១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

​នៅពេល​ដែល​ចង់បាន​សុខភាព​ល្អ វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ធំដុំ​នោះ​ទេ​។ នេះ​គឺជា​រឿងរ៉ាវ​ទាំង ១០​ដែល​អ្នក​អាច​ធ្វើបាន​នៅ​ថ្ងៃនេះ​ដើម្បី​ពង្រឹង​ដល់​សុខភាព​របស់​អ្នក​។​

១. ពិនិត្យ​ទៅលើ​ទម្ងន់​របស់​អ្នក​
 មាន​ស្ត្រី​ម្នាក់​ក្នុងចំនោម ៣​នាក់ ហើយ​បុរស​បួន​នាក់​ក្នុងចំនោម ១០​នាក់​នៅ​ប្រទេស​អង់គ្លេស​មាន​បញ្ហា​ធាត់​ខ្លាំង​។ ការ​ដែល​ធាត់​ជ្រុល​ធ្វើអោយមាន​សេចក្តីស្លាប់​មុន​អាយុ​រហូតដល់ ៩០០០​នាក់​ជា​រៀងរាល់ឆ្នាំ ហើយ​ជា​មធ្យម​វា​កាត់បន្ថយ​អាយុជីវិត​របស់​មនុស្ស​រហូតដល់ ៩​ឆ្នាំ​ដែរ​។ ចូរ​ប្រើ​វិធី​គិត​លេខ​លើ​សមាមាត្រ BMI ដើម្បី​ជា​ជំនួយ​ប្រសិនបើ​អ្នក​មាន​ទម្ងន់​ដែល​មាន​សុខភាព ឬ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ជំងឺ​បេះដូង និង​ជំងឺមហារីក​។​

២, កាត់បន្ថយ​ការ​ផឹកស្រា​
 មនុស្ស​ភាគច្រើន​មិន​ទាន់​ដឹងខ្លួន​ថា ការ​ផឹកស្រា​ច្រើន​អាច​ធ្វើអោយ​អ្នក​ប្រឈម​ទៅ​នឹង​បញ្ហា​សុខភាព​ដ៏​វែងឆ្ងាយ បាន​ដូច​ជា ជំងឺមហារីក ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​គាំងបេះដូង​។ ឧទាហរណ៍ មនុស្ស​ប្រុស​ដែល​ផឹក​ស្រា​បៀរ​ច្រើនជាង​បី ទៅ​បួន​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ទំនងជា​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល រហូត​ដល់​បី​ដង​។​

៣, កាត់បន្ថយ​ការ​ទទួលទាន​ប្រៃ និង​ខ្លាញ់​
 ការ​ដែល​សម្បូរ​ជាតិ​ប្រៃ និង​ខ្លាញ់​ក្នុង​របប​អាហារ​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ធ្វើអោយមាន ជំងឺ​រ៉ាំរ៉ៃ​ដូចជា ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ទឹកនោម​ផ្អែម​។ ការ​ដែល​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ច្រើនពេក​អាច​ធ្វើអោយ​សម្ពាធ​ឈាម ឡើង​ខ្ពស់ និង​ទំនង​ជា​វិវឌ្ឈន៍​ទៅ​ជា​ជំងឺ​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។​

៤. ហាត់ប្រាណ​ជា​ទៀងទាត់​
 យើង​មាន​ការ​ហាត់ប្រាណ​ច្រើន​ជាង​ការ​សម្រក​ទម្ងន់​។ ទោះបីជា​អ្នក​ជា​មនុស្ស​ដែល​មាឌ​ស្អាត​ហើយ​ក៏​ដោយ ក៏​អ្នកនឹង​នៅ​តែ​ទទួលបាន​អត្ថប្រយោជន៍​ដល់​សុខភាព​ពី​ការ​ហាត់ប្រាណ​ដែរ​។ ទោះបីជា​ការធ្វើសកម្មភាព​រាង្គ​កាយ​តិចតួច​ក៏​ដោយ​ក៏​អាច​កាត់បន្ថយ​ការ ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ដូចជា ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ រហូតដល់ ៥០%​។ ការ​ដែល​ហាត់ប្រាណ​ជា​ទៀងទាត់​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ស្លាប់​មុន​អាយុ បាន​ពី ២០ ទៅ​៣០%​។​

៥.​ចូរ​ទទួលទាន​ផ្លែឈើ និង​បន្លែ​អោយបាន​ច្រើន​
 សម្រាប់​របប​អាហារ​ដែល​មាន​តុល្យភាព និង​ប្រកបដោយ​សុខភាព​បាន​ចូរ​ព្យាយាម​ទទួលទាន​ផ្លែឈើ និង​បន្លែ​អោយបាន​ប្រាំ​មុខ​ក្នុង​មួយថ្ងៃ​។ ការស្រាវជ្រាវ​បង្ហាញ​អោយដឹងថា ការ​ទទួលទាន​ផ្លែឈើ និង​បន្លែ​យ៉ាងតិច​បំផុត ៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព ធ្ងន់ធ្ងរ​ជា​ច្រើន​ដូចជា ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​ការ​ធាត់​ជ្រុល​។​

៦.​ត្រួតពិនិត្យ​លើ​ភាព​ស្ត្រេ​ស​
 ស្ត្រេ​ស​ដោយសារតែ​ការងារ​គឺ​ស្ថិតនៅ​ក្នុង​កម្រិត​មួយ​ដែ​ធ្វើអោយ​មាន​ជំងឺ ។ បញ្ហា​ផ្លូវចិត្ត​រួម​ទាំង​ស្ត្រេ​ស​គឺជា​មូលហេតុ​មួយ​ដែល​ធ្វើអោយ​មនុស្ស ម្នាក់​ក្នុងចំនោម ៥​នាក់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ប្រសិន​បើ​ពួកគេ​មិន​បាន​ទៅ​ពិគ្រោះ​ជំងឺ​ទេ ស្ត្រេ​សអាច​ធ្វើអោយមាន​បញ្ហា​ដល់​សុខភាព​កាន់តែ​ច្រើន​ដូចជា សម្ពាធ​ឈាម​ឡើង​ខ្ពស់ ថប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត​។​

