នាង​អីុត ទម្លាក់​កំហុស​លើ​អតីត​ស្វាមី​រឿង​លែងលះ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​សំដី​ចេញពី​មាត់​ផ្ទាល់​របស់​តារា​កំប្លែង​ប្រចាំ​ក្រុម​នាយ​ពែ​ក​មី​នាង​អីុ​ត បាន​ទទួលស្គាល់​ថា នាង​ពិតជា​លែងលះ​ជាមួយ​ស្វាមី​មែន និង​រស់នៅ​ឆ្ងាយ​ពី​គ្នា​ជាង​២​ខែ​មក​ហើយ ។

រៀបរាប់​មួយ​ៗ​ក្នុង​ទឹកមុខ​ស្រពោន​នាង​អីុ​ត បញ្ជាក់​រឿង​បែកបាក់​ស្វាមី​ក្នុង​ជំនួប​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ព័ត៌មាន​បែកបាក់​ស្វាមី​ជា​គ្រូបង្រៀន​នៅ​ខេត្តកំពង់ស្ពឺ នោះ​គឺជា​ការពិត ។ រវាង​នាង និង​ស្វាមី​ខ្វែង​ចិត្តគំនិត​គ្នា​យូរ​មក​ហើយ ប៉ុន្តែ​ឈាន​ដល់​ភាព​ធ្ងន់​ឡើង​រយៈពេល​២​ខែ​កន្លង​មកនេះ ។ ដោយសារ​បញ្ហា​ធ្ងន់​ឡើង ក៏​ឈាន​ដល់​ការ​បែកផ្លូវ​គ្នា​ក្រោម​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​។

នាង​អីុ​ត និង​ស្វាមី បាន​រៀប​ការ​នៅ​ឆ្នាំ​២០០៣ ។ ពេល​នោះ​នាង​អីុ​ត​គិត​ថា បាន​ប្តី​ជា​គ្រូបង្រៀន​ជីវិត​នឹង​ល្អ​ប្រសើរ មិន​ងាយ​មានរឿង​អ្វី​កើតឡើង​ទេ ដោយ​គេ​ចេះ​គិត​ពិចារណា ។​បច្ចុប្បន្ន​ប្តី​ប្រពន្ធ​នេះ​មានកូន​ស្រី​ម្នាក់​អាយុ​១៣​ឆ្នាំ ។

នាង​អីុត ទម្លាក់​កំហុស​លើ​អតីត​ស្វាមី​រឿង​លែងលះ

កត្តា​ដែល​បែកបាក់​គ្នា​រហូត​ធ្លាយ​ព័ត៌មាន​ខ្ចរខ្ចាយ​នេះ នាង​អីុត​បញ្ជាក់​ថា «​មក​ពី​គាត់​ឧស្សាហ៍​ទៅ​ផឹកស៊ី​ស្ទើរ​រាល់ថ្ងៃ ចូល​ផ្ទះ យប់​ៗ​ជ្រៅ​ក្បែរ​ភ្លឺ ។ នាង​ខ្ញុំ​ធ្លាប់​ប្រាប់​គាត់​ថា ធ្វើ​អី​គិត​អ្នក​ផ្ទះ គិត​កិត្តិយស​ផង ព្រោះ​យើង​ជា​គ្រូ​ហើយ​មាន​ប្រពន្ធ​ជា​អ្នកសិល្បៈ កំពុង​មានការ​ចាប់អារម្មណ៍​កុំ​ឲ្យ​ញាតិ​គេ​រិះគន់ ។ រាល់​ព័ត៌មាន​អ្វី​ម្តាយ​ឪពុក​នាង​ខ្ញុំ​នៅ​ស្រុក​នោះ​ខ​លម​ក​ប្រាប់​រហូត តែ​នាង​ខ្ញុំ​ចេះ​គិត ចេះ​តែ​ទប់​ក្រែង​គាត់​កែ ។ បើ​និយាយ​រឿងស្រី​ញី​អី​នោះ​នាង​ខ្ញុំ មិន​ចង់​និយាយ​ទេ ព្រោះថា​មនុស្ស​ប្រុស​មិន​អត់​ទេ ស្រី​ញី តែ​សំខាន់​សុំ​តែ​ម្យ៉ាង​កុំ​ដើរ​ផឹកស៊ី យប់​ៗ​ជ្រៅ​រាល់ថ្ងៃ​ពេក​។ ដល់​ពេល​យូរ​ទៅ ដដែល​ៗ​និយាយ​អត់​ស្តាប់ ហើយ​មានការ​ងារ​រៀងខ្លួន​ទៀត​នោះ ក៏​គិត​រស់នៅ​រៀងខ្លួន​ទៅ​ស្រួល​ជាង​។ ខ្ញុំ​បាន​ផ្តាំ​កុំ​ដើរ នៅផ្ទះ​មើល​ឪពុក​ម្តាយ ខ្ញុំ​នៅ​ឆ្ងាយ​ខំ​រក​លុយ​។ ប្រាក់ខែ​គ្រូបង្រៀន​នោះ គឺ​ខ្ញុំ​មិន​យក​ទេ ទុក​ឲ្យ​គាត់​ចាយវាយ ហើយ​លុយ​ជួល​ភ្លេងសម័យ​អ្វី​នោះ ក៏​នាង​ខ្ញុំ​មិន​យក​ដែរ កុំ​ឲ្យ​ពិបាក​ថា​ខ្វះខាត​លុយ​ខ​លម​ក​សួរនាំ​ខ្ញុំ ទើប​លុយ​ទាំងនោះ​ឲ្យ​គាត់​កាន់កាប់​តែ​ម្តង​ទៅ ។

