្រលង​ជម្រុះ ​ក្នុង​កម្មវិធី Business Model Cambodia ឆ្នាំ​២០១៦ ដោយ​មាន​ ១៤ ក្រុម​ចូលរួម។ ក្នុង​ការ​ប្រកួត​នេះ ជយលាភី ២ ក្រុម​ត្រូវ​បាន​ជ្រើសរើស គឺ​ក្រុម English Academy និង Pengpos។

 

ខ្មែរឈ្នះមេដាយ​មាស គម្រោង​អាជីវកម្ម​តំបន់​ទន្លេ​មេគង្គ ២០១៦

 

ឈ្មោះ​ក្រុម​ប្រកួត​ប្រជែង និង​ជយលាភី
-English Academy (កម្ពុជា) ជាប់​លេខ ១ បាន​មេដាយ​មាស
-Bhutan Interlocking Brick (ប៊ូតាន) ជាប់​លេខ ២ បាន​មេដាយ​ប្រាក់
-Pengpos (កម្ពុជា) ជាប់​លេខ ៣ បាន​មេដាយ​​សំរឹទ្ធ
-Mekopad (វៀតណាម)
-Uhome (វៀតណាម)
-Mushroom Chips (ឡាវ)
-SHOFRE (ថៃ)
-Bird’s nest Drink (មីយ៉ាន់ម៉ា)
-Menjong pasta (ប៊ូតាន)
-Studio (ចិន)
-Savior (Life Jackets)

 

ខ្មែរឈ្នះមេដាយ​មាស គម្រោង​អាជីវកម្ម​តំបន់​ទន្លេ​មេគង្គ ២០១៦ក្រុម​លេខ ២

 

លោក Macor Breu ដៃ​គូ​គ្រប់គ្រង​ក្រុមហ៊ុន Mckinsey & Company Vietname ថ្លែង​ថា កម្មវិធី​ប្រកួត​​​គម្រោង​អាជីវកម្ម តំបន់​ទន្លេ​មេគង្គ​ បាន​ធ្វើ​ឡើង​រយៈ​ពេល ១០ ឆ្នាំ​ហើយ បើ​គិត​ពី​ឆ្នាំ​ ២០០៦​ មក ដែល​​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជា​ម្ចាស់​ផ្ទះ។ ៣ ​ឆ្នាំ​​ដំបូង​ធ្វើ​នៅ​កម្ពុជា ហើយ​ប្រកួត​តែ​កម្ពុជា​ប៉ុណ្ណោះ។ ​បន្ទាប់​មក​លោក​ និង​លោក Domimic Barton នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Mckinsey & Company បាន​​​បញ្ចូល​វៀតណាម ថៃ និង​ឡាវ។ ក្រោយ​មក​ទៀត​​មាន​ ​ចិន និង​មីយ៉ាន់ម៉ា ហើយ​ឆ្នាំ​នេះ​ក៏​មាន​វត្តមាន ប៊ូតាន ចូល​រួម​ដែរ។

 

កាល​ពី​ឆ្នាំ​មុន​ កម្មវិធី​នេះ​ធ្វើ​ឡើងម្ដង​នៅ​​វៀតណាម ប៉ុន្តែ​ក្រុម​របស់​កម្ពុជា​ ជា​អ្នក​ឈ្នះ។ លោក Macor Breu ថ្លែង​ថា ៖ ខ្ញុំ​​សប្បាយ​​ណាស់ ដែល​ឃើញ​កម្ពុជា​ជោគជ័យ និង​ផ្លាស់ប្ដូរ​ខ្លាំង ប៉ុន្តែ​ក្នុង​ចិត្ត​របស់​ខ្ញុំ ក្រុម​ណា​ឈ្នះ​មិន​សំខាន់ សំខាន់ ១១ ក្រុម​​ថ្ងៃ​នេះ គឺ​ឈ្នះ​ទាំងអស់”។​

 

លោក ទេព ចិត្រា កូនក្រុម English Academy មួយ​រូប​ទៀត​បាន​ប្រាប់​ថា ពេល​ទៅ​ប្រកួត​នៅ​អាមេរិក ក្រុម​របស់​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​លើកមុខ​មាត់​ជាតិ​លើ​ឆាកអត្តរជាតិ។

 
“យើង​នឹង​ប្រឹង​ឱ្យ​អស់​សមត្ថភាព ព្រោះ Business Model នេះ​ មិន​មែន​ផ្ដោត​តែ​លើ​អាជីវកម្ម​ទេ អ្វី​ដែល​យើង​ចង់​​ធ្វើ​គឺ​ជួយ​សង្គម​ខ្មែរ។ បើ​ទោះ​លំបាក​យ៉ាង​ណា យើង​នៅ​តែ​ខំប្រឹងប្រែង ដើម្បី​​ឱ្យ​ប្រជាជន​យើង​មាន​ចំណេះ​ដឹង​ប្រសើរ​ជាងមុ​ខ និង​ឱ្យ​ប្រទេស​របស់​យើង​ មាន​មុខមាន​មាត់​​នៅ​លើ​ឆាក​អន្តរជាតិ​បន្ត​ទៀត”៕

 ខ្មែរឈ្នះមេដាយ​មាស គម្រោង​អាជីវកម្ម​តំបន់​ទន្លេ​មេគង្គ ២០១៦ក្រុមលេខ ៣

ខ្មែរឈ្នះមេដាយ​មាស គម្រោង​អាជីវកម្ម​តំបន់​ទន្លេ​មេគង្គ ២០១៦

ខ្មែរឈ្នះមេដាយ​មាស គម្រោង​អាជីវកម្ម​តំបន់​ទន្លេ​មេគង្គ ២០១៦រដ្ឋមន្ត្រីក្រសួងអប់រំ ជយលាភី និង​គណៈកម្មការ

 

អត្ថបទ៖ អ៊ុំ សុភក្តិ