ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ជា​បន្តបន្ទាប់​ ខណៈ​បក្សពួក​២​នាក់​ទៀត​បាន​និង​កំពុង​រត់ចោលស្រុក​ដើម្បី​គេចខ្លួន​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​លើ​មន្ត្រី​យោធា​ម្នាក់​នៅ​តំបន់​ព្រៃរនាម​បឹង​ទន្លេសាប​កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦កន្លងទៅនេះ ។

លោក​ឧត្ត​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ករណី​សម្លាប់​មន្ត្រី​យោធា​ម្នាក់​នៅ​តំបន់​ព្រៃរនាម​បឹង​ទន្លេសាប ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ គឺ​ជនសង្ស័យ​មាន​បក្សពួក​៥​នាក់ ដែល​ពេល​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៣​នាក់​ហើយ ហើយ​បក្សពួក​២​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ។ ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ភៀត ក្លែប អាយុ​៣៤​ឆ្នាំ​, ២-​ឈ្មោះ ថន ថៃ អាយុ​៣៧​ឆ្នាំ និង ៣-​ឈ្មោះ ខាន ភឿ​ត អាយុ​២៩​ឆ្នាំ ពួក​គេ​រស់នៅ​ក្នុងភូមិ​តា​ហែ​ន​២ ឃុំ​រកា ស្រុក​សង្កែ រីឯ​ជនសង្ស័យ​២​នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន​ឈ្មោះ ម៉េ​ង ភឿន អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ស្ពង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ជា​មេខ្លោង និង​ឈ្មោះ ស៊ើ​ន សាន អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ត​ហែ​ន​២ ឃុំ​រកា ។

លោក ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា ក្រុម​ជន​សង្ស័យ និង ជន​រង​គ្រោះ​ឈ្មោះ លន់ សុ​ឃា ហៅ ជី​ម អាយុ​៤៧​ឆ្នាំ បាន​ផ្ទុះ​ជម្លោះ​នៅ​ក្នុង​វង់​ផឹកស៊ី​ព្រោះតែ​រឿង «​ផឹក​ដាច់​-​មិន​ដាច់​» លុះ​បែក​ហ្វូង​គ្នា​ជិត​ពាក់កណ្ដាល​អា​ធ្រា​ត្រ ក្រុម​ជន​ដៃដល់​តាម​ស្ទាក់​វាយ​សម្លាប់​ជន​ងរ​គ្រោះ​កណ្ដាលផ្លូវ​ក្នុង​ព្រៃរនាម​តែ​ម្ដង​ទៅ ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ​លន់ សុ​ឃា ហៅ ជី​ម អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង និង​ជា​មន្ត្រី​យោធា​ជើង​គោក​នៅ​មណ្ឌល​ទី​៥«​ក​២»​ប្រចាំ​ទិស​តំបន់​ទន្លេសាប ត្រូវ​ក្រុម​ជន​ដៃដល់​៥​នាក់​ព្រូត​គ្នា​វាយ និង​កាប់​នឹង​ពូថៅ​ផង​រហូត​ដល់​ស្លាប់​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ មីនា នៅ​ចំណុច​បឹង​ស្វាយត្រាំ ភូមិ​ព្រៃ​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​សាកសព​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ដែល​មាន​ស្នាមរ​បូស​ពេញ​ផ្ទៃមុខ និង​ក្បាល ។

លោកស្នងការ​រង​នគរបាល​ខេត្ត​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​មួយ​ក្រុម​នេះ​អាច​ជាប់​សង្ស័យ​ពី​បទ «​ឃាតកម្ម​ដោយ​គិត​ទុកជា​មុន​» ព្រោះ​ពួក​គេ​បាន​សារភាព​គ្រប់​បែប​យ៉ាង​អស់ហើយ​ក្នុង​ការ​រៀបចំ​គម្រោង​សម្លាប់​ជន​រង​គ្រោះ​ក្រោយ​ពី​ផ្ទុះ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី ៕