សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​សែន​សុខ​ចាប់​រថយន្ត​ដឹក​ដី​ជាង​៨០​គ្រឿង​តាម​បញ្ជា​សម្តេច​ក្រឡាហោម

សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​សែន​សុខ​ចាប់​រថយន្ត​ដឹក​ដី​ជាង​៨០​គ្រឿង​តាម​បញ្ជា​សម្តេច​ក្រឡាហោម



រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​ដី​បាន​ជាង​៣០​គ្រឿង ដែល​មួយ​ចំនួន​កំពុង​ធ្វើ​សកម្មភាព​ជីក​និង​ដឹក​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផ្ទាល់ និង​មួយ​ចំនួន​ទៀត​ជីក​និង​ដឹក​ចេញពី​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ហើយ​បើកបរ​ឆ្លងកាត់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ខាងលើ បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។

ប្រតិបត្តិការ​ឃាត់​រថយន្ត​ដឹក​ដី​ទាំងនោះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មីនា នៅ​តាម​ផ្លូវ​បង្គោល​ភ្លើង ហៅ​ផ្លូវ​រថភ្លើង​ថ្មី ត្រង់​ចំណុច​ភូមិ​វាល សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា រថយន្ត​ដែល​ត្រូវ​ឃាត់​នា​ពេល​នោះ ភាគច្រើន​ជា​រថយន្ត​យី​ឌុ​ប​កង់​១០ ដឹក​ដី​ចេញពី​រណ្ដៅ​របស់​ឈ្មួញ​ជីកដី​ឈ្មោះ តាក់ ជី​ឡៅ ដែល​បាន​ធ្វើ​សកម្មភាព​ជីក​និង​ដឹក​ដី​ចេញពី​ក្នុងភូមិ​សាស្ត្រ ស្រុក​អង្គស្នួល ខេត្តកណ្ដាល យក​ទៅ
ចាក់​នៅ​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ និង​១​ក្រុម​ទៀត​ជា​របស់​ឈ្មួញ​ដឹក​ដី​ដ៏​គ្រាក់​ម្នាក់​ទៀត គឺ​ឈ្មោះ ចិ​ត្ត្រា ដែល​ពី​មុន​ធ្លាប់​ជីករណ្ដៅ​ដី​នៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ (​រណ្ដៅ​ដែល​ឧទ្ធម្ភាគចក្រ​យោធា​ធ្លាក់​ចូល​ពេល​កំពុង​ហោះ​ហ្វឹកហាត់​កន្លង​មក​) ។

លោក យឹ​ម សា​រ៉ា​ន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឱ្យ​ដឹង​ថា ការ​ឃាត់​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ និង​ដឹក​ក្រួស​ទាំងនេះ គឺ​ដោយ​មាន​បទបញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ ដែល​បានឱ្យ​លោក​ចាត់វិធានការ​តឹង​រ៉ឹ​ង​ចំពោះ​រថយន្ត​ទាំងនេះ​ដើម្បី​ត្រួតពិនិត្យ​ចំពោះ​រថយន្ត​ណា​គ្មាន​ច្បាប់ និង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​បន្ត ។ លោក​បន្ថែម​ទៀត​ថា ការ​ចាប់​រថយន្ត​ខាងលើ​នេះ​នឹង​ធ្វើ​ជា​ប្រចាំ ។

សមត្ថកិច្ច​ចរាចរណ៍​ដែល​ចុះ​អនុវត្ត​ផ្ទាល់​បានឱ្យ​ដឹង​ថា ការ​ឃាត់​រថយន្ត​ចំនួន​២​គោលដៅ​នៅ​ខណ្ឌ​សែន​សុខ ទី​១​នៅ​ផ្លូវ​ភ្នំពេញ ហាណូយ សង្កាត់​ឃ្មួ​ញ និង​ទី​២​នៅ​ផ្លូវ​លេខ​២០១១ ក្នុង​សង្កាត់​ក្រាំងធ្នុង ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់​បាន​រថយន្ត​ប្រមាណ​ជាង​៣០​គ្រឿង ។ ចំណែក​លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ ក៏​បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​គោលដៅ​ត្រួតពិនិត្យ​របស់​លោក​ទាំង​២ គឺ​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ដែល​ចុះ​អនុវត្ត​ផ្ទាល់​ចាប់​ឃាត់​រថយន្ត​បាន​ប្រមាណ​ជាង​៥០​គ្រឿង ។

គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រួម​គ្នា​ត្រួតពិនិត្យ និង​ចាត់វិធានការ​ឡើង​វិញ​ចំពោះ​បញ្ហា​រថយន្ត​ដឹក​ដី គឺ​ត្រូវ​តែ​ឃាត់​រថយន្ត​ដឹក​ឥត​សណ្តាប់ធ្នាប់​ដែល​ធ្វើ​ឱ្យ​ធ្លាក់​ដី​ខូច​បរិស្ថាន​ក្នុង​រាជធានី និង​ទីប្រជុំជន​នានា ខណៈ​ដែល​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​តែង​រអ៊ូរទាំ​ពី​បញ្ហា​ប្រឈម​នៃ​រថយន្ត​ដឹក​ដី​ធ្វើ​អាជីវកម្ម ។

សម្តេច​ក្រឡាហោម​ថ្លែង​បែប​នេះ ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ស​ប្តា​ហ៍​ទី​១ នៃ​ខែមីនា កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ ៕