​​CPP ទទួល​សមាជិកថ្មី​មក​ពី​ CNRP ​១២៦​នាក់​ នៅ​ស្រុក​បាកាន

ខេត្តពោធិ៍សាត់​ ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១២ ​ខែ​មី​នា ​ឆ្នាំ​២០១៦​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បាកាន​ មាន​ធ្វើ​ពិធី​ប​ញ្ជូ​ល​សមាជិក​ថ្មី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោម​វត្តមាន​លោក​ ស៊ុ​យ សែ​ម​ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់​ និង​លោក​ ខូ​យ សុខា​ ប្រធាន​ក្រុមប្រឹក្សា​ និង​ជា​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​​ ។

លោក ​សៅ ដា​រឿ​ន ​ប្រធាន​ក្រុមប្រឹក្សា ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បាកាន ​បាន​ជម្រាប​​ជូន​ថា ​សមាជិក​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មក​ចូលរួម​ជាមួយ​​គណបក្ស​​ប្រជាជន​កម្ពុជា ​​ទាំង​អស់​​ចំនួន​១២៦​នាក់​ មក​ពី​៣​ឃុំ​ ​មាន ឃុំ​បឹង​ខ្នារ ឃុំ​ខ្នារ​ទទឹង និង​ឃុំ​រំលេច​ ។​ ការ​ដែល​ចូល​មកនេះ​ដោយសារ​តែ​ពួក​គាត់​អស់ជំនឿ​ទៅ​លើ​ការ​ដឹកនាំ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្មាន​ភាព​ច្បាស់លាស់ មានរឿង​រត់ចោលស្រុក​គ្មាន​ការ​ទទួលខុសត្រូវ និង​​សម្បូរ​​ទៅ​ដោយ​រឿងអាស្រូវ​​ច្រើន​ ។ ​ពួក​គាត់​ចូល​មកនេះ​ដោយ​ស្ម័គ្រចិត្ត​ពុំ​មាន​អ្នក​ណា​ចាប់បង្ខំ​នោះ​ឡើយ ​និង​ដោយ​មើលឃើញ​ពី​ទ​ង្វើ​ល្អ​ជាក់ស្ដែង​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​​កសាង​អភិ​វ​ឌ្ឍ​រីក​ចម្រើន​​លើ​គ្រប់​វិស័យ​ និង​ធ្វើ​អ្វី​ៗ​​ដើម្បី​តែ​ប្រជាពលរដ្ឋ ​និង​ប្រទេស​ជាតិ​ ។

​លោក​ ស៊ុ​យ សែ​ម​ បាន​ស្វាគមន៍​ចំពោះ​បងប្អូន​ដែល​​ចេញ​​​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ពេល​នេះ​ ពិតជា​គិត​បាន​ត្រឹម​ត្រូវ​ និង​មិន​ទាន់​ហួសពេល​នោះ​ទេ​ ។​ គណបក្ស​ប្រជាជន​កម្ពុជា​​បើកចំហ​គ្រប់ពេល​ ប៉ុន្តែ​មិន​បង្ខិតបង្ខំ​នោះ​ទេ​ គឺ​តាម​ការ​យល់​ឃើញ​របស់​បងប្អូន​ ។​ បើ​ចូល​មក​ដោយ​​សម្លឹង​​ឃើញ​អ្វីមួយ​ហើយ​នៅ​ពេល​មិន​បាន​ដូច​ចិត្ត​ងាក​រ៉េ​ទៅ​វិញ​តាមតែ​ចិត្ត​នឹកឃើញ​នោះ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ត្រូវការ​ទេ​ ។​

លោក​​សូម​ឲ្យ​គណបក្ស​ឃុំ​/ស្រុក ​ទទួលយក​សមាជិក​ថ្មី​​ចេញ​​ពី​​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១២៦​នាក់​ មក​រួមរស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ក្រុម​គ្រួសារ​តែ​មួយ​ ចាប់ពី​ពេល​នេះ​តទៅ​ ។​ លោក​​ ​ស៊ុ​យ សែ​ម ​សូម​ឲ្យ​បងប្អូន​ដែល​ចូល​មកនេះ​ត្រូវ​គោរព​លក្ខ​ន្តិ​កៈ សេចក្ដីសម្រេច ​និង​គោលនយោបាយ​របស់​បក្ស​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ត្រូវ​ពង្រឹង ​និង​ពង្រីក​កម្លាំង​បន្ថែម​ទៀត ​ដើម្បី​ឈាន​ទៅ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​នយោបាយ​ផ្សេង​ៗ​នៅ​អាណត្តិ​ក្រោយ​ៗ​ទៀត​ ៕