កសិករ​និង​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​បារម្ភ​ពី​គម្រោង​វិនិយោគ​ដាំ​ស្រូវ​របស់​វៀតណាម​នៅ​កម្ពុជា

ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​កសិករ បារម្ភ​ថា គម្រោង​ដាំ​ស្រូវ​របស់​វៀតណាម នៅ​កម្ពុជា នឹង​ធ្វើ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​ដួល​រលំ ស្រប​ពេល​ដែល​វិស័យ​ស្រូវ​អង្ករ​កម្ពុជា កំពុង​មាន​វិបត្តិ។ ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​ទទួល​ដំណឹង​ថា ក្រុមហ៊ុន​វៀតណាម មួយ​ចំនួន​កំពុង​ពិចារណា​ដាក់​ទុន​វិនិយោគ ដើម្បី​ផលិត​អង្ករ​នៅ​កម្ពុជា រួច​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។

ម្ចាស់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​កសិករ យល់​ថា ការ​ប្រកួត​ប្រជែង​នេះ នឹង​ធ្វើ​ឲ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា ប្រឈម​នឹង​ការ​បិទ​ទ្វារ ហើយ​កម្ពុជា នឹង​នៅ​តែ​មិន​អាច​សម្រេច​គោលដៅ​របស់​ខ្លួន ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

ក្តី​បារម្ភ​នេះ កើត​មាន​ក្រោយ​ពេល​គេហទំព័រ​ព័ត៌មាន​របស់​វៀតណាម ឈ្មោះ វៀតណាម ណេត ប៊្រីត (Vietnam Net Bridge) បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​វៀតណាម មួយ​ចំនួន​កំពុង​ពិចារណា​ដាក់​ទុន​វិនិយោគ​លើ​ការ​ដាំ​ស្រូវ​នៅ​លើ​ដី​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដោយ​រួច​ពន្ធ​គយ។

តំណាង​សហគមន៍​កសិករ​មក​ពី​ខេត្ត​កំពង់ស្ពឺ លោក ស៊ឹម រ៉ុម បារម្ភ​ថា បើ​គម្រោង​នេះ​ពិត​មែន វា​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កសិករ ជាពិសេស​ជំរុញ​ឲ្យ​កសិករ​បោះ​បង់​ការងារ​កសិកម្ម​កាន់​តែ​ច្រើន។ លោក​យល់​ថា កម្ពុជា មាន​ដី មាន​ទីផ្សារ​ស្រាប់ ហេតុ​នេះ​រដ្ឋាភិបាល​គួរ​តែ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​វិញ មុន​សម្រេច​វិនិយោគ​ដី​ទៅ​ឲ្យ​វៀតណាម ដាំ​ដុះ​ស្រូវ៖ «យើង​មាន​ដី មាន​ទីផ្សារ ហេតុ​នេះ​កសិកម្ម​គួរ​តែ​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង ព្រោះ​កាល​ណា​តែ​ជួល​ដី​ឲ្យ​គេ វា​អាច​ប៉ះពាល់​ច្រើន​ណាស់ ពិសេស​ខ្សោះ​ជីជាតិ​ទៅ​ថ្ងៃ​ក្រោយ»

ទន្ទឹម​គ្នា​នេះ ម្ចាស់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ ១៦៨៨ ប្រចាំ​ខេត្ត​កំពង់ធំ លោក ជួ ផេង ឲ្យ​ដឹង​ថា កន្លង​មក វិស័យ​ស្រូវ​អង្ករ​កម្ពុជា ជួប​បញ្ហា​កង្វះ​ទុន (ទុន​បង្វិល ទុន​វិយោគ​ឃ្លាំង និង​ទុន​ទិញ​ស្រូវ​ស្តុក​ទុក) ហើយ​ថ្លៃ​អគ្គិសនី​ដើម្បី​ផលិត​អង្ករ​ក៏​ខ្ពស់។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង​បាន។ ម្ចាស់​ក្រុមហ៊ុន​រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​លើ​គម្រោង​វិយោគ​របស់​វៀតណាម៖ «ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​គាត់​ត្រូវ​គិតគូរ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់ មុន​នឹង​សម្រេច​ឲ្យ​វៀតណាម មក​ដាំ​ស្រូវ​នៅ​កម្ពុជា»

