ចាក់​នាង​១២​កាំបិត​របួសធ្ងន់ ស្មានថា​ស្លាប់​ចាក់​ខ្លួនឯង​៣​កាំបិត​ស្លាប់

ចាក់​នាង​១២​កាំបិត​របួសធ្ងន់ ស្មានថា​ស្លាប់​ចាក់​ខ្លួនឯង​៣​កាំបិត​ស្លាប់



រាជធានី​ភ្នំពេញ ៖ ជា​រឿង​ស្មាន​មិន​ដល់​មួយ​និង​កម្រ​កើត​មាន​ណាស់ ដែល​គូ​ដណ្ដឹង    វ័យក្មេង​១​គូ ក្រោយ​ពី​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​ហើយ និង​នៅ​តែ​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ត្រូវ​ចូល​រោងការ បែរ​ក្លាយទៅជា​ការ​ចាក់​សម្លាប់​គ្នា​មិន​ញញើត​ដៃ​ទៅ​វិញ ប៉ុន្តែ​មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​និយាយ​ថា ខាង​ប្រុស​បាន​ចាក់​ប្រហារ​ប៉ុនប៉ង​សម្លាប់​ខាង​ស្រី ដោយ​ឥត​ញញើត​ដៃ​ចំនួន​១២​កាំបិត ហើយ​នៅ​ពេល​ឃើញ​នាង​របួសធ្ងន់​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម​ស្មានថា​នាង​ស្លាប់​ហើយ ខាង​ប្រុស​ក៏​យក​កាំបិត​ចាក់​ខ្លួនឯង​ចំនួន​៣​កាំបិត​សម្លាប់​ខ្លួន​តាម​ក្រោយ​ដែរ ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​ពេល​ទៅ​ដល់​ពេទ្យ​ខាង​ប្រុស​បាន​លាចាក​លោក​នេះ​ទៅ ចំណែក​ឯខាង​ស្រី​របួសធ្ងន់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមីនា នៅ​បន្ទប់​លេខ​៥​ជា​ផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ គូ​ដណ្ដឹង​ដែល​ចាក់​សម្លាប់​គ្នា​នេះ ត្រូវ​បាន​គេ​ស្គាល់​ខាង​ស្រី​ឈ្មោះ ង​ន គឹ​ម​ឡៃ អាយុ​ប្រហែល​២០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។ នាង​ត្រូវ​គូ​ដណ្តឹង​ចាក់​ចំនួន​១២​កាំបិត ក្នុង​ចេតនា​សម្លាប់​ដោយ​កំហឹង​យ៉ាង​ពុះកញ្ជ្រោល​បំផុត ប៉ុន្តែ​មិន​មាន​ប្រភព​ណាមួយ​អះអាង​ថា ជា​រឿង​អ្វី​នោះ​ឡើយ ។ ចំណែក​ខាង​ប្រុស​និង​ជា​ឃាតករ​ឈ្មោះ រ​ត្ន័ វណ្ណៈ អាយុ​២១​ឆ្នាំ ជា​កសិករ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​មួយ​គ្នា បាន​ចាក់​ខ្លួនឯង​ចំនួន​៣​កាំបិត និង​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល ឱ្យ​ដឹង​ថា អ្នក​ទាំង​២​នាក់​នេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដោយ​មាន​ចាស់ទុំ​ដឹង​ឮ​ត្រឹមត្រូវ ហើយ​ក្រោយ​ពេល​ភ្ជាប់ពាក្យ​រួច ខាង​ស្រី​ក៏​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ធ្វើ​ជា​កម្មការិនី​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ ដោយ​ទុក​ឱ្យ​ខាង​ប្រុស​នៅ​ស្រុក​កំណើត​ម្នាក់ឯង ។ ម្យ៉ាងទៀត នៅ​សល់​តែ​រយៈពេល​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពួក​គេ​ទាំង​២​នាក់ នឹង​ឈាន​ដល់​ថ្ងៃ​ត្រូវ​រៀប​ការ​ទៀត​ផង ហើយ​កាលពី​៣​ថ្ងៃមុន ខាង​ប្រុស​ក៏​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ស្រុក​កំណើត​ស្កាត់​មក​ជួប​នាង​ជា​គូ​ដណ្ដឹង​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​បាន​ស្នាក់​នៅ​ជាមួយ​គ្នា ។ លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ ខាង​ប្រុស​បាន​ទៅ​ផឹកស៊ី​ជុំ​គ្នា​មួយ​មិត្តភក្ដិ​នៅ​បន្ទប់​ជួល​ផ្សេង​មួយទៀត ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​បន្ទប់​នាង​គូ​ដណ្ដឹង ។