៧.​ពង្រឹង​ដល់​ការ​ដេក​របស់​អ្នក​
 មនុស្ស​សឹងតែ​គ្រប់​គ្នា​សុទ្ធតែ​មាន​បញ្ហា​លើ​ការ​ដេក​ដោយសារ​តែ​រឿងហេតុ មួយចំនួន​ក្នុង​ជីវិត​របស់​ពួកគេ​។ វា​ត្រូវ​បាន​គេ​យល់​ថា ជនជាតិ​អង់គ្លេស​បី​ភាគ​នឹង​មាន​បញ្ហា​ដេក​មិន​លក់​នៅ​ថ្ងៃមុខ​។ មនុស្ស​វ័យ​ជំទង់​ដែល​មាន​សុខភាព​ល្អ​ភាគច្រើន ការ​ដេក​របស់​ពួកគេ​ជា​មធ្យម​ប្រមាណ ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​។ ប្រសិនបើ​អ្នក​មិន​បាន​ដេក​គ្រប់គ្រាន់​ទេ វា​អាច​ប៉ះពាល់​ទំនាក់ទំនង ការធ្វើការងារ និ​អាច​ពន្យា​ពេល​ដល់​ការ​ជាសះស្បើយ​ពី​ជំងឺ​ផង​ដែរ​។​

៨. ឈប់​ជក់បារី​
 អត្ថប្រយោជន៍​ចំពោះ​សុខភាព​ពី​ការឈប់​ជក់​បារី​គឺ​កើត​មាន​ភ្លាមៗ​តែម្តង​។ រយៈពេល ២០​ម៉ោង​ក្រោយ​ពី​ឈប់​ជក់បារី សម្ពាធ​ឈាម និង​ជីពចរ​របស់​អ្នក​វិល​មក​រក​ធម្មតា​វិញ​។ រយៈពេល ២៤​ម៉ោង​ក្រោយ សួត​របស់​អ្នក​ចាប់ផ្តើម​ស្អាត​ល្អ​ឡើង​វិញ​។ រយៈពេល ៣​ថ្ងៃក្រោយ អ្នក​អាច​ដកដង្ហើម​បាន​កាន់តែ​ស្រួល និង​មាន​អារម្មណ៍​ថា​មាន​កម្លាំង​ជាង​មុន​។ ចូរ​រក្សា​ធ្វើ​វា​រហូត និង​ធ្វើ​អោយបាន​ច្រើន​ឆ្នាំ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជិវិត​របស់​អ្នក​។ ការស្រាវជ្រាវ​បង្ហាញអោយឃើញថា បុរស​ដែល​ឈប់​ជក់បារី​នៅ​អាយុ ៣០​ឆ្នាំ អាច​កើន​អាយុ​បាន ១០​ឆ្នាំ​ទៀត​។​

៩.​ធ្វើតេស្ត​មើល​សុខភាព​ផ្លូវភេទ​
 មនុស្ស​ជាច្រើន​មិន​បាន​កត់សម្គាល់​ឃើញ​មាន​រោគសញ្ញា​អ្វី​ទេ​នៅ​ពេល​ពួកគេ មាន​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ដូចជា Chlamydia ឬ​ជំងឺ​ប្រមេះទឹកបាយ​រួច​។ ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ ជំងឺ Chlamydia អាច​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​របស់​មនុស្ស​ស្រី​។ អ្នក​មិន​អាច​ប្រាប់​ដោយ​គ្រាន់​តែ​មើល​ពី​សម្បក​ក្រៅ​នោះ​ទេ ដូច្នេះ​វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ទៅ​ទទួល​ការពិនិត្យ​ប្រសិនបើ អ្នក​ធ្លាប់​រួមភេទ​ដោយ​មិន​បាន​ការពារ​។ ការទទួលបាន​នូវ​ការ​ធ្វើ​តេស្ត និង​ព្យាបាល​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​គឺ​វា​ងាយស្រួល​ជាង​អ្នក​គិត​ទៅ​ទៀត ហើយ​ភាគច្រើន​អាច​ព្យាបាល​អោយ​ជាសះស្បើយ​បាន​។​

១០.​ពិនិត្យ​រកមើល​ដុំ​សាច់​អ្វីមួយ​
ជំងឺមហារីក​តែងតែ​ប៉ះពាល់​ទៅលើ​មនុស្ស​វ័យចាស់ ប៉ុន្តែ​វា​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់​។ ការស្វែងរក​ជំងឺ​ឃើញ​ជំងឺមហារីក​ទាន់ពេល​មានន័យ​ថា ការព្យាបាល​ទំនងជា​ទទួលបាន​នូវ​ជោគជ័យ​ច្រើន​។ ពេលខ្លះ ការ​សម្គាល់​ឃើញ​នូវ​ការប្រែប្រួល​តិចតួច ដូចជា​មាន​ដុំ​អ្វីមួយ ការប្រែប្រួល​ទៅ​លើ​ប្រជ្រុយ ឬ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​ហេតុផល អាច​ធ្វើអោយ​មាន​ភាពខុស​គ្នា​ដ៏​ធំ​មួយ​ទៅ​លើ​សុខភាព​របស់​អ្នក​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។