ពុល​ស្រាស​ស្លាប់​ទៀត​ហើយ លើក​នេះ​នៅ​ខេត្ត​ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​ម្នាក់​បាន​បែកពពុះមាត់​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ផ្ទះ​របស់​ខ្លួន​បន្ទាប់​ពី​​​ផឹក​ស្រា​ស​ម្នាក់ឯង​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៦ នៅផ្ទះ​ស្ត្រី​រង​គ្រោះ ស្ថិត​នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ លួង សូ​នី  អាយុ​៤៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ ។ ប្រភព​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​ទិញ​ស្រាស​ពី​តូប​លក់ដូរ​នៅ​ក្នុងភូមិ រួច​យក​ទៅ​អង្គុយ​ផឹក​ម្នាក់ឯង​ដូច​សព្វមួយដង លុះ​បន្ទាប់​ពី​ផឹក​រួច​ស្រាប់តែ​ឈឺក្បាល វិល​មុខ ក្អួត​ចង្អោរ រហូត​ដល់​ស្លាប់​តែ​ម្តង ។ ពេល​នោះប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ឃើញ​សភាព​មិន​ស្រួល​​ក៏​រាយការណ៍​ជូន​មេ​ភូមិ និង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ ។

ក្រោយ​ពេល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​រូប​នោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ផឹក​ស្រាស​ដែល​ខ្លួន​បាន​ទិញ​ពី​តូប​លក់ដូរ​នៅ​ក្នុងភូមិ​ពិតប្រាកដ​មែន ហើយ​សង្ស័យ​មាន​សារធាតុពុល ។ ​ក្រោយមក​ខាង​ជំនាញ​បាន​យក​ស្រាស​នោះ​ទៅ​កន្លែង​ពិសោធន៍ ដើម្បី​ស្រាវជ្រាវ​រក​ឱ្យ​មូលហេតុ​ពិតប្រាកដ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម្ចាស់​តូប​ត្រូវ​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ​ពី​កន្លែង​ដែល​ខ្លួន​ទិញ​ស្រាស​យក​មក​លក់ដូរ​ផង​ដែរ ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ករណី​ពុល​ស្រាស​បណ្តាល​ឱ្យ​ស្លាប់​ស្ត្រី​ម្នាក់​បន្ទាប់​ពី​ទទួល​ព័ត៌មាន​នៅ​ខេត្ត​ផ្សេង​ៗ​មួយ​ចំនួន​ពុល​ស្រាស​បណ្តាល​ឱ្យ​របួសធ្ងន់ ស្រាល និង​ស្លាប់​ ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ៕