របប​ស៊ី​រី​បដិសេធ​មិន​ចរចា​ពី​វាសនា​លោក​អាសា​ដ នៅ​ហ្សឺ​ណែវ ខណៈ​យន្តហោះ​ចម្បាំង​ស៊ី​រី​មួយ​ត្រូវ​បាញ់​ធ្លាក់

របប​ស៊ី​រី​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១២ មីនា ថា វាសនា​របស់​ប្រធានាធិបតី​លោក​បា​ចា អាល់​អាសា​ដ ជា​ខ្សែបន្ទាត់​ក្រហម​មួយ ហើយ​បដិសេធ​មិន​លើកយក​បញ្ហា​នេះ​មក​ជជែក​ជាមួយ​ពួក​ប្រឆាំង​ក្នុង​ឱកាស​នៃ​ការ​ចរចា ដោយ​ប្រយោល​គ្រោង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​១៤ មីនា ទៅ នៅ​ក្រុង​ហ្សឺ​ណែវ ។

ខណៈ​ដែល​សង្គ្រាម​បំផ្លិចបំផ្លាញ​នៅ​ស៊ី​រី​នា​ថ្ងៃ​ទី​១៥ មីនា ចូល​ដល់​ឆ្នាំ​ទី​៦​នោះ វាសនា​របស់​លោក​អាសា​ដ នៅ​តែ​ជា​បញ្ហា​សំខាន់​នៃ​ការ​ខ្វែងគំនិត​គ្នា​រវាង​របប​ស៊ី​រី និង​ពួក​ប្រឆាំង ព្រមទាំង​ពួក​សម្ព័ន្ធមិត្ត​បរទេស​ឱ្យ​លោក​ចាក​ចេញពី​អំណាច ។

ច្រកចេញ​នៃ​ការ​ចរចា​នៅ​តែ​មិន​ច្បាស់​ទាំងស្រុង ព្រោះតែ​មានការ​ខ្វែងគំនិត​គ្នា​យ៉ាង​ខ្លាំង រវាង​របប​ស៊ី​រី គាំទ្រ​ដោយ​រុ​ស្ស៊ី និង​អុ​ី​រ៉​ង់ និង​ពួក​ប្រឆាំង​គាំទ្រ​ដោយ​ពួក​លោក​ខាងលិច ពិសេស​សហរដ្ឋ​អា​េ​ម​រិ​ក តួ​ក​គី និង​បណ្តា​ប្រទេស​អា​រ៉ាប់ ។

ក្នុង​សន្និសីទ​សារព័ត៌​មួយ​នាទី​ក្រុង​ដា​ម៉ាស់ រដ្ឋមន្ត្រី​ការ​បរទេស​ស៊ី​រី លោក WALID MOUALLEM អះអាង​ថា យើង​នឹង​មិន​ចរចា​ជាមួយ​អ្នក​ណា​ដែល​ចង់​ពិភាក្សា​ពី​វាសនា​ប្រធានាធិបតី លោក​បា​ចា អាល់​អាសា​ដ ដែល​ជា​ខ្សែបន្ទាត់​ក្រហម​មួយ ហើយ​ប្រសិនបើ​ពួក​ប្រឆាំងចង់​បន្ត​ប្រកាន់​ជំហរ​បែប​នេះ យក​ល្អ​ពួក​គេ​មិន​ចាំបាច់​មក​កាន់​ទីក្រុង​ហ្សឺ​ណែវ​ឡើយ ។ របៀបវារៈ​នៃ​ការ​ចរចា​ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​១៤ ដល់​២៤ មីនា គឺ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​សុទ្ធសាធ​មួយ រដ្ឋធម្មនុញ្ញ​ថ្មី​មួយ និង​ការ​បោះ​ឆ្នោត​សភា ព្រមទាំង​ប្រធានាធិបតី​ថ្មី​ដែល​ត្រូវ​រៀបចំ​ធ្វើ​ក្នុង​រយៈពេល​១៨​ខែ ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។

ពួក​ប្រឆាំង​ទាមទារ​ឱ្យ​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​ដែល​មាន​គ្រប់​អំណាច​ប្រតិបត្តិ ហើយ​ក្នុង​នោះ​ពុំ​មាន​លោក​អាសា​ដ ។ ប្រមុខ​អ្នក​ចរចា​របស់​ពួក​ប្រឆាំង លោក ASSAD AL ZOABI បាន​មក​ដល់​ក្រុង​ហ្សឺ​ណែវ​នា​ថ្ងៃ​ទី​១២ មីនា ពេល​ដែល​របប​ក្រុង​ដា​ម៉ាស់ គំរាម​មិន​ទៅ​ចូលរួម​ក្នុង​ការ​ចរចា ប្រសិនបើ​ពួក​ប្រឆាំង​មិន​ទៅ​ដល់​ក្រុង​ហ្សឺ​ណែវ​នា​ថ្ងៃ​ទី​១៤ មីនា ទេ​នោះ ។

