ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ ជាថ្មីម្តងទៀតហើយ ​ប្រជាពលរដ្ឋជាង២០នាក់​តំណាងឲ្យ៥០គ្រួសារ​​​​ ​បានផ្ទុះការតវ៉ាប្រឆាំងនឹង​អាជីវកម្ម​បូម​ខ្សាច់​របស់​គ្រួសារមួយ ​ដោយសារបារម្ភពីការបាក់ច្រំាង​ និង ​សុត្ថិភាពចរាចរណ៍​ផ្លូវហុយប៉ះពាល់​ដល់សុខភាពនោះថែមទៀត ។

ហេតុការណ៍តវ៉ាបានកើតឡើង​នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី១៣មីនា​ ២០១៦ ស្ថិតក្នុងភូមិអន្លង់វិល ឃុំទឹកជោរ​ ស្រុកព្រះនេត្រព្រះ។ ទាក់ទងទៅនឹងការតវ៉ារបស់អ្នកភូមិនេះ លោក ឡុង ពា អាយុ៥០ឆ្នាំ ​ជាឈ្មួញបូនខ្សាច់បានឲ្យដឹងថា ​នៅសៀមរាបមានអាជីវកម្ម​បូមខ្សាច់ក្នុងស្ទឹងនេះ៧-៨ឆ្នាំ​ហើយ ​មិនដែលមានអ្នកណារករឿងទេ ​ហើយក៍បញ្ជាក់​ដោយសឿងបឿងទៀតថា អាជីវកម្មរបស់លោក​គ៍គ្មានច្បាប់អនុញ្ញាតនោះដែរ ។

មេឃុំទឹកជោរ ​លោកស្រី ហ៊ុល គឹមថុន ​បានទទួលស្គាល់ថា​ អាជីវកម្មខាងលើគ្មានច្បាប់​ ហើយថាកន្លងមក ​ប្រជាពលរដ្ឋក៍បានលើកគ្នា​មកតវ៉ានៅសាលាឃុំដែរ ​និងសន្យាថានៅថ្ងៃទី១៤មីនា​ស្អែក ​នឹងកោះហៅម្ចាស់អាជីវកម្មមក​ធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្ម ។

ចំណែកអភិបាលស្រុកព្រះនេត្រព្រះ​ លោក លី សុវណ្ណារិទ្ឋ ​ដែលកំពុងបំពេញកម្មសិក្សានៅ​រាជធានីភ្នំពេញបានបញ្ជាក់ថា ​លោកនឹងទាក់ទងក្រុម​ការងារឲ្យគេធ្វើរឿងហ្នឹង ។

សេចក្តីរាយការណ៍បានបន្តថា​ ក្រុមអ្នកតវ៉ាបានព្រមានដែរថា​ ប្រសិនបើគ្មានដំណោះស្រាយ​ ពួកគាត់នឹងលើកគ្នាតវ៉ា ឬ ដាក់ពាក្យបណ្តឹងទៅថ្នាក់ស្រុក ឬខេត្តបន្តទៀត ៕