អគ្គនាយកដ្ឋាន​ពន្ធដារ​រក​ចំណូល​បាន​ជាង​៩៥​លាន​ដុល្លារ​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​៣៨៣.៧០៨,៨៣​លាន​រៀល​(​គិត​ជា​ដុល្លារ​ប្រមាណ​៩៥,៩៣​លាន​ដុល្លារ​) ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៦ ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​សារពើពន្ធ​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​ពីរ​ខែ​ឆ្នាំ​២០១៦ ការ​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​សរុប​បាន​ចំនួន​៨៤៩.៩៣៣,៣៥​លាន​រៀល (​គិត​ជា​ដុល្លារ​ប្រមាណ​២១២,៤៩​លាន​ដុល្លារ​) ស្មើនឹង​១៤,៩៤%​នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ ។ ប្រសិនបើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥​ឃើញ​ថា ការ​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៦​កើនឡើង​ប្រមាណ​ជា​១៤,៩៤% ។ ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ​ឃើញ​ថា​ក៏​មានការ​កើនឡើង​ផង​ដែរ​នូវ​ចំណូល​ពន្ធ​អាករ​តាម​ប្រភេទ​ពន្ធ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ពន្ធលើប្រាក់ចំណេញ​កើនឡើង​ប្រមាណ​៩,៨% ពន្ធលើប្រាក់បៀវត្ស​រ៍​កើនឡើង​ប្រមាណ​១៥,០% អាករ​លើ​តម្លៃបន្ថែម​កើនឡើង​ប្រមាណ​១៤,៩% និង​អាករ​ពិសេស​កើនឡើង​ប្រមាណ​១៩,៣% ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព