រឿង​ប៉េអឹម​ដោះលែង​សន្តិសុខ​ខណ្ឌដូនពេញ​វ៉ៃ​ប៉ូលិស​រង​ការរិះគន់​

ភ្នំពេញ:
មជ្ឈដ្ឋាន​មួយចំនួន​បាន​រិះគន់​​ទៅលើ​អាវុធហត្ថ​ខណ្ឌដូនពេញ ​ដែល​បាន​ដោះលែង​ជនសង្ស័យ​​ចំនួន​ពីរ​នាក់ ដែលជា​សន្តិសុខ​ខណ្ឌ​​ដូនពេញ និង​បក្ខពួក​៣​នាក់ (​គេចខ្លួន​) ដែល​បាន​ព្រួត​គ្នា​វាយ​ទៅលើ​មន្ត្រីនគរបាល​តម្រួត បទបញ្ជា​​ដោយ​ការដោះលែង​នេះ មិនបាន​បញ្ជូនទៅ​តុលាការ​ទេ​។​
 
​ជនសង្ស័យ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ​ដោះលែង​វិញ​នោះ មាន ឈ្មោះ​ជៀម ចន្ថា និង​ឈ្មោះ សំ ធារ៉ា គឺជា​សន្តិសុខ​ខណ្ឌដូនពេញ​។ ចំណែក​បក្ខពួក​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​។​រីឯ​ជនរងគ្រោះ​ឈ្មោះ ស៊ូ សុផាត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នគរបាល​តំរួត​បទបញ្ជា ស្ន​ក់នៅ​ផ្ទះ​លេខ​១F ផ្លូវ​៨៦ សង្កាត់​ស្រះចក ដូនពេញ (​រង​បួស​ក្បាល​)​។​

​មន្ត្រី​អាវុធហត្ថ​បាន​បង្ហើប​អោយដឹងថា ចំពោះ​ករណីនេះ អាវុធហត្ថ​ខណ្ឌដូនពេញ​មិនបាន​បញ្ជូន​សំណុំរឿង​សន្តិសុខ​ខណ្ឌដូនពេញ ទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទេ ដោយមាន​អ្នករត់​ការអន្តរាគមន៍​ដោះលែង​សន្តិសុខ​ទាំង​២​នាក់​នេះ​។ រីឯ​ខាង​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹងថា សំណុំរឿង​សន្តិសុខ​ព្រួត​គ្នា​វ៉ៃ​លើ​នគរបាល​តម្រួត​បទបញ្ជា គឺ​មិនឃើញ​បញ្ជូនមក​តុលាការ​ទេ​។​ទាក់ទង​ករណីនេះ​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌដូនពេញ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​។​

​មជ្ឈដ្ឋាន​មួយចំនួន​បាន​រិះគន់ថា ករណី​ក្រុម​សន្តិសុខ​ព្រួត​គ្នា​វ៉ៃ​ទៅលើ​​នគរបាល​តម្រួត​បទ​បញ្ជា រងរបួស​​ក្នុង​ធ្ងន់ធ្ងរ​នោះ មិនគួរ​អាវុធហត្ថ​ខណ្ឌដូនពេញ ដោះលែង​ដោយ​គ្មាន​​ការទទួល​ទោស​នោះទេ​។ តើ​មាន​មូលហេតុ​អ្វីដែល​ត្រូវ​ដោះលែង ហើយ​រឿង​អ្វី​បានជា​មិន​ព្រម​បញ្ជូនទៅ​អាវុធហត្ថ​ក្រុង និង​មិន​ព្រម​បញ្ជូនទៅ​តុលាការ​ឬមួយ​ក៏​សន្តិសុខ​នោះ មាន​ខ្សែ​ធំ​?​។​
​ពិត​មែនហើយ​ប្រហែល​ជាមាន​ខ្សែ​ធំ​​បានជា​អាវុធហត្ថ​ដោះលែង​នោះ បើ​មិនមាន​ខ្សែ​ទុយ​យោ​ទេ គឺ​សន្តិសុខ​​ទាំងពីរ​នាក់​នោះ​ចូលដេក​គុក​បាត់ទៅហើយ​។ សម្រាប់​រាស្ត្រ​តូចតាច​គ្មាន​ខ្សែ និង​គ្មាន​លុយ​នោះ គឺ​ត្រូវ​បញ្ជូនទៅ​តុលាការ​បាត់ទៅហើយ​។​
 តើ​ច្បាប់​សម្រាប់​អនុវត្ត​លើ​អ្នកតូចតាច ឬ​?
​បើតាម​ប្រភព​បានអោយដឹងថា រឿង​ដោះលែង​សន្តិសុខ​២​នាក់​នេះ គឺមាន​​អន្តរា​គម​ន៏​ពី​មន្ត្រីជាន់ខ្ពស់​ខណ្ឌ​ដូន​​ពេញ អន្តរាគមន៍​។​

​សូមជម្រាបថា កាលពី​វេលា​ម៉ោង​១0​និង​៤0​នាទី​យប់ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ហឹ​ង្សា​បណ្តាល​ឲ្យ​របួស នៅ​ចំណុច​ផ្លូវ​៦១ កែង​ផ្លូវ ៨៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ​។​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោងជាង ១១ យប់ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦​នៅ​ជិត​វត្ត​ស្រះចក ខណ្ឌដូនពេញ​។​
 
​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​ម៉ូតូ​២​គ្រឿង មាន​គ្នា​៥​នាក់ (​សន្តិ​​សុខ​ខណ្ឌដូនពេញ​) និង​ឃើញ​មាន​ម៉ូតូ​មួយ ជិះ​តែម្នាក់ឯង (​នគរបាល​នៅ​តម្រួត​បទបញ្ជា​)​។ លុះ​មកដល់​កន្លែងកើតហេតុ​ម៉ូតូ​២​គ្រឿង​នោះ បាន​ឈប់ រួច​ក៏បាន​នាំគ្នា​ដើរ​សំដៅ មករក​បុរស​ម្នាក់​ដែល​ជិះ​ម្នាក់ឯង ដោយមាន​ការ​ប៉ះ​សំដី​គ្នា រហូត​ឈានដល់​ការប្រើ​ហិង្សា លើ​បុរស​ដែលជា​មន្ត្រីនគរបាល ហើយ​គាត់​ក៏បាន​រត់​មក​ឲ្យ​គេ​ជួយ​។ មួយសន្ទុះ​ក្រោយ ក៏​ឃើញ​មាន​ប៉េអឹម​ជិះ​មកដល់ ក៏បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ និង ៣​ទៀត បាន​រត់​គេចខ្លួនបាត់​៕​

រឿង​ប៉េអឹម​ដោះលែង​សន្តិសុខ​ខណ្ឌដូនពេញ​វ៉ៃ​ប៉ូលិស​រង​ការរិះគន់​