ប៉ូលិស​សណ្ដាប់ធ្នាប់​ខណ្ឌ​៧​មករា​ម្នាក់​​ ខ្យល់គរ​ស្លាប់ ​ពេល​កំពុង​ការពារ​គណៈ​ប្រតិភូ​ជាន់ខ្ពស់

ប៉ូលិស​សណ្ដាប់ធ្នាប់​ខណ្ឌ​៧​មករា​ម្នាក់​​ ខ្យល់គរ​ស្លាប់ ​ពេល​កំពុង​ការពារ​គណៈ​ប្រតិភូ​ជាន់ខ្ពស់



ភ្នំពេញ ​៖ ​មន្ត្រី​​​នគរបាល​សណ្ដាប់ធ្នាប់​ខណ្ឌ​៧​មករា​ម្នាក់​បាន​ដួល​ផ្ងារ​ក្រោយ ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​​មន្ទីរពេទ្យ​កាល់ម៉ែត ខណៈ​កំពុង​តែ​បំពេញ​ការងារ​ការពារ​គណៈ​ប្រតិភូ​ជាន់ខ្ពស់។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ខាងលើ​មាន​ឈ្មោះ យ៉ាវ ប៉ូរា ជា​មន្ត្រី​ នគរបាល​ចរាចរណ៍ ​និង​សណ្ដាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា។ រូប​លោក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​សួនច្បារ​ក្ដាន់​២ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។

សេចក្ដីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ រួម​នឹង​មន្ត្រី​នគរបាល​ផ្សេងទៀត​បាន​ឈរ​​​ការពារ​គណៈ​ប្រតិភូ​ជាន់ខ្ពស់។ ប៉ុន្តែ​ពេលនោះ ទំនងជា​ជនរងគ្រោះ​មានការ​ធ្វើការ​ហត់នឿយ​ជ្រុល​ក៏​ខ្យល់គរ​ដួល​ផ្ងាក​ក្រោយ ហើយ​ក៏បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​តែម្ដង។

​ ​បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