បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​អាមេរិក​៖ លោក​ហ៊ុន ម៉ា​ណែ​ត ឲ្យ​អ្នករៀបចំ​កម្មវិធី​ហៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ដែរ​

ភ្នំពេញ:
លោក​ហ៊ុន ម៉ា​ណែ​ត បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែមីនា ដើម្បី​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ​។​
​ 
 ​លោក​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​មុនពេល​ចេញដំណើរ​ថា គោលបំណង​ទៅ​សហរដ្ឋអាមេរិក​នេះ គឺ​លោក​ត្រូវបាន​គណៈកម្មការ​បុរី​កម្ពុជា អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ព្យុះ​ហយា​ត្រា​វប្បធម៌ និង​ការតាំង​ពិ​ពណ៌​វប្បធម៌​នៅ​ទីនោះ ហើយ​លោក​ក៏បាន​ទទួល​ការអញ្ជើញ​ចូលរួម​នេះ និង​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​យុវជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​។​
​  
 ​ទាក់ទង​ការអញ្ជើញ​ទៅ​ចូលរួម​កម្មវិធី​ចូលឆ្នាំ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក គឺមាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនធំ​បាន​គាំទ្រ និង​មាន​មួយចំនួន​តូច​ប្រឆាំង​មិន​ឲ្យ​ចូលរួម ត្រូវបាន​លោក​ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ចំពោះ​ព័​ត៍​មាន​នេះ​លោក​បានដឹង គឺមាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​មិន​គាំទ្រ​ឲ្យ​ចូលរួម ក៏ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ក៏​គាំទ្រ​អញ្ជើញលោក​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះដែរ ពីព្រោះ​គាត់​យល់ថា ការចូលរួម​និង​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ គឺជា​អ្វីដែល​ខ្មែរ​គ្រប់គ្នា មិន​ថា​គណបក្ស​ណាៗ​ទេ គឺ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា ឬមួយ​ទីកន្លែង​នៅក្នុង​ស្រុក ក្រៅ​ស្រុក អ្នក​នៅ​អាមេរិក អ្នក​នៅ​បារាំង​ទេ គឺ​យើង​ត្រូវ​រួមគ្នា​ដើម្បី​អបអរសាទរ​ពិធី​នេះ​ជាមួយគ្នា ក្នុងនាម​មហា​គ្រួសារ​តែមួយ​។​
​  
 ​លោក​បាន​មានប្រសាសន៍​បន្តថា ទាក់ទង​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ជា​រឿង​វប្បធម៌ និង​រួមគ្នា​ដើម្បី​ការលើកស្ទួយ​វប្បធម៌​ជាតិ និង​ប្រពៃណីជាតិ​របស់​យើង និង​ដើម្បី​មុខមាត់​ប្រទេស​របស់​យើង ដែល​យើង​ត្រូវ​រួមគ្នា​។ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​សហរដ្ឋអាមេរិក​នេះ គឺ​លោក​នឹង​ទៅ​ជួប​ជាមួយ​ប្រជា​ល​រដ្ឋ​ខ្មែរ និង​ក្នុងនាម​ជា​មា​ហ​គ្រួសារ​ខ្មែរ ដោយ​មិន​ប្រកាន់​និ​ន្នា​នយោបាយ ដើម្បី​ជួប​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​ទូទៅ​ដែល​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​បញ្ញា​ផ្សេងៗ និង​ទាក់ទង​ការងារ​យុវជន​។ ប៉ុន្តែ​លោក​មិនមាន​គោលបំណង​ទៅ​ឃោសនា​នយោបាយ​នៅក្នុង​កម្មវិធី​នោះទេ ហើយ​កម្មវិធី​ដែល​ប្រារព្ធ​ធ្វើ គឺមាន​ថ្នាក់ដឹកនាំ​សហរដ្ឋអាមេរិក ក៏បាន​ចូលរួម និង​ចំពោះ​ឃោ​ន​សា​បោះឆ្នោត​នៅ​អាមេរិក ហើយ​លោក​មិន​ជឿថា គេ​យក​កម្មវិធី​នេះ​ដើម្បី​និយាយ​ពី​ការឃោសនា​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ ឬមួយ​គណបក្ស​សាធារណរដ្ឋ​នៅ​អាមេរិក​នោះទេ ពីព្រោះ​គេ​មាន​ពេលវេលា​របស់គេ​។ ការធ្វើ​ពិធី​ប្រារព្ធ​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​អាមេរិក​នេះ គឺ​និយាយ​ពី​វប្បធម៌ និយាយ​ពី​ការរួបរួម​គ្នា ហើយ​ការ​ខុសគ្នា គំនិត​ខុសគ្នា​នយោបាយ គឺ​យើង​ទុក​មួយ​ឡែក​។​
