ពលរដ្ឋ​អះអាង​ថា​អភិបាល​រង​ខេត្ត​ក្រចេះ​ដឹក​នាំ​កម្លាំង​ឈូស​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ប្រម៉ា​២​ខ្នង

ពលរដ្ឋ​រស់នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ចំនួន ៦៥​គ្រួសារ​អះអាង​ថា អភិបាល​រង​ខេត្ត​ក្រចេះ លោក ខណ្ឌ ចំណាន បាន​ដឹក​នាំ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ ឈូស​ឆាយ​កម្ទេច​ផ្ទះ​ពួក​គាត់ ២​ខ្នង និង​ផល​ដំណាំ​កសិកម្ម​ផ្សេង​ទៀត នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង នៅ​ល្ងាច​ថ្ងៃ​ទី​១២ មីនា។

តំណាង​ពលរដ្ឋ លោកស្រី រ៉ន ស្រីល័ក្ខ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មីនា ថា កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ បាន​គំរាម​ចាប់​ខ្លួន​អ្នក​ភូមិ បើ​អ្នក​ភូមិ​ណា​ម្នាក់​រារាំង​ប្រតិបត្តិការ​សមត្ថកិច្ច។ លោកស្រី​កត់​សម្គាល់​ថា កន្លង​មក ពលរដ្ឋ​រស់នៅ​ភូមិ​ប្រម៉ា ទាំង ៦៥​គ្រួសារ ធ្លាប់​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ថ្នាក់​ជាតិ​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ថ្នាក់​ជាតិ បាន​ចេញ​លិខិត​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ដោះស្រាយ​ដោយ​សន្តិវិធី៖ «ម្ចាស់​ដី​គេ​ប្រឆាំង​គេ​មិន​ឲ្យ​ចូល​ទេ។ ឥឡូវ​គេ​កំពុង​តែ​ស្រែក​យំ​ថ្ងូរពួក​ខ្ញុំ​រងគ្រោះ​ទាំងអស់​គ្នា នៅ​តែ​បំពាន​គេ​អាង​អំណាចរុញ​ឈូស​ឆាយ​នាង​ខ្ញុំ​អង្វរ»

អភិបាល​រង​ខេត្ត​ក្រចេះ លោក ខណ្ឌ ចំណាន បញ្ជាក់​យ៉ាង​ខ្លី​ថា ដី​ដែល​អ្នក​ភូមិ​ប្រម៉ា កំពុង​កាន់​កាប់ មាន​មួយ​ផ្នែក​ជា​ដី​របស់​ពលរដ្ឋ ៩៩៨​គ្រួសារ និង​មួយ​ផ្នែក​ទៀត ជា​ដី​សាធារណៈ​របស់​រដ្ឋ។ ដូច្នេះ អាជ្ញាធរ​បាន​ចុះ​អនុវត្ត​ដោយ​ផ្តល់​ដី​ជូន​ពលរដ្ឋ ៩៩៨​គ្រួសារ​ឲ្យ​រួច​រាល់​ជា​មុន​សិន នៅ​សល់​ប៉ុន្មាន​ជា​ដី​សាធារណៈ​របស់​រដ្ឋ អាជ្ញាធរ​នឹង​ផ្តល់​ជូន​ពលរដ្ឋ​ទាំង​នោះ​ជា​បន្តបន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។