ជនជាតិព្នងម្នាក់​ទៅធ្វើចំការ ​ត្រូវមែកឈើបាក់​សង្កត់ស្លាប់

ខេត្តមណ្ឌលគិរី ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ​បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ​ដោយសារមែកឈើបាក់សង្កត់លើ ​ខណៈជនរងគ្រោះ​ទៅកាប់ព្រៃ​និង​ជម្រះ​ស្មៅក្នុងចំការ​របស់ខ្លួន ។

ហេតុការណ៍នេះ ​បានកើតឡើងនៅវេលាម៉ោង៩និង​៣០នាទីព្រឹកថ្ងៃទី១១ មីនា ២០១៦ ​ស្ថិតនៅក្នុងភូមិពូគង់​ ឃុំស្រែព្រះ ស្រុកកែវសីមា ។

សេចក្តីរាយការណ៍បានបន្តថា ​ជនរងគ្រោះឈ្មោះ ប៉ញ់ គូស អាយុ៥២ឆា្នំ ​ជនជាតិភាគតិចព្នង ​បានចេញពីផ្ទះតំាងពីព្រឹកព្រលឹមដើម្បី​ទៅកាប់ព្រៃនិងជម្រះស្មៅនៅក្នុងចំការ ​លុះបាត់មិនឃើញ​ត្រឡប់​មកផ្ទះវិញហូបបាយ ​ក្រុមគ្រួសារក៍ទៅតាមឃើញដេកស្លាប់​នៅក្រោមមែកឈើធំមួយ ។

តាមការពិនិត្យរបស់សមត្ថកិច្ច ​ជនរងគ្រោះពិតជា​ស្លាប់ដោយសារមែកឈើបាក់សង្កត់មែន ​និងបានប្រគល់ឲ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី ៕