​  
 ​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ការដែល​លោក​ទទួល​ឲ្យ​ចូលរួម​នេះ គឺ​លោក​គាំទ្រ​ទៅ​និង​ឆន្ទៈ​ក្នុង​បុព្វហេតុ ដែល​គណៈកម្មការ​បុរី​កម្ពុជា​នៅ​ទីក្រុង​ឡុង​ប៊ិច រៀបចំ​ប្រារព្ធ​ពិធី​នេះ គឺ​ដើម្បី​ប្រមូល​កម្លាំង​មហា​សាមគ្គី​ខ្មែរ រួបរួមគ្នា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ទាំងអស់ ដើម្បី​បម្រើ​បុព្វហេតុ​លើក​កិត្តិយស​ជាតិ​យើង​នៅ​ទីនោះ ហេតុនេះហើយ​បានជា​លោក​គាំទ្រ និង​ចូលរួម​។ ហើយ​លោក​សូម​ឲ្យ​បុរី​កម្ពុជា​អាច​ពិចារណា​នៅក្នុង​ការអញ្ជើញ​តំណាង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ក្នុង​កម្ម​ប​វិធី​ន​នេះដែរ ពីព្រោះ​ពេលនេះ មិនមែន​ចូលរួម​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ ទេ ក្នុងនាម​ជា​ខ្មែរ​តែមួយ ហើយ​បើ​បាន​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​គឺជា​ការល្អ ដែល​យើង​រួមគ្នា ហើយ​ម៉ោង​នេះ មិនគួរ​ជជែក​គ្នា​ឬមួយ​តស៊ូ​មតិ​គាំទ្រ ឬ​មិន​គាំទ្រ លោក​ចូលរួម​នោះទេ គឺ​គួរ​អង្គុយ​ជជែក​គ្នា​ថា ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​កម្មវិធី​ដែល​បាន​ប្រារព្ធ​ធ្វើ​នោះ​ទទួលបាន​ជោគជ័យ ដើម្បី​បង្ហាញ​ពី​វប្បធម៌ អរិយធម៌​របស់​ខ្មែរ ជាពិសេស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ងា​មេ​រិ​ក​ដែល​មិន​ធ្លាប់បាន​ម​កម្ពុជា បាន​ស្គា​ល់ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ក៏ដូចជា​ការវិវឌ្ឍ​ន៍​ពី​ប្រទេស​កម្ពុជា​របស់​យើង​។​
​  
 ​លោក​បាន​បន្តទៀតថា ចំណែក​ខាង​នៅក្នុង​ប្រទេស​កម្ពុជា​វិញ គឺ​បាន​សហការគ្នាជាមួយ​ខាង​សង្គម​ស៊ីវិល ជាមួយ​ខាង​វិស័យ​ឯកជន ដើម្បី​អញ្ជើញ​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ដើម្បី​ធ្វើយ៉ាងណា​យក​ឱកាស​នេះ ផ្សព្វផ្សាយ​ពី​ស្រុក​ខ្មែរ ផ្សព្វផ្សាយ​ពី​ឱកាស​វិនិយោគ និង​ជា​ឱកាស​មួយ​ដើម្បី​លើកមុខ​មាត់​ខ្មែរ​យើង​ទាំងអស់ ហើយ​បាន​ប្រយោជន៍​មិនមែន​បាន​ប្រយោជន៍​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នោះទេ គឺ​បាន​ប្រយោជន៍​សម្រាប់​យើងទាំងអស់គ្នា​។​
​ 
  ​លោក​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បញ្ជាក់ថា “​ខ្ញុំ​អត់​មាន​បញ្ហា​អី ដែលថា ត្រូវ​ខ្លាច​បងប្អូន​ខ្មែរ ដោយសារ​គាត់​គ្រាន់តែ​បញ្ចេញមតិ ដើម្បី​ចង់​មក​ជជែក​ពិភាក្សា​ជាមួយ​ខ្ញុំ​លើ​បញ្ហា​មួយ​ច​ចំនួន​នោះ ហើយ​ខ្ញុំ​បានធ្វើ​នេះ នៅ​គ្រប់​ដំណើរ​របស់ខ្ញុំ​ទៅ​អាមេរិក ទៅ​អ​អឺរ៉ុប ដែល​ជួប​បងប្អូន​ខ្មែរ និយាយ​ពិភាក្សាគ្នា គាត់​សួរ​បញ្ហា​ជាច្រើន​យើង​ក៏បាន​ឆ្លើយ​យ​តប​”​។ លោក​បានបញ្ជាក់​បន្ថែម​ថា តាមពិត​គំរោង​មកដល់​បច្ចុប្បន្ននេះ គឺ​លោក​នឹង​ជួប​ជាមួយ​មន្ត្រី​របស់​អាមេរិក​នៅតាម​ទីក្រុង​មួយចំនួន ក៏ដូចជា​សមាជិកសភា​អាមេរិក​មួយចំនួន គោលដៅ​សំខាន់​គឺ​ដើម្បី​ថ្លែងអំណរគុណ​ដែល​ពួកគាត់ ដែល​បាន​ជួយ​មើល​ដល់​សហគមន៍​ខ្មែរ​នៅ​ទីនោះ និង​ពិភាក្សា​ទៅលើ​ចំណុច​មួយចំនួន​។​