ចំណែក​ឯ​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក មូល សារិទ្ធី ទទួល​ស្គាល់​ថា ការ​វិយោគ​នេះ​ជា​ទីផ្សារ​សេរី វា​នឹង​រឹតតែ​ជួយ​ជំរុញ​កំណើន​នាំ​ចេញ​អង្ករ​កម្ពុជា ទៅ​ផ្គត់ផ្គង់​ទីផ្សារ​បរទេស ប៉ុន្តែ​លោក​យល់​ថា បើ​គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​ពិត​មែន ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​កំណត់​ឲ្យ​ច្បាស់​ពី​ទំហំ​ដែល​ត្រូវ​វិនិយោគ​ដល់​ក្រុមហ៊ុន​វៀតណាម ទាំង​នោះ ហើយ​ជា​បរិមាណ​មួយ​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា៖ «រដ្ឋាភិបាល​ត្រូវ​កំណត់​នូវ​ទំហំ​នៃ​ការ​វិយោគ​ឲ្យ​ច្បាស់ មុន​នឹង​វិនិយោគ ដែល​ការ​វិនិយោគ​ធ្វើ​ម៉េច​កុំ​ឲ្យ​ប៉ះពាល់​ជីវភាព​កសិករ ហើយ​ប៉ះពាល់​ទំហំ​ផលិត​ដែល​យើង​មាន​ហើយ​ស្រាប់»

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥ កម្ពុជា បាន​នាំ​ចេញ​អង្ករ​ចំនួន​ជាង ៥៣​ម៉ឺន​តោន (៥៣៨.៣៩៦​តោន) ក្នុង​នោះ​ជាង ៥០​ភាគរយ​នៃ​បរិមាណ​ដែល​បាន​នាំ​ចេញ ត្រូវ​បាន​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប។ កាល​ពី​ឆ្នាំ​២០១៥ រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា បរាជ័យ​នាំ​អង្ករ​ចេញ​ឲ្យ​បាន ១​លាន​តោន ក៏​ដោយសារ​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ ដូចជា​ប្រទេស​ថៃ (Thailand) វៀតណាម (Vietnam) ឡាវ (Lao) និង​មីយ៉ាន់ម៉ា (Myanmar) ជាដើម។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ក្រសួង​កសិកម្ម ដើម្បី​បំភ្លឺ​ពី​គម្រោង​ដាំ​ស្រូវ​របស់​វៀតណាម លើ​ដី​កម្ពុជា បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា។

គេហទំព័រ​ព័ត៌មាន​វៀតណាម ដដែល បាន​ស្រង់​សម្ដី​មន្ត្រី​ទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ង្វៀង បាវ (Nguyen Bao) ថា «កម្ពុជា ពេល​នេះ​កំពុង​ត្រូវ​ការ​ដើម​ទុន​ប្រមាណ ៣០០​លាន​ដុល្លារ ដើម្បី​វិនិយោគ​លើ​កសិកម្ម ដែល​ការ​នេះ​អាច​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​អ្នក​រក​ស៊ី​ផ្នែក​ស្រូវ​អង្ករ​វៀតណាម ព្រោះ​វា​អាច​ជួយ​ឲ្យ​ពួក​គេ​នាំ​ចេញ​អង្ករ​ចូល​ដល់​ទីផ្សារ​តំបន់​អឺរ៉ុប»។ ជាង​នេះ​ទៀត មន្ត្រី​រូប​នេះ​យល់​ថា «វៀតណាម គួរ​តែ​ដាំ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​នាំ​ចេញ​ស្រូវ​ទៅ​អឺរ៉ុប ដើម្បី​រួច​របាំង​ពន្ធ​គយ»

យ៉ាង​ណា គេហទំព័រ​ព័ត៌មាន​នេះ​មិន​ទាន់​បញ្ជាក់​ពី​តំបន់​ណា​ខ្លះ​ដែល​ត្រូវ​វិនិយោគ​ដាំ​ស្រូវ ហើយ​ចាប់​ផ្ដើម​ដំណើរ​ការ​គម្រោង​នេះ​នៅ​ពេល​ណា​នៅ​ឡើយ។

កន្លង​មក កម្ពុជា ទទួល​បាន​ការ​អនុគ្រោះ​របាំង​ពន្ធ​គយ ដោយសារ​គោល​នយោបាយ​របស់​អឺរ៉ុប ស្ដីពី​ការ​នាំ​ចូល​គ្រប់​ទំនិញ​លើក​លែង​តែ​អាវុធ​សម្រាប់​ប្រទេស​ក្រីក្រ។ នៅ​ក្រោម​គោល​នយោបាយ​នេះ កម្ពុជា អាច​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប មិន​ជាប់​ពន្ធ​គយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ស្នើ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​កម្ចី​ប្រមាណ ២៥០​លាន​ដុល្លារ​ក្នុង​អត្រា​ការប្រាក់ ៤​ភាគរយ​ក្នុង​មួយ​ឆ្នាំ បញ្ចុះ​តម្លៃ​អគ្គិសនី ដើម្បី​សង្គ្រោះ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា គេច​ចេញ​ពី​ការ​ដួល​រលំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។