ខណៈនោះ​មិនដឹង​ថា មិត្តភក្ដិ​និយាយ​អ្វីខ្លះ​ទេ ទើប​ក្រោយ​ពេល​ផឹក​ស្រវឹង​ក៏​បាន​ដើរ​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ និង​បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​នាង​ជា​គូ​ដណ្ដឹង​ទាំង​កំរោល​ចំនួន​១២​កាំបិត បណ្ដាល​ឱ្យ​នាងរង​របួស​ដួល​ដេក​នៅ​ក្នុង​ថ្លុកឈាម​សន្លប់​ស្ដូកស្ដឹង ។ ភ្លាម​ៗ​នោះ ជន​ជា​ឃាតករ​ឃើញ​បែប​នេះ​ស្មានថា​នាង​ស្លាប់​ហើយ ក៏​បាន​ចាក់់​ខ្លួនឯង​ចំនួន​៣​កាំបិត​តាម​ក្រោយ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ដែរ បន្ទាប់​មក​ត្រូវ​បាន​អ្នក​ជិតខាង និង​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​សង្គ្រោះ​បន្ទាន់​។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ បុរស​ឃាតករ​បាន​ស្លាប់​បាត់បង់​ជីវិត ចំណែកឯ​នាង​ជា​អនាគត​ប្រពន្ធ កំពុង​ត្រូវ​បាន​គ្រូពេទ្យ ជួយ​សង្គ្រោះ ។

មន្ត្រី​នគរបាល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម មិន​ត្រូវ​បាន​គេ​រាយការណ៍​ឱ្យ​ដឹង​ឡើយ គឺ​រហូត​ដល់​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ទើប នគរបាល​ទទួល​បាន​ព័ត៌មាន​នោះ ហើយ​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​សាកសួរ​ព័ត៌មាន ។ មិន​មាន​ភាគី​ណា​ប្ដឹង​ភាគី​ណា​ឡើយ ម្យ៉ាងទៀត​ក៏​មិន​មាន​នរណា​ម្នាក់​ប្រាប់​ថា មានរឿង​អ្វី​ទើប​បានជា​គូ​ដណ្ដឹង​មួយគូ​នេះ​ឈាន​ដល់​ការ​ចាក់​សម្លាប់​គ្នា​បែប​នេះ​ឡើយ ។ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន សង្ស័យ​ផ្ដើម​ចេញពី​រឿង​ខាង​ប្រុស ប្រចណ្ឌ​ខាង​ស្រី​មិន​ស្មោះត្រង់​នឹង​ខ្លួន ព្រោះ​នាង​មក​ធ្វើ​ជា​កម្មការិនី​តែ​ម្នាក់ឯង ហើយ​គូ​ដណ្ដឹង​នៅ​ឯ​ស្រុក​កំណើត ។

សព​បុរស​ឃាតករ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ។ ការ​ចាក់​ប៉ង​សម្លាប់​អនាគត​កូនក្រមុំ ហើយ​ចាក់​ខ្លួនឯង​ឱ្យ​ស្លាប់​នេះ បាន​បង្ហាញ​ច្បាស់​ថា​បុរស​វ័យក្មេង​រូប​នេះ​បាន​ចាត់​ទុក​ថា នាង​គឺជា​របស់​ខ្លួន​តែ​ម្ដង មិន​អាច​មាន​បុរស​រូប​ណា​ធ្វើ​ជា​អ្នក​ឃុំគ្រង​នាង​បាន​ឡើយ ។ ដោយសារ​តែ​គំនិត​អគតិ​បែប​នេះ ទើប​គេ​សម្រេចចិត្ត​ចាក់​សម្លាប់​នាង​រួច​ចាក់​សម្លាប់​ខ្លួនឯង ៕