អាជីវកម្ម​បញ្ចូល​អាគុយ​និង​ជួសជុល​គ្រឿង​ម៉ាស៊ីន​នៅ​តែ​បន្ត​មាន​លើ​ទន្លេសាប​ខេត្ត​កំពង់ឆ្នាំង

អាជីវកម្ម​បញ្ចូល​អាគុយ និង​ជួសជុល​គ្រឿង​ម៉ាស៊ីន ៨​កន្លែង​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប ឋិត​នៅ​ចំណុច​ពាមញ នៃ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​បង្ក​ឲ្យ​ទឹក​មាន​កំហាប់​ជាតិ​ពុល​កាន់​តែ​ខ្ពស់​បន្ថែម​លើ​ជាតិ​ពុល​ចេញ​ពី​លាមក និង​សំណល់​ផ្ទះ​បាយ ដែល​ចាក់​ចូល​ទន្លេ​រាល់​ថ្ងៃ។ អាជ្ញាធរ និង​មន្ត្រី​ជំនាញ ធ្លាប់​ប្រកាស​បញ្ឈប់​អាជីវកម្ម​ទាំង​នេះ​ជា​ញយ​ដង ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព។

អាជីវកម្ម​ជួសជុល​ម៉ាស៊ីន​ទូក​ធំៗ និង​បញ្ចូល​អាគុយ នៅ​តែ​បន្ត​ការងារ​មមាញឹក​រាល់​ថ្ងៃ ដែល​គេ​សង្ស័យ​ថា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ។ បើ​ទោះ​បី​ជា​អាជ្ញាធរ បាន​ប្ដូរ​ទីតាំង​រស់នៅ​លើ​ទឹក​ថ្មី​ឲ្យ​ជនជាតិ​វៀតណាម ទៅ​រស់នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៥ ហើយ​តម្រូវ​ឲ្យ​បញ្ឈប់​រាល់​អាជីវកម្ម ឬ​ការ​ជួសជុល​គ្រឿង​ម៉ាស៊ីន​ដែល​ប៉ះពាល់​ដល់​ទឹក​ទន្លេ។

ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កំពង់ឆ្នាំង លោក ទិត្យ ណាន បញ្ជាក់​ថា មន្ទីរ​បាន​ហៅ​ម្ចាស់​អាជីវកម្ម​លើ​ទឹក​ប្រមាណ ១០​កន្លែង​មក​ធ្វើ​កិច្ចសន្យា បញ្ឈប់​អាជីវកម្ម​អស់​ហើយ។ លោក​មិន​ដឹង​ថា ម្ចាស់​អាជីវកម្ម​ទាំង​នេះ​នៅ​បន្ត​សកម្មភាព​ជួសជុល​គ្រឿង​ម៉ាស៊ីន ឬ​បញ្ចូល​អាគុយ​ទៀត​នោះ​ទេ ហើយ​លោក​ក៏​មិន​ប្រាប់​ថា នឹង​មាន​វិធានការ​យ៉ាង​ណា​ចំពោះ​ម្ចាស់​អាជីវកម្ម​ទាំង​នេះ​ដែរ៖ «កាល​ធ្វើ​កិច្ចសន្យា​ហ្នឹង ខ្ញុំ​អត់​បាន​ពន្យារ​ពេល​ឲ្យ​គេ​នៅ​ធ្វើ​ទេ។ ខ្ញុំ​អត់​ឮ​សូរ​អី ឃើញ​តែ​ប្អូន​ឯង​តេ (ទូរស័ព្ទ) មក»

ទាក់ទង​បញ្ហា​នេះ​ដែរ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​កិច្ចការ​អប់រំ និង​ត្រួត​ពិនិត្យ​ការ​បំពុល គឺ​លោក គឹម ច័ន្ទបូផាត ថ្លែង​ថា ការងារ​ធ្វើ​អាជីវកម្ម​ទាំង​នេះ គឺ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម។ លោក​ថា អាជីវកម្ម​ជួសជុល​គ្រឿង​ម៉ាស៊ីន ឬ​បញ្ចូល​អាគុយ មិន​អាច​បញ្ឈប់​ទាំង​ស្រុង​ក្នុង​រយៈពេល​ខ្លី​បាន​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ។

អាជីវកម្ម​ជួសជុល​គ្រឿង​ម៉ាស៊ីន និង​បញ្ចូល​អាគុយ អាច​បំភាយ​ជាតិ​គីមី​ទៅ​បរិយាកាស ឬ​ហៀរ​ធ្លាក់​ចូល​ទឹក បណ្ដាល​ឲ្យ​មនុស្ស សត្វ និង​មច្ឆជាតិ​អន្តរាយ​ពី​ការ​ប្រើប្រាស់​ទឹក​នោះ។ អាជ្ញាធរ និង​មន្ត្រី​ជំនាញ ទំនង​ជា​ចង់​បញ្ចប់​បញ្ហា​បំពុល​ទឹក​នេះ ដោយ​នាំ​យក​ជនជាតិ​វៀតណាម ជិត ១.៥០០​គ្រួសារ ឡើង​រស់នៅ​លើ​គោក​នៅ​ចុង​ឆ្នាំ​២០១៧ តាម​គម្រោង​អភិវឌ្ឍន៍​ច្រាំង​ទន្លេ​រយៈពេល ៥​ឆ្នាំ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។