ធនាគារជាតិ​ដាក់​បំរាម​ទទួលយក​អត្តសញ្ញាណប័ណ្ណ​ ឬ​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​សម្រាប់​ការ​ធានា​ខ្ចីប្រាក់​

​កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​ដែល​មាន​ឯកឧត្តម​ ជា​ ចាន់​តូ​ ជា​ទេសាភិបាល​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ការ​ហាមឃាត់​ទទួលយក​អត្តសញ្ញាណប័ណ្ណ​ ឬ​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​សម្រាប់​ការ​ធានា​លើ​ការ​ផ្តល់​ឥណទាន​ ដោយ​ធនា​ជាតិ​នៃ​កម្ពុជា​បញ្ជាក់​ថា​ ការ​ទទួលយក​អត្តសញ្ញាណប័ណ្ណ​ ឬ​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​ជា​ប្រភេទ​លិខិតយថាភូត​ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ សម្រាប់​បញ្ជាក់​អត្ត​ស​ញ្ណា​ណ​បុគ្គល​ និង​សម្រាប់​ស្ថិតិ​ប្រជាពលរដ្ឋ​នោះ​ ធ្វើ​ជា​វត្ថុ​ធានា​ក្នុង​ការ​ផ្តល់​ឥណទាន​ គឺជា​ការ​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​ក្រមរដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ ហើយ​អត្ត​ស​ញ្ណា​ណ​ប័ណ្ណ​ ឬ​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​មិន​មាន​តម្លៃ​សេដ្ឋកិច្ច​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​ឡើយ​ ។​

​សេចក្តីជូនដំណឹង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​លេខ​ធ​៧.០១៦.២១០.​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ គិ​ម​ រ៉ា​ដា​ អគ្គនាយក​ត្រួតពិនិត្យ​ក្នុង​នាម​តាម​បញ្ជា​ "​ត​.​ប​"​ ឯកឧត្តម​ទេសាភិបាល​ បាន​បញ្ជាក់​សង្កត់ធ្ងន់​ទៀត​ថា​ "​ដូច្នេះ​គ្រប់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់​ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ទទួលយក​នូវ​អត្តសញ្ញាណប័ណ្ណ​ ឬ​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​សម្រាប់​ជា​វត្ថុ​ធានា​លើ​ការ​ផ្តល់​ឥណទាន​ ។​ ក្នុង​ករណី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ណា​មិន​អនុវត្ត​តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ គ្រឹះស្ថាន​នឹង​ត្រូវ​រង​ការ​ពិន័យ​តាម​ច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ។​ "​ ៕​

ធនាគារជាតិ​ដាក់​បំរាម​ទទួលយក​អត្តសញ្ញាណប័ណ្ណ​ ឬ​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​សម្រាប់​ការ​ធានា​ខ្ចីប្រាក់​

Related