រយៈពេល​១៣​ឆ្នាំ​នៅ​ជាមួយ​គ្នា ហើយ​ចាប់តាំងពី​៨​ទៅ​៩​ឆ្នាំ​ចុង​ក្រោយ​នេះ​លុយកាក់​នាង​ខ្ញុំ​មិន​ដែល​ទាមទារ​ពី​ស្វា​មីនោះ​ទេ ។ នេះ​ប្រហែលជា​គាត់​សប្បាយ មាន​លុយ​ពេក​ក៏​មិនដឹង ព្រោះ​ខ្ញុំ​មិន​បាន​តាមដាន​ច្រើន ។ បន្ថែម​ពី​នេះ​មាន​បងប្អូន​ខ្លះ​ថា​ខ្ញុំ​មក​ទីក្រុង​ឈ្លក់​ភ្លើងពណ៌​បាន​ល្បី​ភ្លេច​ប្តី ដោយ​មិន​បាន​យល់​ពី​អារម្មណ៍​របស់​នាង​ខ្ញុំ និង​ជីវិត​ប្តី​ប្រពន្ធ​របស់​នាង​ខ្ញុំ​បែប​ណា​។ ជាក់ស្តែង​ពេល​ដែល​នាង​ខ្ញុំ​បែក​គ្នា​ពី​ប្តី​បាន​ប្រគល់​ទ្រព្យ​មួយ​ចំនួន​ដូច​ជា​ឲ្យ​រថយន្ត​២​គ្រឿង មួយ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ និង​រថយន្ត​ពីរ​តោន​កន្លះ​សម្រាប់​ដឹក​ភ្លេង មាន​ម៉ូតូ ខ្សែ​.​ក​មាស​១​តម្លឹង ខ្សែដៃ ចិញ្ចៀន ដោយ​មិន​ទាមទារ​យក​លុយ​ចិញ្ចឹម​កូន​ទេ គឺ​សុខចិត្ត​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង ។ ទ្រព្យ​ទាំងនោះ គឺ​ភាគ​ច្រើន​​នាង​ខ្ញុំ​ខំ​រក​ព្រោះ​ពី​ដើម​ក​ម៉ាក់​ខ្ញុំ​ប្រាប់​ថា ប្តី​នាង​ខ្ញុំ​អត់​មានទ្រព្យ​ច្រើន​ទេ មាន​តែ​ចំណេះ​ជា​គ្រូ ហើយ​ខ្ញុំ​គិត​ថា​មិន​ចង់បាន​ប្តី​អ្នកមាន​ទេ ឲ្យ​តែ​បាន​ប្តី​ចេះ​ដឹង គឺ​គ្រប់​គ្រាន់។

ខ្ញុំ​មិនមែន​ជា​អ្នក​ខុស​ទេ ខ្ញុំ​បាន​សួរនាំ​គាត់​ច្រើន ណែនាំ​ដែរ​សូ​ម្បី​តែ​កូន​ក៏​ប្រាប់​ថា កុំ​ឲ្យ​លែង​គ្នា​ដែរ គាត់​ជា​អ្នក​ចង់​លែង ហើយ​គាត់​ក៏​មិន​ទុកទ្រព្យ​ឲ្យ​កូន​ដែរ អត់​ទេ​យក​ទៅ​ទាំងអស់​ទៅ ខ្ញុំ​មាន​សមត្ថភាព​ចិញ្ចឹម​កូន​ក៏​បាន សុខចិត្ត​លំបាក ។ ពី​ដំបូង​គាត់​ថា មិន​លែង បើ​លែង​ឲ្យ​ទ្រព្យ​ទាំងអស់ ។ ខ្ញុំ​ក៏​សួរ​គាត់​ថា ចង់បាន​ទ្រព្យ ខ្ញុំ​ឲ្យ ហើយ​គ្រាន់​តែ​ផ្តិត​មេដៃ រួច​ក៏​ផ្តិត​មែន ។ យ៉ាងណា​ក៏​នាង​ខ្ញុំ​បាន​សួរនាំ ចាស់​ៗ​មិនមែន​ថា​ធ្វើ​ដោយ​ចិត្ត​ឯង​ឡើយ បើ ចាស់​ៗ​ថា​ប្តី​ប្រពន្ធ​នៅ​ជាមួយ​គ្នា​មិន​បាន មាន​តែ​បែក​គ្នា​ទៅ​កុំ​ឲ្យ​រឿង​នៅ​វែង​ឆ្ងាយ​កាន់​ខែ​ឆ្នាំ​» ។

នាង​អីុ​ត បញ្ជាក់​ថា នាង​នៅ​មិន​ទាន់​ទទួលយក​អ្នក​ណា​ជា​គូ​ថ្មី​ទៀត​ទេ ព្រោះ​ខ្លាច​ជាន់​ដាន​ចាស់ ។ អីុ​ត​និយាយ​ថា នាង​គិត​រឿង​រកស៊ី​ចិញ្ចឹម​កូនស្រី ព្រោះ​កិច្ចការ​សិល្បៈ​នេះ​ហើយ​ជា​ឆ្នាំងបាយ ជួយ​ឲ្យ​នាង​ដើរទៅ​មុខ​បាន ជា​ជាង​គិត​រឿង​យកប្តី​នាំ​រំខាន​ចិត្ត​ទៀត ។ ការ​ជ្រើសរើស​គូ​ថ្មី នាង​អីុ​ត​ថា អាស្រ័យ​លើ​និស្ស័យ​ទៅ​មុខ​ទៀត ៕