ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ពួក​អ្នក​ជួយ​សង្គ្រោះ​អីុ​តា​លី​រាយការណ៍​ថា អ្នក​ឡើង​ភ្នំ​៦​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១២ មីនា ដោយសារ​ការ​បាក់​ទឹកកក​ដែល​នាំ​ទៅ​ជាមួយ​នូវ​មនុស្ស​មួយ​ក្រុម​មាន​គ្នា​១៥​នាក់ នៅ​កន្លែង​មួយ​កម្ពស់​ជាង​៣.៣០០​ម៉ែត្រ ក្នុង​តំបន់​ភ្នំ MONTE NEVOSO ជួរ​ភ្នំ ALPES នា​ព្រំដែន​ជាមួយ​ប្រទេស​អូ​ទ្រី​ស ។

ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ជនជាតិ​អីុ​តា​លី​៥​នាក់ រួម​ទាំង​ក្មេង​ជំទង់​អាយុ​១៦​ឆ្នាំ​ម្នាក់​ផង និង​នារី​ជនជាតិ​អូ​ទ្រី​សម្នាក់ ។ យោង​តាម​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ថា នារី​ជនជាតិ​អូ​ទ្រី​សម្នាក់​ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ BRUNICO ដែល​នៅ​ជិត ។ អ្នក​ឡើង​ភ្នំ​៨​នាក់​ទៀត​រួច​ផុត​ពី​គ្រោះថ្នាក់ ដោយ​មួយ​ចំនួន​អាច​កាយ​ទឹកកក​វា​ចេញ​បាន​ដោយ​ខ្លួនឯង ។

នា​ចុង​ព្រឹក​ថ្ងៃ​ទី​១២ មីនា មានការ​បាក់​ព្រិល យ៉ាង​ធំ​ប្រវែង​៣០០​ម៉ែត្រ នាំ​យក​ក្រុម​អ្នក​ឡើង​ភ្នំ​មាន​គ្នា​១៥​នាក់ ពេល​ពួក​គេ​ឡើង​ដល់​ក្បែរ​កំពូលភ្នំ MONTE NEVOSO តំបន់ HAUT-ADIGE ទៅ​ហើយ ។

ឧទ្ធម្ភាគចក្រ​៤​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​នេះ ក៏​ប៉ុន្តែ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មាន​ភាព​ស្មុគស្មាញ ព្រោះ​ទីនោះ​ស្ថិត​លើ​កំពូលភ្នំ​ខ្ពស់​ដល់​៣.៣៥៨​ម៉ែត្រ ។ សរុប​អ្នក​ជួយ​សង្គ្រោះ​១០០​នាក់ ព្រមទាំង​ឆ្កែ​ហិតក្លិន​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ធំ​នេះ ៕