ចាញ់ល្បែង​ភ្នាល់​បាល់ យក​ម៉ូតូ​ទៅ​បញ្ចាំ រួច​ប្រឌិត​ចោរប្លន់​ផ្អើល​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​លេងល្បែង​ចាញ់​អស់ពី​ខ្លួន ក៏​យក​ម៉ូតូ​ទៅ​បញ្ចាំ ហើយ​ក៏​ភូត​កុហក​សមត្ថកិច្ច​ថា ត្រូវ​ចោរប្លន់​យក​ម៉ូតូ​របស់​គេ​នៅ​ចំណុច​ផ្លូវ​លេខ ២៦៥ កែវ​ផ្លូវ​លេខ​១៩២ ក្បែរ​ផ្សារ​សំណង់​១២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក  កាលពី​វេលា​ម៉ោង​៨​យប់  ថ្ងៃ​ទី​១២  មីនា  ២០១៦  ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ពី​បទ​បំ​បោង​សកម្មភាព​ការ ។

ជនសង្ស័យ​ឈ្មោះ​ឡឹ​ក រិ​ទ្ធី​រក្ស ហៅ​រក្ស ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និស្សិត​ឆ្នាំ​ទី​១ ព័ត៌មានវិទ្យា សាកលវិទ្យាល័យ​ភ្នំពេញ​-​អន្តរជាតិ ( PPIU) ស្នាក់​នៅផ្ទះ​លេខ​២៣១ ផ្លូវលំ ភូមិ​បូ​រី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បានដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៨​យប់ មាន​យុវជន​ម្នាក់​បាន​ទូរស័ព្ទ​ទៅ​ប្តឹង​វិទ្យុ AB C ថា​គេ​ត្រូវ​ចោរ​មួយ​ក្រុម​ប្លន់​ម៉ូតូ​របស់​គេ​បាន​សម្រេច នៅ​ម្តុំ​ផ្សារ​សំណង់​១២ ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច បាន​ទៅ​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ ដោយ​ជន​នេះ​បាន​អះអាង​ថា មាន​ជនល្មើស​០៥​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង ម៉ាក Honda Msx ពុំ​ច្បាស់​ពណ៌ និង​ម៉ាក Honda C125 ពណ៌​ខ្មៅ ប្រដាប់​ដោយ​ដាវ និង​អាវុធ​ខ្លី​មួយ​ដើម​ពុំ​ស្គាល់​ម៉ាក ដោយ​ក្រុម ជនល្មើស​បាន​ធ្វើ​សកម្មភាព​យារ​ដាវ​កាប់​តែ​ខ្លួន​គេច​ផុត ទើប​ជនល្មើស​បាន​ដក​អាវុធ​ខ្លី ដោយ​ខ្លួន​មាន​ភាព​ភ័យ​ខ្លាច​បាន​ផ្តួល ម៉ូតូ​រត់គេច ពេល​នោះ​ក្រុម​ជនល្មើស​បាន​យក​ម៉ូតូ​ខ្លួន​ជិះ​គេចខ្លួន​បាត់ ។

 ក្រោយ​ពី​ស្តាប់​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​ហើយ សមត្ថកិច្ច​ក៏​ឱ្យ​គេ​ទៅ​ចង្អុលបង្ហាញ​កន្លែង​កើតហេតុ ឱ្យ​ច្បាស់​ថា នៅ​កន្លែង​ណា​ឱ្យ​ពិតប្រាកដ តែ​ជន​គ្រោះ​នេះ ដូច​ជា​ភាព​ស្រពិចស្រពិល​ម្តង​ថា ត្រង់នោះ ម្តង​ថា​នេះ​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​ព្យាយាម​សាកសួរ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ តែ​គ្មាន​អ្នក​ណា​ម្នាក់​បានដឹង​សោះ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ ក៏​សួរនាំ​ជន​រង​គ្រោះ​នោះ​បន្ត​រហូត​ដល់​គេ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ត្រង់​ថា ម៉ូតូ​ម៉ាក Honda  zoomer x ពណ៌​ផ្កាឈូក ស្លាក​លេខ​ភ្នំពេញ 1DF-2250 នោះ​មិនមែន​ត្រូវ​ចោរប្លន់​ទេ គឺ​គេ​យក​ទៅ​បញ្ចាំ​១.០០០​ដុល្លារ នៅ​កន្លែង​កុងស៊ី ហើយដោយ​គេ​ចាញ់ល្បែង​ភ្នាល់​បាល់​អស់ពី​ខ្លួន ហើយ​មិន​អាច​លួស​ម៉ូតូ​មក​វិញ​បាន​សម្រេច​បង្កើត​រឿង ប្រឌិត​ថា ត្រូវ​ចោរប្លន់​តែ​ម្តង​ទៅ ដើម្បី​កុហក​ឪពុក​ម្តាយ ។   ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​ឃាត់​យុវជន​នេះ ពី​បទ​បំ​បោង​សកម្មភាព​ការ ដើម្បី​សួរនាំ​ទៅ​តាម​ផ្លូវច្បាប់  ៕