រដ្ឋមន្ត្រី​ការ​បរទេស​ស៊ី​រី​អះអាង​ថា គណៈប្រតិភូ​របស់​លោក​នឹង​ទៅ​កាន់​ក្រុង​ហ្សឺ​ណែវ​នា​ថ្ងៃ​ទី​១៣ មីនា ។ លោក​ថា​រឿង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​មាន​តែ​ប្រជាជន​ស៊ី​រី​ទេ ជា​អ្នក​សម្រេច ។

ចំណែក​កាលពី​ថ្ងៃ​ទី​១២ មីនា ក្រុម​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម AHRAR AL-CHAM បាន​បាញ់​ធ្លាក់​យន្តហោះ​ប្រយុទ្ធ​មួយ​គ្រឿង​ធុន MIG-21 របស់​របប​ក្រុង​ដា​ម៉ាស់​ពីលើ​ភូមិ​ឧទ្ទាម​ត្រួតត្រា KAFR NABOUDA ខេត្ត​ហា​ម៉ា ។ កងទ័ព​ស៊ី​រី​ចោទប្រកាន់​ពួក​ឧទ្ទាម​ថា រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់​គ្នា​ដោយ​បាញ់​ធ្លាក់​យន្តហោះ​នេះ​ពេល​ត្រៀម​ចុះ​ចត​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​មួយ ។

ពួក​ឧទ្ទាម​គូសបញ្ជាក់​ថា យន្តហោះ​នេះ​ត្រូវ​បាញ់​ធ្លាក់​ជិត​មូលដ្ឋាន​យោធា​មួយ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល ។ យន្តហោះ​នេះ​បាន​ចេញ​ទៅ​វាយប្រហារ​បណ្តា​ទីតាំង​ពួក​ឧទ្ទាម​នៅ KAFAR NABODEH ជាទី​ក្រុង​មួយ​នៃ​ខេត្ត​ហា​ម៉ា ។ យោង​តាម​វី​ដេ​អូ​មួយ​គេ​ឃើញ​អ្នក​បើក​អាច​លោត​ចេញ​តាម​ឆត្រយោង ។

រីឯ​រដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក លោក​ច​ន ឃ័​រ​រី ប្រកាស​នា​ថ្ងៃ​ទី​១២ មីនា ពី​ការពិគ្រោះ​ពិភាក្សា​អា​េ​ម​រិ​ក​-​រុ​ស្ស៊ី​ស្តី​ពី​ការ​រំលោភ​បំពាន​បទ​ឈប់​បាញ់​គ្នា​នៅ​ស៊ី​រី ២​ថ្ងៃមុន ពេល​បើក​ការ​ចរចា​សន្តិភាព​ជា​ថ្មី​រវាង​ពួក​ប្រឆាំង និង​របប​ក្រុង​ដា​ម៉ាស់ ។

នៅ​ឯ​មូលដ្ឋាន​យោធា ROI KHALED ភាគ​ខាងជើង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ជា​កន្លែង​ដែល​លោក​ពិភាក្សា​ជាមួយ​បណ្តា​អ្នក​ទទួលខុសត្រូវ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត លោក​ច​ន ឃ័​រ​រី ថ្លែង​ថា ក្រុម​អ្នក​សង្កេតការណ៍​របស់​យើង​នឹង​ជួប​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​រុ​ស្ស៊ី ទាំង​នៅ​ក្រុង​ហ្សឺ​ណែវ​ក៏​ដូច​ជា​នៅ​ក្រុង​អា​ម៉​ង់ ទាក់ទិន​នឹង​ការ​រំលោភ​បំពាន​បទ​ឈប់​បាញ់​គ្នា​ទាំងនេះ ។

កាលពី​ថ្ងៃ​ទី​១១ មីនា ជន​ស៊ី​វិល​យ៉ាងតិច​៥​នាក់​ស្លាប់ ហើយ​មនុស្ស​១០​នាក់ទៀត​រង​របួស​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​របប​ក្រុង​ដា​ម៉ាស់​លើ​សង្កាត់​ឧទ្ទាម​មួយ​នៃ​ទីក្រុង​អា​ឡែ​ប ដែល​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ចាត់ទុកជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​មួយ​លើ​បទ​ឈប់​បាញ់​គ្នា ។

ទោះបី​យ៉ាងណា​តាម​សម្តី​របស់​លោក​ច​ន ឃ័​រ​រី ថា កម្រិត​នៃ​ការ​រំលោភ​បំពាន​ត្រូវ​បាន​កាត់​បន្ថយ​ពី​៨០% ទៅ​៩០%​មាន​ន័យ​ថា គួរ​ឱ្យ​លើកទឹកចិត្ត ។ លោក​បន្ត​ថា របប​លោក​អាសា​ដ មិន​ត្រូវធ្វើ​អាជីវកម្ម​លើ​បទ​ឈប់​បាញ់​គ្នា ដើម្បី​វាត​ទឹកដី​កាន់កាប់​ឡើយ ខណៈ​ពួក​ប្រឆាំង​ប៉ុនប៉ង​គោរព ៕