ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ​ថា យុទ្ធ​ជន​អាល់​កៃ​ដា​យ៉ាងតិច​១២​នាក់ និង​សមាជិក​កងកម្លាំង​សន្តិសុខ​២​នាក់​បាន​ត្រូវ​សា្ល​ប់​កាលពី​ថ្ងៃ​ទី​១២ មីនា ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា និង​ការ​ទម្លាក់​គ្រាប់បែក​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នៅ​ទីក្រុង​អា​ដេ​ន​ជាទី​ក្រុង​ធំ​ទី​២​របស់​យេ​ម៉ែ​ន ។

កង​យន្តហោះ​ប្រយុទ្ធ និង​បណ្តា​ឧទ្ធម្ភាគចក្រ​ធុន APACHE របស់​ក្រុមចម្រុះ​បាន​ចេញ​ធ្វើការ​វាយប្រហារ​ជួយ​ទ្រទ្រង់​ដល់​កងកម្លាំង​សន្តិសុខ​ចំនួន​៤​លើក ខណៈ​កងកម្លាំង​នេះ​ជាប់ដៃ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ពួក​ជី​ហា​ដ អាល់​កៃ​ដា នៅ​អាល់​ម៉ា​ន់ ស៊ូ​រ៉ា​ហ៍ ជា​សង្កាត់​មួយ​នៃ​ក្រុង​អា​ដេ​ន​ក្លាយជា​ទីតាំង​របស់​បណ្តាញ​អាល់​កៃ​ដា ។

ការ​ប៉ះទង្គិច​គ្នា​ដែល​នៅ​បន្ត​នា​ពេល​យប់​បាន​ផ្ទុះ​ឡើង​នា​ចុង​រសៀល​ថ្ងៃ​ទី​១២ មីនា ពេល​កងកម្លាំង​សន្តិសុខ​ដាក់​បា​រ៉ា​ស់​ត្រួតពិនិត្យ​ថ្មី​ៗ​នៅ​ជុំវិញ​សង្កាត់​អាល់​ម៉ា​ន់​ស៊ូ​រ៉ា​ហ៍ ដើម្បី​ប៉ុនប៉ង​កាត់​បន្ថយ​អសន្តិសុខ​ក្នុង​ទីក្រុង ។

សាក្សី​ទាំងឡាយ​គូសបញ្ជាក់​ថា ជនប្រដាប់អាវុធ​ជា​ច្រើន​សិប​នាក់​លើក​ទង់​អាល់​កៃ​ដា​បាន​រាយ​កម្លាំង​នៅ​តាម​វិ​ថី​ទាំងឡាយ ដើម្បី​វាយ​រុញច្រាន​កងកម្លាំង​សន្តិសុខ ។

ក្នុង​សេចក្តី​ប្រកាស​មួយ កងកម្លាំង​សន្តិសុខ​គូសបញ្ជាក់​ថា យុទ្ធនាការ​របស់​ខ្លួន​ប្រឆាំង​សាខា​ពួក​ភេរវ​ករ​ប្រដាប់​អាវុធ​នៅ​អាល់​ម៉ា​ន់​ស៊ួ​រ៉ា​ហ៍ នឹង​បន្ត​ទៀត ដើម្បី​ធានា​សន្តិសុខ​ប្រជាជន​ក្រុង​អា​ដេ​ន ។

គឺ​នៅ​ទីក្រុង​អា​ដេ​ន ដែល​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​យេ​ម៉ែ​ន លោក​អាប់​ដ៍ រ៉ា​បូ ម៉ា​ន់​សួរ បោះទីតាំង​នៅ​ទីនោះ​ពេល​រង់ចាំ​វាយ​ដណ្តើម​យក​រដ្ឋធានី​សា​ណា កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី ។

ពួក​ជី​ហា​ដ​អាល់​កៃ​ដា និង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឆ្លៀតឱកាស​នៃ​សង្គ្រាម​នៅ​យេ​ម៉ែ​ន​រវាង​ពួក​ហ៊ូ​ធី និង​រដ្ឋអំណាច​បាន​ពង្រឹង​វត្តមាន​របស់​ពួក​គេ​នៅ​ភាគ​ខាងត្បូង​ប្រទេស ក្នុង​នោះ​នៅ​ទីក្រុង​អា​ដេ​ន​ផង ៕