អ៊ុំ ចំរើន រក​ឃើញ​ការ​ឈ្នះ​នៅ PNN ប៉ុន្តែ ផាន់ គ្រាន់ ​បាន​​​សន្លប់ធំ​ក្រោម​កែង​របស់​ថៃ

អ្នក​ប្រដាល់ អ៊ុំ ចំរើន បានកត់​ត្រានូវ​ជ័យ​ជម្នះលើ​កីឡាករ​ថៃ​​ដូច​ការ​រំពឹង​ទុក សម្រាប់​ការ​បង្ហាញ​ខ្លួន ក្នុង​ព្រឹត្តិការណ៍​សមរភូមិ​អ្នក​ប្រយុទ្ធ នៅ​លើ​សង្វៀន​ថ្មី​របស់ PNN កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ ផាន់ គ្រាន់ ត្រូវ​បាន​ម្ចាស់​ខ្សែ​ក្រវាត់​មក​ថៃ Yarklong Sor Chamchan វាយ​​កែង​ឲ្យ​សន្លប់​ធំ​ ត្រឹម​ទឹក​ទី​២។
1
នៅ​ក្នុង​ការ​ប្រកួត​នេះ អ៊ុំ ចំរើន ដែល​ត្រូវ​ការ​ឈ្នះ​​កីឡាករ Mike Meung Aranh ​ជា​ចាំ​បាច់ ចំពោះ​ការ​បង្ហាញ​ខ្លួន​​ជា​លើក​ដំបូង​នៅ​សង្វៀន PNN នោះ​បាន​បង្ហាញ​ការ​ប្រកួត​ដ៏​គួរ​​ឲ្យ​កត់​សម្គាល់​បំផុត។ បើ​ទោះ​បី​ជា Mike Meung ជា​កីឡាករ​ដែល​មាន​ភាព​រឹង​មាំ ព្រោះ​ទាំង​មាន​ផ្លែ​វាយមួយ​កំប្លេ ​ប៉ុន្តែ​រាល់​ការ​វាយ​សម្រុក​ម្តងៗ គឺ ចំរើន វាយ​ចំគោល​ដៅ​បាន​ល្អ​ជាង ហើយ​ការ​ច្រាស​កែង​របស់ ចំរើន ក៏​បាន​ធ្វើ​ឲ្យ Mike Meung បែក​ចិញ្ចើម​ស្តាំ​នៅ​ទឹក​ទី​៤​ផង​ដែរ មុន​ពេល​រូប​គេ​ត្រូវ​បាន​ប្រកាស​ឲ្យ​ចាញ់​ពិន្ទុ អ៊ុំ ចំរើន លើក​នេះ។

អ៊ុំ ចំរើន បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​«ខ្ញុំ​មក​បំណង​មក​ប្រកួត​នៅ​សង្វៀន PNN យូរ​ហើយ ព្រោះ​វា​ជា​សង្វៀន​ថ្មី ដែល​ខ្ញុំចង់​ឈ្នះ​បំផុត ហើយ​នេះ​ជា​ថ្មី​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ខំ​ប្រឹង​ប្រកួត​ខ្លាំង​បំផុត ប៉ុន្តែ​ខ្ញុំ​នៅ​តែ​​ចង់​បង្ហាញ​សមត្ថ​ភាព​​នៅ​លើ​សង្វៀន PNN ​ជាបន្តទៀត ព្រោះ​ខ្ញុំ​ចង់​​សាង​ភាព​ល្បី​ល្បាញ​ឲ្យ​បាន​គ្រប់​សង្វៀន»។
2
3
ដោយ​ឡែក អ្នក​ប្រដាល់​វាយ​មិន​ដក​ថយ​របស់​កម្ពុជា ផាន់ គ្រាន់ ត្រូវ​បានជើង​ខ្លាំង​របស់​ថៃ Yarklong Sor Chamchan ផ្តួល​ឲ្យ​សន្លប់​យ៉ាង​ងាយ។ ផាន់ គ្រាន់ បាន​ព្យាយាមម៉ាត់ និង​វាយ​កែង​ទៅ​លើ Yarklong ណាស់​ដែរ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​ថៃ​ម្នាក់​នេះ​បាន ផ្ទុយទៅ​វិញ​ការ​វាយ​កែង​បត់​​ចូល​ថ្គាម​របស់ Yarklong ធ្វើ​ឲ្យ​ ផាន់ គ្រាន់ ​សន្លប់​ធំ​នៅ​ពាក់​កណ្តាល​ទឹក​ទី​២​​តែ​ម្តង គឺ ផាន់ គ្រាន់ ត្រូវ​គេ​គ្រា​ចុះ​ពី​សង្វៀន​ទាំង​ស្មារតី​វង្វេង​វង្វាន់ ខណៈ Yarklong នេះ​ក៏​ធ្លាប់​បាន​ឈ្នះ​ពិន្ទុជើង​ខ្លាំង ពេជ្រ សីហា និង ឡុង សុវណ្ណឌឿន កន្លង​មក​ផងដែរ។

ចំពោះការ​ប្រកួត​ម៉ារ៉ាតុង​រវាង​អ្នក​ឈ្នះ និង​ឈ្នះចំនួន​៤​រូប ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម ដែល​បាន​សម្រិត​សម្រាំងចំនួន​៤​សប្តាហ៍កន្លង​មក​នេះ​នោះ គឺ​កីឡាករ ម៉ុន ស៊ីម៉ាក់ របស់​ក្លិប​អមតៈគុន​ខ្មែរ​ខេត្ត​សៀម​រាប បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក បន្ទាប់​ពី​រូប​គេ​បាន​បន្ត​យក​ឈ្នះ​លើ ម៉ន វណ្ណនី នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។
4
5
ប៉ុន្តែ​មុន​នឹងឡើង​មកវគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ម៉ុន ស៊ីម៉ាក់ ត្រូវ​បាន សំណាង សាវឿន ធាក់​ចូល​មុខ​ឲ្យ​សន្លប់ធំ​នៅ​ទឹក​ទី​៣ តែ​ជា​ការ​ធាក់​ថែម​ល្មើសទៅ​នឹង​​ច្បាប់នៃ​ការ​ប្រកួត​របស់ សារឿន ទើប​អាជ្ញា​កណ្តាល​ឲ្យ ស៊ីម៉ាក់ ជា​អ្នក​ឈ្នះ​វិញ រីឯម៉ន វណ្ណនី បាន​យក​ឈ្នះ​ពិន្ទុ រៀវ ចំណាប់ ទាំង​លំបាក​បំផុត ខណៈ​​ការ​ប្តូរ​កែង​យ៉ាង​សាហាវ​របស់​​អ្នក​ទាំង​២​ក៏​​ធ្វើ​ឲ្យ​មាន​ស្នាម​បែក​នៅ​លើ​ចិញ្ចើម​ដូច​គ្នា ប៉ុន្តែ​គេ​បែរ​ជា​ទៅ​ចាញ់ ម៉ុន ស៊ីម៉ាក់ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ទៅ​វិញ ហេតុ​នេះ ម៉ុន ស៊ីម៉ាក់ នឹង​ទទួល​បាន​ឱកាស​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ នៅ​លើ​សង្វៀន PNN នា​ពេល​ខាង​មុខ៕
6

7

15

14

13

12

11

10

9

8