ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ព្រៃវែង ៖ ​បទបញ្ជា​នេះ​ត្រូវ​បាន​ដាក់​ចេញ​​ ពេល​​លោក ជា សុ​មេធី អភិបាលខេត្ត​​ អញ្ជើញ​ជា​អធិបតី​​ភាព​ក្នុង​ពិធី​សម្ពោធ​​ដាក់​ឱ្យ​​ប្រើប្រាស់សមិទ្ធផល​នានា​ ក្នុង​វត្ត មហា​គ​ង្គា​រតនា​រាម (​ហៅ​វត្ត​អ្នក​លឿង​) កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ​ខែ​មីនា​ ម្សិលមិញនេះ ​ស្ថិត​នៅ​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ​។

លោក​អភិបាលខេត្ត​ បាន​បញ្ជាក់​ថា ទាំង​ខាង​អាជ្ញាធរ​ស្រុក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ និង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​បើកភ្នែក​មើល​ផង ចំពោះ​ក្រុម​រថយន្ត​ដឹក​លើស​ទម្ងន់​ដែល​ធ្វើ​ឲ្យ​ខូច​​ស្ពាន​ផ្លូវ ទាំង​ផ្លូវជាតិ និង​ផ្លូវ​លំ នៅ​ទូ​ទាំង​ខេត្តព្រៃវែង ព្រោះ​​មិន​ងាយ​​​កសាង​ឡើង​បាន​​ដោយ​ស្រួលៗនោះ​ទេ ។ ជាក់ស្តែង ​ដូច​ជា​ស្ពាន​ត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង​នេះ​ជាដើម ​។ ដូច្នេះ​ដើម្បី​ការពារ​ ស្ពាន ផ្លូវ ឱ្យ​​គង់វង្ស​ប្រើប្រាស់​​​យូរអង្វែង​ជា​ប្រ​យោ​ជ​ន៍​សម្រាប់​​ប្រជាពលរដ្ឋនោះ​ ក្នុង​នាម​អាជ្ញាធរ និង​សមត្ថកិច្ច ដែល​ជា​អ្នក​ផ្តល់​សេវា ត្រូវ​តែ​ខិតខំ​ការពារ​សមិទ្ធ​ផល​ទាំងនេះ​ឱ្យ​​បាន​ ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​បញ្ហា​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ការ​ជួញដូរ​​​ថ្នាំ​ញៀននៅ​គ្រប់​ក្រុង​-​ស្រុក​ទូ​ទាំង​ខេត្ត ទាំង​អាជ្ញាធរ សមត្ថកិច្ច រួម​ទាំង​ប្រជាពលរដ្ឋ​ផង​ដែរ ត្រូវ​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ទាំងនេះឱ្យ​​ខាង​តែ​បាន ​៕