ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បាតុកម្ម​នានា​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​១៣ មីនា ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ទាំងមូល ដើម្បី​ទាមទារ​ឱ្យ​ប្រធានាធិបតី​ឆ្វេងនិយម​លោកស្រី DILMA ROUSSEFF ចាក​ចេញពី​តំណែង​ញ៉ាំង​ឱ្យ​មាន​វិបត្តិ​នយោបាយ​ចម្បង​មួយ ដែល​គំរាមកំហែង​នាំ​ទៅ​ដល់​ការ​ដកហូត​តំណែង​លោកស្រី ។

លោកស្រី ROUSSEFF នា​យប់​ថ្ងៃ​ទី​១២ មីនា បាន​អំពាវនាវ​ដល់​ប្រជាជន​ប្រេ​ស៊ី​ល​ឱ្យធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ខណៈ​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​អ្នកប្រឆាំង និង​ពួក​អ្នកគាំទ្រ​រដ្ឋាភិបាល ។ លោកស្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​អំពាវនាវ​ចៀសវាង​កុំឱ្យ​មាន​អំពើ​ហិង្សា ។ គ្រប់​គ្នា​សុទ្ធតែ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម ហើយ​គ្មាន​មនុស្ស​ណា​ម្នាក់​មាន​សិទ្ធិ​បង្ក​អំពើ​ហិង្សា​ឡើយ ។

ពួក​ប្រឆាំង​សង្ឃឹម​ប្រមូលផ្តុំ​ពួក​អ្នកគាំទ្រ​យ៉ាងច្រើន ដើម្បី​ធ្វើការ​គាបសង្កត់​លើ​សភា​ដែល​នៅ​រារែក​ពុំ​ព្រម​បោះ​ឆ្នោត​អនុម័ត​គាំទ្រ ឬ​ប្រឆាំង​ការ​ចាកចេញ​របស់​លោកស្រី​ប្រធានាធិបតី​ឆ្វេងនិយម​ក្នុង​បណ្តា​ស​ប្តា​ហ៍​ខាង​មុខ ។ បាតុកម្ម​ត្រូវ​បាន​ប្រកាស​ថា កើត​មាន​ក្នុង​ទីក្រុង​យ៉ាងតិច​៤៣៨​របស់​ប្រេ​ស៊ី​ល ខណៈ​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ហក់​ឡើង​នៅ​អា​មេ​រិ​កឡា​ទី​ន​នេះ កំពុង​ជួប​ប្រទះ​វិបត្តិ​ធ្ងន់ធ្ងរ​ដល់​ទៅ​៣ ។ ប្រេ​ស៊ី​ល​ចាប់ផ្តើម​ឆ្នាំ​ទី​២​ខាង​ការ​ស្រុត​ចុះ​នៃ​សេដ្ឋកិច្ច ខណៈ​វិបត្តិ​នយោបាយ​កើតឡើង​មក​ពី​រឿងអាស្រូវ​ពុក​រលួយ​របស់​ក្រុមហ៊ុន PETROBRAS ធ្វើ​ឱ្យ​ស្ទះ​សកម្មភាព​នៃ​រដ្ឋាភិបាល​គណបក្ស​ពលករ​ដែល​កាន់​អំណាច​ចាប់តាំងពី​ឆ្នាំ​២០០៣​មក ។

ពួក​អ្នក​រៀបចំ​បាតុកម្ម​ថ្ងៃ​ទី​១៣ មីនា ស្ថិត​ក្នុង​បណ្តា​ចលនា​ពលរដ្ឋ​ដែល​ធ្លាប់​រៀបចំ​ធ្វើ​កាលពី​ឆ្នាំទៅ​មិ​ញ នូវ​បាតុកម្ម​តវ៉ា​ប្រភេទ​នេះ​រយៈពេល​៣​ថ្ងៃ ៕