ទម្លាប់​ដែល​ផ្តល់ ហានិភ័យ​ដល់​ភ្នែក​អ្នក​

ទម្លាប់​ដែល​ផ្តល់ ហានិភ័យ​ដល់​ភ្នែក​អ្នក​

​អ្នក​អាច​កំពុងតែ​ផ្តល់​គ្រោះថ្នាក់ ដល់​ភ្នែក​របស់​ខ្លួនឯង​បាន ជាមួយនឹង​ទម្លាប់​មួយចំនួន ដែល​អ្នក​ធ្វើ​រាល់​ថ្ងៃ ដោយ​មិន​ដឹង​ខ្លួន​។ ប៉ុន្តែ មិនបាច់​បារម្ភ​ទេ ព្រោះ​អ្នក​អាច​នឹង​កែប្រែ​វា​បាន​។ ទម្លាប់​ទាំងនោះ​មានដូចជា ៖

​គេង​ទាំង​ពាក់​ឡេន​
ពេលខ្លះ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ខ្ជិល​ខ្លាំង អ្នក​ប្រហែលជា​គិតថា វា​មិន​អី​នោះ​ទេ ក្នុងការ​គេង​ទាំង​ពាក់​ឡេន​ជាប់​ភ្នែក​អញ្ជឹង​។ សូម​កុំ​ធ្វើ​បែប​នេះ​ឲ្យសោះ​។ ការពា​ក់ឡេ​ន នឹង​កាត់បន្ថយ​ការផ្គត់ផ្គង់ អុកស៊ីសែន​ទៅ​កញ្ចក់​ភ្នែក ជីវជាតិ និង​ជាតិ​រំអិល​ដែល​វា​ត្រូវការ​។ វា​នឹង​ធ្វើឲ្យ​ភ្នែក​អ្នក ទៅ​ជា​ស្ងួត និង​ឡើង​ក្រហម​នៅ​ព្រឹក​ឡើង​។

មើល​កុំព្យូទ័រ នៅ​ចម្ងាយ​ជិត​ពេក​
ការធ្វើការ​ជាមួយ​កុំព្យូទ័រ​រាល់ថ្ងៃ អាច​ធ្វើឲ្យ​ភ្នែក​អស់កម្លាំង និង​ស្ងួត​បាន​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ដាក់​កុំព្យូទ័រ ឆ្ងាយ​ពី​ភ្នែក​ពី ៣៨ ទៅ ៥០ សង់ទីម៉ែត្រ​ពី​ភ្នែក​។ អ្នក​ក៏​គួរតែ​ទុកពេល​ឲ្យ​ភ្នែក​សម្រាក ជា​រៀងរាល់ ២០ នាទី ផងដែរ​។

កុំ​ញី​ភ្នែក​
ការ​ញី​ភ្នែក ដែល​កំពុង​តែ​រមាស់ ហាក់ដូចជា​រឿង​ត្រូវធ្វើ​ណាស់ ប៉ុន្តែ តាមពិត វា​គ្រាន់តែ​ធ្វើឲ្យ​ភ្នែក​ទៅ រលាក​លើស​ដើម​ប៉ុណ្ណោះ​។ អ្នក​ក៏​អាច​ចម្លង​មេរោគ ទៅក្នុង​ភ្នែក​បាន​ដែរ​។ បើសិនជា​មាន​កំទិចកំទី ធ្វើឲ្យ​រមាស់ ការ​ព្រិច​ភ្នែក ជាមួយ​នឹង​ទឹក​ត្រជាក់ ក៏​អាច​បាត់​ទៅ​វិញ​ដែរ​។

មិន​ពាក់​វ៉ែន​តាខ្មៅ​
ការធ្វើ​បែប​នេះ វា​ដូច​គ្នា​នឹង​ការការពារ​ស្បែក​ដែរ អ្នក​ត្រូវ​ការការពារ​ភ្នែក ពី​កាំរស្មី​យូ​វី​របស់​ព្រះអាទិត្យ​។ ការប៉ះពាល់​នឹង​កាំរស្មី​ពន្លឺព្រះអាទិត្យ​យូរពេក អាច​ធ្វើឲ្យ​កើត​ជា​ជំងឺ​ភ្នែក Macular Degeneration និង​ខូច​បាត​ភ្នែក​បាន​។ ដូច្នេះ ត្រូវ​ការពាក់​វ៉ែន​តាខ្មៅ​ជានិច្ច នៅ​ពេល​អ្នក​ចេញ​ទៅ​ក្រៅ​។

មិន​បាន​លាង​សម្អាត​ច្រាស​លាប​ភ្នែក​
ចូរ​ប្រាកដថា អ្នក​បាន​លាង​សម្អាត​ច្រាស​លាប​ភ្នែក យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយខែ​។ ការ​ដែល​មិន​បាន​លាង​សម្អាត វា​នឹង​បង្ក​មេរោគ​កាន់តែច្រើន ដែល​អាច​នាំឲ្យ​មាន​ការបង្ករោគ និង​រលាក​ភ្នែក​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។