ភ្លៀង​កក់ខែ​ដើមឆ្នាំ​លាយឡំ​ខ្យល់​កន្ត្រាក់​​បំផ្លាញ​ផ្ទះ​​៤១​ខ្នង

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​ពលរដ្ឋ រួម​ទាំង​ទី​អារាម សាលាឃុំ​ សរុប​ចំនួន​៤១​ខ្នង ​ត្រូវ​បាន​បំផ្លាញ​ដោយ​គ្រោះ​ធម្មជាតិ​ទឹកភ្លៀង​កក់ខែ​មួយ​មេ​ធំ​លាយឡំ​ខ្យល់​កន្ត្រាក់​​បក់​បោកទទួល​រង​គ្រោះ​​​ចំនួន​៦​ភូមិ ​កាលពី​វេលា​ម៉ោង​៧និង៣០​នាទី​រហូត​​ដល់​ម៉ោង​១០និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ​មីនា ២០១៦ នេះ​ ស្ថិត​នៅ​ក្នុង​ឃុំ​អ​ម្ពឹ​ល​ ស្រុក​បន្ទាយ​​អម្ពឹ​ល ​។​

មន្ត្រី​សាលាស្រុក​បន្ទាយ​អ​ម្ពឹ​ល​ បាន​ឲ្យ​ដឹង​ថា ​ភ្លៀង​​ធ្លាក់​កក់ខែ​ដើមឆ្នាំ​ និង​មាន​ខ្យល់​​កន្ត្រាក់​​ផង​នោះ​បាន​បំផ្លាញ​លំនៅ​ឋាន​ពលរដ្ឋ​ចំនួន​៣៩​ខ្នង សាលា​ឃុំ​១​ខ្នង កុ​ដិ​វត្ត​១​ខ្នង ​។ ​លោក​បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ធម្មជាតិ​នេះ ខាង​ក្រុមការងារ​ស្រុក​បាន​ចុះ​ពិនិត្យ​ និង​​ធ្វើ​​របាយ​ការណ៍​ជូន​ដល់​ថ្នាក់​ខេត្ត​​ ​ដើម្បី​នាំ​​យក​អំណោយ​មក​ចែក​ជូន​ដល់​ពួក​គាត់​ដែល​រង​គ្រោះ​ ៕​