យុវជន​ CPP និង​យុវជន​បក្ស​កុម្មុយនិស្ត​ចិន នឹង​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន

យុវជន​ CPP និង​យុវជន​បក្ស​កុម្មុយនិស្ត​ចិន នឹង​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន



ភ្នំពេញ​ ៖​ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​១១ ថ្ងៃ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដោយ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​២៣ ខែ​មីនា ឆ្នាំ​២០១៦ ដឹកនាំ​ដោយ​លោក កែ ប៊ុន​ខៀង និង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ហើយ​ក្រៅពី​ចុះ​អនុស្សរណៈ​ជាមួយគ្នា គណៈប្រតិភូ​យុវជន​គណបក្ស​នៃ​ប្រទេស​ទាំង​២ នឹង​ចូលរួម​ក្នុង​ពិធី​ដាំ​ដើមឈើ ដើម្បី​បញ្ជាក់​ពី​សក្ខីភាព នៃ​ការ​រឹត​ចំណង​សាមគ្គីភាព មិត្តភាព​ផងដែរ។

លោក​កែ ប៊ុន​ខៀង សមាជិក​គណៈកម្មាធិការ​​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល និង​ជា​អនុប្រធាន​គណៈ​ឃោសនាអប់រំ​គណៈកម្មាធិការ​កណ្តាល បាន​មានប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​មុន​ពេល​ឡើង​យន្តហោះ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ថា គណៈ​ប្រតិភូ​នេះ ​ជា​ប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ភាគច្រើន​ជា​យុវជន ដឹកនាំ​ដោយ​រូបលោក និង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ហើយ​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា គឺ​ដើម្បី​រឹត​ចំណង​សាមគ្គីភាព​រវាង​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនិស្ត​ចិន និង​ចំណងទាក់ទង​គ្នា​រវាង​យុវជន​កម្ពុជា និង​យុវជន​ចិន។

លោក កែ ប៊ុន​ខៀង បញ្ជាក់ថា គោលបំណង​ទី​១, គឺ​ដើម្បី​ចុះ​អនុស្សរណៈ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​រវាង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ចិន ទី​២, យើង​នឹង​សិក្សា​លើ​ប្រធានបទ​មួយ​ចំនួន​ដូចជា បច្ចេកវិជ្ជា​ព័ត៌មាន និង​សហគ្រិនភាព ដោយ​ចង់​ឲ្យ​យុវជន​យើង​ស្វែងយល់​កាន់តែ​ជ្រៅ​ថែមទៀត​ពី​បច្ចេកវិជ្ជា​ព័ត៌មាន និង​ធ្វើ​ឲ្យ​ការ​យល់ដឹង​នេះ​រួមចំណែក​ក្នុងការ​បង្កើត​សុខដុម​នីយកម្ម និង​ស្ថិរភាព​នៅក្នុង​ចំណោម​យុវជន​យើង ព្រមទាំង​បង្កើត​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែមទៀត សម្រាប់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម ទី​៣, នឹង​ស្វែងយល់​ពី​ការអប់រំ​យុវជន​របស់​បក្ស​កុម្មុយនិស្ត​ចិន ​តាំងពី​នៅ​ទីក្រុង​រហូត​ជនបទ ទី​៤, យើង​ស្វែងយល់​ពី​បទ​ពិសោធន៍​នៃ​ការដឹកនាំ ព្រមទាំង​រចនាសម្ព័ន្ធ​របស់​យុវជន​បក្ស​កុម្មុយនិស្ត​ចិន តាំងពី​ថ្នាក់​កណ្តាល​រហូត​ដល់​ទី​ជនបទ។

តាម​លោក កែ ប៊ុន​ខៀង ឲ្យ​ដឹង​ដែរ​ថា នេះ​ជា​អនុស្សរណៈ​លើកដំបូង​ហើយ ដែល​ត្រូវ​ចុះហត្ថលេខា ហើយ​កាលពី​ដំណើរ​ទស្សនកិច្ច​នា​ឆ្នាំមុន គណៈប្រតិភូ​ដដែល​នេះ បាន​សំណូមពរ​ជាមួយ​យុវជន​បក្ស​កុម្មុយនិស្ត​ចិន​ថា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងពីរ ហើយ​មួយឆ្នាំ​កន្លងទៅនេះ ក្រោយពី​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា បាន​កំណត់​ថា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ៕

យុវជន​ CPP និង​យុវជន​បក្ស​កុម្មុយនិស្ត​ចិន នឹង​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន

យុវជន​ CPP និង​យុវជន​បក្ស​កុម្មុយនិស្ត​ចិន នឹង​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន