ទូរស័ព្ទ​សាំ​សុង​ស៊េរី​ទំនើប​ៗ​ប្រមាណ​២០០​គ្រឿង​ត្រូវ​ចោរ​ប្រមូល​គ្មាន​សល់

ទូរស័ព្ទ​សាំ​សុង​ស៊េរី​ទំនើប​ៗ​ប្រមាណ​២០០​គ្រឿង​ត្រូវ​ចោរ​ប្រមូល​គ្មាន​សល់



បាត់ដំបង ​៖​ ទូរស័ព្ទ​ម៉ាក​សាំ​សុង ​ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​ស៊េរី​ទំនើប​ៗ​ ត្រូវ​បាន​ក្រុម​ចោរ​កាត់​ចម្រឹង​ដែក​ចូល​ប្រមូល​គ្មាន​សល់​ ខណៈ​ដែល​ម្ចាស់​ផ្ទះ​បិទទ្វារ​ចាក់​សោ​មិន​បាន​ស្នាក់នៅ​តែ​មួយ​យប់​ប៉ុណ្ណោះ។

ផ្ទះ​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង ​ដែល​ស្ថិតនៅ​ក្នុង​បូរី​ស្ទឹង​សង្កែ​ ក្នុង​ភូមិ​កំពង់​ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង ​ខេត្ត​បាត់ដំបង​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​កាត់​ចម្រឹង​ដែក​ពី​ខាងលើ​ដំបូល​ចូល​ទៅ​ប្រមូល​ទូរស័ព្ទ​គ្មាន​សល់​ ដែល​សកម្មភាព​នេះ​អាច​ធ្វើ​ឡើង​នៅ​ប្រហែលជា​ម៉ោង​៣​​ទៀបភ្លឺ នា​យប់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦។

ពាក់ព័ន្ធ​នឹង​ករណី​លួច​ដោយមាន​ស្ថាន​ទម្ងន់​ទោស (​កាត់​ចម្រឹង​ដំបូល​ផ្ទះ​ទម្លុះ​ចូល​) ដែល​ប្រព្រឹត្ត​ឡើង ​ដោយ​ជន​សង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​នេះ ​គឺ​ម្ចាស់ផ្ទះ​ឈ្មោះ​ជោ​ត ចាន់​ចរិយា ​ ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អង់ ​ សង្កាត់​អូរ​ចារ ​ក្រុង​បាត់ដំបង​បាន​បញ្ជាក់​ថា​ ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​កាត់​ចម្រឹង​ដែក​ដំបូល​ផ្ទះ​ទម្លុះ​ចូល​លួច​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង​ ស៊េរី​​ទំនើបៗ​ចំនួន ២០០ គ្រឿង ដែល​សរុប​ជា​ទឹកប្រាក់ ប្រមាណ ៦០០០០ ដុល្លារ(​ប្រាំមួយ​ម៉ឺន​ដុល្លារ​) ខណៈ​ដែល​គ្រួសារ​របស់​គាត់​មិនបាន​សម្រាក​នៅផ្ទះ​តែមួយ​យប់​តែប៉ុណ្ណោះ។

តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ជន​សង្ស័យ​អាច​ជា​មនុស្ស​ស្គាល់​គ្នា​ជាមួយ​នឹង​ជនរងគ្រោះ​​ ហើយក៏​មិន​មាន​គ្នា​ច្រើន​ដែរ​ ព្រោះ​រាល់​យប់​គឺ​ម្ចាស់​បាន​ស្នាក់នៅ​ជា​ធម្មតា ហើយក៏​គ្មាន​រឿង​អ្វី​កើតឡើង​ដែរ។ លុះ​ពេល​ដែល​ពួកគាត់​មាន​ធុរៈ​តែមួយ​យប់​ដោយ​មិនបាន​ស្នាក់នៅ គឺ​ចោរ​បាន​ធ្វើ​សកម្មភាព​តែ​ម្តង ​ដែល​ហាក់​បីដូច​ជា​ដឹង​មុន​ថា​ពួកគាត់​មិនបាន​នៅ​យ៉ាង​ដូច្នេះ​ដែរ។ ម្យ៉ាងទៀត​ក្រុម​ចោរ​បាន​ប្រមូល​យក​តែ​ទូរស័ព្ទ​ដៃ​ណា​ដែល​ទំនើបៗ​តែប៉ុណ្ណោះ សូម្បីតែ​អាយ​ផេ​ត​ល្មមៗ​ក៏​ក្រុម​ចោរ​មិន​យក​ដែរ។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​ចោរ​មាន​គ្នា​តិច​តែប៉ុណ្ណោះ។

ក្រោយពេល​កើត​ហេតុ​ទាំង​កម្លាំង​សមត្ថកិច្ច​នគរបាល ​ ក៏ដូចជា​កម្លាំង​កងរាជអាវុធហត្ថ​កំពុងបើក​ការស្រាវជ្រាវ ​ដើម្បី​តាម​រក​មុខសញ្ញា​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

ទូរស័ព្ទ​សាំ​សុង​ស៊េរី​ទំនើប​ៗ​ប្រមាណ​២០០​គ្រឿង​ត្រូវ​ចោរ​ប្រមូល​គ្មាន​សល់

ទូរស័ព្ទ​សាំ​សុង​ស៊េរី​ទំនើប​ៗ​ប្រមាណ​២០០​គ្រឿង​ត្រូវ​ចោរ​ប្រមូល​គ្មាន​សល់